រាជធានីភ្នំពេញ៖ ឯកឧត្តម គង់ វិមាន នាយខុទ្ទកាល័យក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍លើកឡើងថា « ក្រសួងសាធារណៈការ និងដឹកជញ្ជូន មិនមានគោលការណ៍ ឬច្បាប់ណា ដែលអនុញ្ញាតអោយប្រើប្រាស់ប្រភេទផ្លាកលេខរថយន្តពិសេសផ្ទាល់ខ្លួនរបៀបនេះទេ»។
ឯកឧត្តម បានបញ្ជាក់ថា « នេះជាផ្លាកលេខក្លែងក្លាយ ដែលអ្នកប្រើប្រាស់ធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថាប័នរដ្ឋ និងគណបក្ស សូមអោយសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ជាបន្ទាន់ » ។ នេះបើយោងតាមផេកផ្លូវការ TVK ។
ពាក់ព័ន្ធនឹងប្រសាសន៍លើកឡើងនេះដែរ ក្រសួងសាធារណៈការនិងដឹកជញ្ជូន បានធ្វើការបង្ហោះស៊ែរឡើងវិញ បង្ហាញពី ផ្លាកសម្គាល់រថយន្ត <ខុសច្បាប់> ផ្ទុយពីស្មារតី អនុក្រឹត្យ លេខ ៧៣ អនក្រ.បក ស្តីពី ការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ ចុះថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៩។
ម្ចាស់រថយន្តដែលមានភិនភាគ ខាងលើ ត្រូវដកផ្លាកលេខនេះចេញជាបន្ទាន់ រួចធ្វើការចុះបញ្ជីបំពាក់ផ្លាកលេខស្របច្បាប់ ឲ្យបានត្រឹមត្រូវ បើមិនដូច្នោះទេ ក្រសួងនិងសមត្ថកិច្ចពាក់ព័ន្ធ នឹងចាត់វិធានការតាមផ្លូវច្បាប់។ អនុក្រឹត្យស្តីពី ការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ ៕