ព្រះសិរព្រះនារាយណ៍ មួយបំណែកខាងស្តាំ ត្រូវបានក្រុមការងារជួសជុលប្រាសាទត្រពាំងផុង ប្រទះឃើញនៅខាងក្នុងតួប៉ម កណ្តាលនៃប្រាសាទនេះ។
បំណែក ព្រះសិរធ្វើពីថ្មភក់ ដែលមានកម្ពស់៣៨ស.ម ទទឹង២០ស.ម និងកម្រាស់១៨ស.មនេះ មានព្រះភក្ត្រមួយចំហៀងខាងស្តាំ ដែលនៅលើព្រះភក្ត្រនោះ មានសល់ទ្រនុងចិញ្ចើម ព្រះនេត្រ ចុងច្រមុះ បបូរមាត់បន្តិច និងស្លឹកត្រចៀកមួយចំហៀង។ រីឯនៅផ្នែកខាងលើ មានម្កុដរាងស៊ីឡាំងដែលគ្របត្រឹមថ្ងាសទៅតាមជើងសក់នៅជុំវិញពីផ្នែកខាងមុខដល់ខាងក្រោយ។
លោក ឈូក សុម៉ាឡា មន្ត្រីក្រុមចុះបញ្ជីវត្ថុសិល្បៈនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអជ្ញាធរជាតិអប្សរាបានឱ្យដឹងថា បំណែកព្រះសិរនៃបដិមានេះនៅសល់ផ្នែកខ្លះដែលអាចឱ្យយើងធ្វើការកំណត់សម្គាល់បានថាជាព្រះសិររបស់បដិមាព្រះនារាយណ៍ ពោលគឺពុំមែនជាព្រះសិវៈ រឺព្រះហរិហរៈឡើយ។
លោកបានបន្ថែមទៀតថា បើតាមលោកយល់ បដិមានេះទំនងជាស្ថិតក្នុងរចនាបថគូលែន ដោយព្រះភក្ត្រនៃបដិមារាងធំខ្លី ចិញ្ចើមដាច់មិនជាប់គ្នាទេ រីឯលក្ខណៈសម្គាល់ពិសេសជាងនេះទៅទៀតគឺ ម្កុដរាងជាស៊ីឡាំងខ្ពស់ទៅលើ ដែលនេះហើយជាលក្ខណៈនៃបដិមាសាស្ត្រក្នុងរចនាបថគូលែន។
ម្យ៉ាងវិញទៀត បើយើងគិតទៅលើសំណង់ប្រាសាទត្រពាំងផុងនោះទៀតសោត ក៏មានអ្នកស្រាវជ្រាវបានអះអាងរួចមកហើយថា ប្រាសាទនេះគឺមានរចនាបថគូលែន ដែលសង់ឡើងនៅពាក់កណ្តាលសតវត្សទី៩ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៣ (៨៥០?-៨៧៧) ដែលត្រូវជាបុត្ររបស់មហាក្សត្រដ៏ល្បីមួយអង្គគឺព្រះបាទ ជ័យវ្ម័នទី២ (៨០២-៨៥០?)។ បើដូច្នេះមែន នោះគឺគ្មានអ្វីចម្លែកទេ ពោលគឺបំណែកបដិមាដែលបានរកឃើញនេះ គឺប្រហែលជាបដិមាដើម ដែលបានសាងសង់ក្នុងពេលដំណាលគ្នាជាមួយប្រាសាទត្រពាំងផុងនោះតែម្តង មានន័យថាពុំមែនជាបដិមាដែលយកមកតម្កល់នាសម័យក្រោយៗមកទៀតនោះទេ។
ក្រោយពីធ្វើកំណត់ហេតុប្រគល់ទទួលបំណែកចម្លាក់ខាងលើ ដោយមានស្ថាបន័នគរបាលការពារបេតិកភណ្ឌ ព្រមទាំងភ្នាក់ងារទេសចរណ៍រួចមក បំណែកចម្លាក់នោះបានដឹកយកទៅរក្សាទុកជាបណ្តោះអាសន្តនៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ដើម្បីធ្វើការចុះបញ្ជីទុកជាឯកសារផង និងបន្តស្វែងរក៕ ប្រភពTVK