ឯកឧត្តមកិត្ដិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសថា រាជរដ្ឋាភិបាលបានត្រៀមថវិកាចំនួន ១០០ លានដុល្លារអាម៉េរិក ដើម្បីជួយលើកកម្ពស់វិស័យកសិផលរបស់ប្រជាកសិករនៅក្នុងប្រទេសកម្ពុជា។ ការប្រកាសរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតនាយករដ្ឋមន្ត្រីបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី តាមរោងចក្រ សហគ្រាសចំនួន ១៨ ០០០ នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៣ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣។
ឯកឧត្តមកិត្ដិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា៖ «យើងមានកម្មវិធីជាក់លាក់ យើងបានត្រៀមថវិកា១០០លានដុល្លារអាម៉េរិក ដើម្បីអន្តរាគមន៍កសិផល ផលិតផលកសិកម្មដូចជាស្រូវ អង្ករ និងបន្លែផ្សេងៗ»។ ឯកឧត្តមកិត្ដិទេសាភិបាលបណ្ឌិតបានថ្លែងថា កសិផលមានការឡើងចុះក្នុងឆ្នាំនេះ ប៉ុន្តែនៅ ពេលដែលពលរដ្ឋលំបាករាជរដ្ឋាភិបាលនឹងជួយ។ ឯកឧត្ដមនាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា តម្លៃកសិកផលបានផ្អែកលើទីផ្សារពិភពលោក ហើយវាមិនដែលឡើងថ្លៃក្នុងពេលជាមួយគ្នានោះដែរ។ ឯកឧត្តមកិត្ដិទេសាភិបាលបណ្ឌិតបានអះអាងថា ការត្រៀមថវិកានេះដើម្បីជួយទប់នៃការធ្លាក់ថ្លៃកសិផលជូនប្រជាពលរដ្ឋ ហើយនៅពេលកសិផលទទួលបានល្អហើយ រាជរដ្ឋាភិបាលត្រូវរកទីផ្សាជូនពួកគាត់ដើម្បីទទួលបានចំណូល។ «កន្លែងណាដែលលំបាកយើងជួយអន្តរាគមន៍ ដូចជាខ្វះប្រព័ន្ធធា រាស្ត្រជាដើម»។ នេះជាការបញ្ជាក់បន្ថែមរបស់ ឯកឧត្តមកិត្ដិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត។
ជាមួយគ្នានោះដែរឯកឧត្តមកិត្ដិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានឱ្យដឹងទៀតថា ក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល នឹងដាក់ពង្រាយមន្ត្រីកសិកម្ម នៅតាមគ្រប់ឃុំទូទាំងប្រទេស ដែលមានអាទិភាពលើវិស័យកសិកម្មផងដែរ។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតបានគូសបញ្ជាក់ដែរថា៖ «យើងត្រូវដាក់ពង្រាយនៅជនបទ ព្រោះថាប្រជាពលរដ្ឋគាត់មានតម្រូវការ គាត់ត្រូវការអ្នកជួយ អីចឹងបញ្ជូនមន្ត្រីកសិកម្មទៅនៅ ជាមួយគាត់តែម្តង»។
ឯកឧត្តមនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យមានការជ្រើសរើសមន្ត្រីកសិកម្មឱ្យត្រូវជំនាញកសិកម្មដោយកុំឱ្យរើសមន្ត្រីកសិកម្ម តែបានមកជាវិស្វករសំណង់ទៅវិញ។ ទន្ទឹមនេះ ត្រូវយកអាទិភាពទៅលើអ្នកដែលមានមូលដ្ឋានកសិកម្ម ពិសេសនោះនិសិ្សតកសិកម្មមានច្រើនណាស់ ដូច្នេះត្រូវជ្រើសរើសឱ្យត្រូវជំនាញ។ ឯកឧត្តមកិត្ដិទេសាភិបាលបណ្ឌិតក៏បានអះអាងបញ្ជាក់ផងដែរថា ការធ្វើកំណែទម្រង់វិស័យមុខងាសាធារណៈជាការចាំបាច់ណាស់ ដូចជាការរើសមន្ត្រី ការយកចិត្តទុកដាក់លើកទឹកចិត្ត ពិសេសនោះផ្នែករដ្ឋបាល ជាដើម៕ ប្រភពក្រសួងព័ត៏មាន