សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានថ្លែងថា សម្ដេចចង់ឃើញអ្នកបន្តវេន រក្សានូវសន្តិភាព និងស្ថិរភាពខាងនយោបាយ និងសម្រេចបាននូវការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិតតួច។
ថ្លែងក្នុងសន្នសីទសារព័ត៌មាន បន្ទាប់ពីបញ្ចប់សម័យប្រជុំលើកទី១ នីតិកាលទី៧ នៃរដ្ឋសភា នាព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្ដេចចង់ឃើញពីរចំណុចសំខាន់ ដែលអ្នកបន្តវេនត្រូវបន្សល់ទុកសម្រាប់អ្នកជំនាន់ក្រោយៗទៀត នោះគឺទីមួយៈ គឺចង់ឃើញអ្នកបន្តវេនជំនាន់ក្រោយ បន្តរក្សានូវសន្តិភាព និងស្ថិរភាពខាងនយោបាយឱ្យបានតទៅទៀត ដែលនេះជាចំណុចទីមួយជាមូលដ្ឋានគ្រឹះ។ ឯចំណុចទីពីរៈ ដែលសម្ដេចតេជោចង់ឃើញនោះ គឺសម្រចឱ្យបាននូវការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិតតួច ឱ្យក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់តាមការគ្រោងទុក ហើយនឹងឈានទៅដល់ប្រទេសដែលមានប្រាក់ចំណូលខ្ពស់តែម្ដង។ សម្ដេចតេជោលើកឡើងថា អត្រានៃភាពក្រីក្រ បើវាមិនដល់កម្រិតសូន្យទេ ក៏ឱ្យមកទាបបំផុត ដែលនេះជាអ្វីដែលសម្ដេចតេជោចង់ឃើញថា ជំនាន់នេះពួកគេនឹងខិតខំធ្វើកិចការងារពីរនេះ។ សម្ដេចតេជោបានបញ្ជាក់ឡើងវិញថា៖ «យើងទុកមរតកឱ្យគេអំពីសន្តិភាព និងស្ថេរភាពនយោបាយ យើងក៏ចង់ឱ្យពួកគេបន្តរក្សានូវសន្តិភាព ស្ថិរភាពនយោបាយជាបន្តទៀត។ ឯមួយទៀតគឺចង់ឱ្យពួកគេសម្រេចឱ្យបាននូវការចាកចេញ ពីប្រទេសដែលមានការអភិវឌ្ឍតិចតួច និងក្លាយទៅជាប្រទេសដែលមានការអភិវឌ្ឍ នោះហើយជាមរតកដែលយើងចង់បាន។ បន្ថែមលើនោះ យើងក៏ចង់ឃើញនូវអ្វីៗដែលកើតឡើងបន្ថែមទៀតលើសមិទ្ធផលចាស់ ដែលយើងបានបង្កើតនៅទីនេះ រាប់ទាំងការប្រែប្រួលអំពីស្ថានភាពទាក់ទិនជាមួយនឹងបរិយាកាសសង្គមរបស់យើងផងដែរ ដូចជា កម្រិតអប់រំប្រជាជនត្រូវមានកម្រិតខ្ពស់ឡើង អភិបាលកិច្ច ការប្រឆាំងអំពើពុករលួយ និងភាពអសកម្មនានានៅក្នុងសង្គម ត្រូវតែបានលុបបំបាត់ ភាពស្អាតស្អំមួយនឹងអ្វីបានកើត។ នោះហើយជាអម្រែកដ៏លំបាករបស់អ្នកបន្តវេន ដែលមិនមែនជារឿងសាមញ្ញនោះទេ។»
សម្ដេចតេជាបានគូសបញ្ជាក់ថា ព្រះករុណាព្រះបរមរតនកោដ្ឋ បានទុកឱ្យយើងនូវឯករាជ្យពីបារាំង យើងបានទុកឱ្យអ្នកជំនាន់ក្រោយនូវ សន្តិភាព និងស្ថិរភាពនយោបាយ តែយើងក៏ចង់ឱ្យអ្នកជំនាន់ក្រោយរក្សាទុក ឱ្យអ្នកជំនាន់ក្រោយទៅទៀតផងដែរ នូវអ្វីដែលសម្ដេចបានលើកឡើង។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មានជំនឿទុកចិត្តថា ពួកអ្នកបន្តវេន នឹងមានភាពរហ័សរហួនធ្វើសកម្មភាព ឆ្ពោះទៅរកគោលដៅដែលយើងចង់ទៅ នោះគឺឆ្នាំ២០៣០ ត្រូវធ្វើឱ្យកម្ពុជាក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ហើយឆ្នាំ២០៥០ គឺកម្ពុជានឹងក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់តែម្ដង។ ដូច្នេះ អម្រែកដែលពួកអ្នកបន្តវេនត្រូវរែក គឺធ្ងន់ណាស់ មានកិច្ចការងារមួយចំនួនដែលពួកគេត្រូវធ្វើកំណែទម្រង់ ពាក់ព័ន្ធជាមួយនឹងបញ្ហាអភិបាលកិច្ច និងការងារដទៃទៀតដែលមានក្នុងរបៀបវារៈរបស់ពួកគេ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវចំពោះប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បន្តការគាំទ្រចំពោះរាជរដ្ឋាភិបាលអាណត្តិថ្មី ក៏ដូចជាគ្រប់ផ្នែក គ្រប់ថ្នាក់ រួមចំណែកដើម្បីធ្វើឱ្យការងារមានការជឿនលឿនទៅមុខ៕