ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សំឡេងនៃការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា បង្ហាញថា ប្រជាពលរដ្ឋមានភាពកក់ក្តៅ និងជឿជាក់លើគោលនយោបាយរបស់រដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជន ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច សង្គម ការពារសុខសន្តិភាព ស្ថិរភាពសង្គម និងការពារសមិទ្ធផលនានារបស់កម្ពុជា ។
ក្នុងពិធីចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី នយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨,០០០នាក់ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងនូវអរគុណផងដែរជូនដល់បងប្អូន ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតកាលពីពេលកន្លងទៅនេះ ដែលផ្តល់ឱកាសឱ្យគណបក្សប្រជាជនកម្ពុជាបានឈ្នះឆ្នោត ដើម្បីបន្តអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល របស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំរាជរដ្ឋាភិបាលបង្កើតផលប្រយោជន៍បន្ថែមទៀតជូនប្រជាពលរដ្ឋ។
ឯកឧត្តម ហ៊ុន ម៉ាណែត បានបន្តថា រាជរដ្ឋាភិបាលគឺជាយន្តការ ហើយយន្តការគឺជាមធ្យោបាយ អ្វីដែលសំខាន់ជាខួរក្បាលគឺគណបក្សនីមួយៗ។ ចំពោះគណបក្សប្រជាជនគឺមានគោលនយោបាយរបស់ខ្លួន ដែលជួយពង្រឹងគ្រប់វិស័យហើយគោលនយោបាយនេះគឺជាអ្វីដែលបានសន្យាជាមួយអ្នកបោះឆ្នោត និងដាក់ចេញជាសកម្មភាពសម្រាប់បម្រើប្រជាពលរដ្ឋ។
ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានអរគុណដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកន្លងទៅ ដោយភាពស្មោះត្រង់និងដោយប្រសិទ្ធភាព ដើម្បីបម្រើប្រជាពលរដ្ឋ ព្រោះប្រសិនបើមានតែគោលនយោបាយ អ្នកប្រតិបត្តិករគ្មានសមត្ថភាព គ្មានការស្មោះត្រង់ នោះក្នុងការអនុត្តន៍ក៏មិនបានទទួលលទ្ធផលដែរ។
សំឡេង « នៅពេលដែលយើងជាប់ឆ្នោតប្រជាពលរដ្ឋបោះឆ្នោតគាំទ្រ គឺយើងនឹងយកគោលនយោបាយនេះដើម្បីដាក់ចេញជាសកម្មភាពសម្រាប់បម្រើប្រជាពលរដ្ឋ អ៊ីចឹងបានន័យថា សំឡេងនៃការបោះឆ្នោតគាំទ្រភ្លុកទឹក ភ្លុកដី យើងមាន៨៤.៥៩ភាគរយ នៃប្រជាពលរដ្ឋទៅបោះឆ្នោត ជាង៨លាន២សែននាក់ ក្នុងនោះ៨២.០៣ភាគរយ បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា បានបង្ហាញថា ប្រជាពលរដ្ឋមានភាពកក់ក្តៅ និងជឿជាក់លើគោលនយោបាយរបស់រដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដើម្បីផ្ដល់ឱកាសបន្តអនុវត្តគោលនយោបាយនេះ បម្រើប្រជាពលរដ្ឋតទៅទៀត »៕ ប្រភព៖ក្រសួងព័ត៏មាន