រាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងសម្រេចផ្អាកដំណើរការជាបណ្តោះអាសន្នមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូឬស្សី សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអាជីវករ និងអតិថិជនទាំងអស់ ដែលចេញចូលមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូឬស្សីឲ្យបានជ្រាប់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានបងប្អូនអាជីវករ និងកម្លាំងសន្តិសុខផ្សារមួយចំនួនបានឆ្លងវីរ៉ុសកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ឆ្នាំ២០២១ ដែលស្ថានភាពនេះបានរីករាលដាលជាបន្តបន្ទាប់ ច្រើនតូប និងមានទីតាំងខុសៗគ្នាក្នុងបរិវេណផ្សារគួរឲ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ជាបន្ទាន់ ។
ចំពោះមុខ រដ្ឋបាលសាលារាជធានីភ្នំពេញ សូមផ្អាកដំណើរការជាបណ្តោះអាសន្នមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូឬស្សី រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលវីរ៉ុសកូវីដ-១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញចូលផ្សារនេះ។
ក្នុងអំឡុងពេលនៃការផ្អាកដំណើរការជាបណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ ធានារ៉ាប់រងលើការងារសន្តិសុខ និងសុវត្ថិភាព ចំពោះសម្ភារៈ និងឥវ៉ាន់គ្រប់ប្រភេទរបស់បងប្អូនអាជីវករ ដែលបានរក្សាទុកក្នុងតូបនីមួយៗមិនឲ្យមានការបាត់បង់ និងមិនតម្រូវឲ្យមានការបង់ថ្លៃសេវាទៅឲ្យភាគីពាក់ព័ន្ធណាមួយឡើង ។ ដោយឡែកចំពោះផលិតផលដែលអាចខូចគុណភាព ដូចជា បន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត ។ល។ សូមបងប្អូនអាជីវករមេត្តាទំនាក់ទំនងជាមួយគណៈកម្មការផ្សារ ដើម្បីយកទៅរក្សាទុក្ខដោយខ្លួនឯង ជៀសវាងការខូចខាតជាយថាហេតុ ។ ដោយ៖លីណា