«សម្ដេចធិបតី ហ៊ុន ម៉ាណែត បានក្លាយជាតួអង្គមេដឹកនាំដ៏លេចធ្លោនៅគ្រប់វេទិកា និងគ្រប់កិច្ចប្រជុំកំពូលអាស៊ាន ពីព្រោះ សម្តេច ជានាយករដ្ឋមន្ត្រីវ័យក្មេងជាងគេ ប៉ុន្តែបានបង្ហាញនូវទេពកោសល្យការទូតដ៏ប៉ិនប្រសប់ និងលេចធ្លោ ជាពិសេសក្នុងកិច្ចសន្ទនាជាអន្តរជាតិកម្រិតខ្ពស់ជាមួយមេដឹកនាំក្នុងតំបន់ និងមហាអំណាចលើពិភពលោក ដូចដែលកម្ពុជាធ្លាប់បានធ្វើ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី»។
នេះជាការគូសរំលេចរបស់ ទីស្តីការគណៈរដ្ឋមន្តី ក្នុងសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣។ សេចក្ដីប្រកាសព័ត៌មាននោះ បន្តថា លើវិស័យសេដ្ឋកិច្ចវិញ សម្ដេចធិបតី បានភ្ជាប់ជានិច្ច នូវកិច្ចពិភាក្សាអំពីវិស័យ ដែលមានសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការទាំងទ្វេភាគី និងពហុភាគី នៅគ្រប់ជំនួប។
ថ្នាក់ដឹកនាំទាំងអស់ក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យជាច្រើន មានជាអាទិ៍ វិស័យពាណិជ្ជកម្ម វិនិយោគកសិកម្ម អប់រំ ទេសចរណ៍ វប្បធម៌ ការតភ្ជាប់ខ្សែច្រវាក់ផលិតកម្ម និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន។
ជាក់ស្ដែង សម្ដេចធិបតី បានអញ្ជើញជាសាក្សី ជាមួយ ឯកឧត្តមប្រធានាធិបតី ហ្វីលីពីន ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាសម្រាប់ភាពជាដៃគូ ក្នុងការអភិវឌ្ឍកសិកម្ម និងសហគ្រាសមីក្រូ-ធុនតូចនិងមធ្យម កម្ពុជា-ហ្វីលីពីន និងបានទទួលការឯកភាពគាំទ្រពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃបណ្តាប្រទេសក្នុងតំបន់មួយចំនួន ក្នុងការបង្កើនការនាំចូលទំនិញមួយចំនួនពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសទាំងនោះ ដូចជាប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីននិងម៉ាឡេស៊ី ព្រមទាំងផលិតផលអង្ករជាដើម។
ជារួមក្នុងអំឡុងពេលបំពេញបេសកម្មចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ពីថ្ងៃទី៤ រហូតដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតីបានអញ្ជើញចូលរួមកិច្ចប្រជុំ កិច្ចពិភាក្សាទ្វេភាគី ត្រីភាគី និងកិច្ចសន្ទនាក្រៅផ្លូវការ ចំនួន៣២លើក ជាមួយប្រមុខរដ្ឋប្រមុខរដ្ឋាភិបាល ថ្នាក់ដឹកនាំកំពូលស្ថាប័នតំបន់ និងអន្តរជាតិ មិនតិចជាង២០រូបឡើយ។ ទន្ទឹមគ្នានោះដែរ មានធុរជនអញ្ជើញមកពីប្រទេសក្នុងតំបន់អាស៊ាន និងអន្តរជាតិជាច្រើនរូប ក៏បានបង្ហាញបំណងចង់ជួបសម្តែងការគួរសម ជាមួយសម្ដេចធិបតី ដើម្បីបង្ហាញការគាំទ្រ និងបំណងចង់មកបណ្តាក់ទុកវិនិយោគនៅកម្ពុជាផងដែរ។
ក្នុងឱកាសរួមដំណើរជាមួយ សម្តេចមហាបវរធិបតី អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនោះដែរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ក៏បានអញ្ជើញចូលរួមក្នុងកម្មវិធីសម្រាប់ភរិយាថ្នាក់ដឹកនាំជាន់ខ្ពស់ នៃបណ្ដាប្រទេសអាស៊ាន និងប្រទេសដៃគូអាស៊ានដោយមានវត្តមាន លោកជំទាវ ជាភរិយាថ្នាក់ដឹកនាំជាន់ខ្ពស់សរុបចំនួន១១រូបអញ្ជើញចូលរួមផងដែរ។ កម្មវិធីនេះមានការសម្តែងនិងបង្ហាញអំពីសិល្បៈ វប្បធម៌ចម្រុះ និងមានការដាក់តាំងបង្ហាញនូវផលិតផលក្នុងស្រុកនានា នៃប្រទេសឥណ្ឌូនេស៊ី ដែលជាផ្នែកមួយ នៃការផ្លាស់ប្ដូរផ្នែកវប្បធម៌ ទេសចរណ៍ និងពាណិជ្ជកម្ម៕ប្រភព៖ ក្រសួងព័ត៍មាន AKP