ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តមកេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ បានចូលរួមជាអធិបតីក្នុងកម្មវិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ក្រោមប្រធានបទ “អ្វីៗដើម្បីប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និងមាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រឹងការអប់រំ” ដែលត្រូវបានរៀបចំឡើងដោយសាលាខេត្តកំពង់ឆ្នាំង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង។ នេះបើយោងតាមផេក ក្រសួងយុត្តិធម៌ ។
កម្មវិធីនេះ ត្រូវបានធ្វើឡើងរួមជាមួយនឹង ការដុតបំផ្លាញគ្រឿងញៀន និងសារធាតុញៀន សរុបប្រមាណជាង ៤.៧៨០ (បួនពាន់ប្រាំពីរយបែតសិប) គីឡូក្រាម ដែលត្រូវបានរឹបអូសតាមអំណាចសាលក្រមស្ថាពរ លើសំណុំរឿងគ្រឿងញៀនស្ថិតក្រោមសមត្ថកិច្ចនៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងចំនួន ៨៧ សំណុំរឿង។
កម្មវិធីនេះ មានការចូលរួមពីឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, ឯកឧត្តម ស្រ៊ន សំរិទ្ធី អភិបាលរងខេត្ត, ឯកឧត្តម សឿ រុន តំណាងក្រុមប្រឹក្សាខេត្ត, ឯកឧត្តម គឹម រ័ត្នណារិន ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង, ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង រួមជាមួយនឹងកងកម្លាំងប្រដាប់អាវុធ, មន្ត្រីរាជការនៃអង្គភាពដែលមានការពាក់ព័ន្ធ ព្រមទាំង សិស្ស និស្សិត ក្រុមយុវជន ស.ស.យ.ក. យុវជនកាយរិទ្ធ និងយុវជនកាកបាទក្រហមផងដែរ៕