ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានប្តេជ្ញាធ្វើឱ្យវិទ្យុជាតិកម្ពុជា RNK រួមនឹងបណ្តាញព័ត៌មានរបស់ខ្លួនដើរតួនាទីសំខាន់ឡើងវិញដូចកាលពីទសវត្សរ៍ទី៨០ និង៩០ ជាប្រពន្ធ័ផ្សព្វផ្សាយរបស់ជាតិដ៏សំខាន់បំផុត និងត្រូវរួមគ្នាធ្វើឱ្យការផលិតកម្មវិធីព័ត៌មាន និងកម្មវិធីកម្សាន្តផ្សេងៗរបស់វិទ្យុជាតិកាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់ក្នុងការផ្សព្វផ្សាយ ស្របតាមចក្ខុវិស័យរបស់ក្រសួងព័ត៌មានដែលបានដាក់ចុះសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការធ្វើទំនើបកម្មស្ថាប័ន រដ្ឋបាលទំនើប។ ឯកឧត្តមក៏បានផ្តល់អាទិភាពផងដែរលើការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យព័ត៌មានដើម្បីបម្រើការងារ និងការបន្តវេនទៅថ្ងៃអនាគត។
ការបញ្ជាក់បែបនេះរបស់ឯកឧត្តម នេត្រ ភក្រ្តា បានធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងឱកាសឯកឧត្តមបានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំនិងមន្ត្រីនៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ដើម្បីពិនិត្យមើលពីសមិទ្ធផលដែលសម្រេចបានក្នុងរយៈពេលកន្លងមក ក្តាប់ពីបញ្ហាប្រឈមនានា រួមនឹងការស្វែងរកដំណោះស្រាយឆ្លើយតប ព្រមទាំងគិតគូរួមគ្នាពីចក្ខុវិស័យវែងឆ្ងាយ ក្នុងគោលដៅប្រែក្លាយក្រសួងព័ត៌មានឱ្យទៅជាស្ថាប័នទំនាក់ទំនងសាធារណរបស់រាជរដ្ឋាភិបាលដែលសកម្ម បុរេសកម្ម អន្តរសកម្ម ហើយប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។
លោកជំទាវ ឈឹម ពៅសុកាន់ឌី អគ្គនាយិកានៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានបញ្ជាក់ថា អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានពង្រឹងសមត្ថភាពមន្ដ្រី ដើម្បីផ្សាយព័ត៌មានផ្ទាល់តាមរយៈប្រព័ន្ធឌីជីថល លើវេបសាយ ហ្វេសប៊ុក ឆាណែលតេឡេក្រាម YouTube Twitter TikTok និង Instagram របស់ខ្លួន ជាពិសេសមានការឡាយផ្ទាល់នូវព័ត៌មាន សន្ទនាមតិ និងកម្មវិធីសិល្បៈជាដើម ក្នុងបំណងបង្កើនការផ្តល់ព័ត៌មាន ជូនប្រជាពលរដ្ឋអ្នកស្តាប់ និងអ្នកទស្សនា ទាំងផ្សាយជាសំឡេង អត្ថបទ ព្រមទាំងរូបភាព និងសំឡេងឱ្យស្របតាមការរីកចម្រើននៃសម័យបច្ចេកវិទ្យាទំនើប។
អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជានឹងបន្តប្រឹងប្រែងបង្កើនសមត្ថភាពមន្ត្រីបន្ថែមទៀតឱ្យស្របតាមយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ របស់រាជ រដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាពិសេសដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។ លោកជំទាវស្រីអគ្គនាយិកាវិទ្យុជាតិ បានប្តេជ្ញាធ្វើយ៉ាងណាផលិតព័ត៌មានឱ្យកាន់តែសម្បូរបែប តាមទិសស្លោក ប្លែក លឿនរហ័ស ទុកចិត្តបាន ពេលណាក៏បាន ទីណាក៏បានដោយខិតខំប្រឹងប្រែងតាមដានរាល់សភាពការណ៍សំខាន់ៗនានានៅក្នុង និងក្រៅប្រទេស។
រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា បានណែនាំដល់អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ត្រូវរួមគ្នារកព័ត៌មានដែលមានខ្លឹមសារល្អ លឿន និងជឿទុកចិត្តបានដើម្បីទាក់ទាញប្រិយមិត្តអ្នកស្តាប់ និងអ្នកអានរបស់ខ្លួនទាំងលើប្រព័ន្ធរលកធាតុអាកាស និងនៅលើប្រព័ន្ធផ្សព្វផ្សាយទំនើប របស់ខ្លួន។ ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា បានបញ្ជាក់ថា វិទ្យុជាតិកម្ពុជា មានសារៈសំខាន់ត្រូវដើរតួនាទីជាអ្នកផ្សព្វផ្សាយមួយដែលទុកចិត្តបានលឿន រហ័សសម្រាប់ប្រជាពលរដ្ឋ។ ដូច្នេះថ្នាក់ដឹកនាំ មន្រ្តីគ្រប់ជាន់ថ្នាក់ ត្រូវតែខិតខំប្រឹងប្រែងរួមគ្នាធ្វើទំនើបកម្មខ្លួនឯង ធ្វើជាប្រព័ន្ធផ្សព្វផ្សាយទំនើប ដើម្បីឱ្យសាធារណជន បានដឹងពីប្រព្រឹត្តិការណ៍ដែលកំពុងកើតឡើងនៅក្នុងប្រទេស ជាពិសេសសារព័ត៌មានគឺជាអំណាចទី៤ នៅក្នុងប្រទេសកម្ពុជា ដែលមានតួនាទីសំខាន់ណាស់ក្នុងការចូលរួមអភិវឌ្ឍន៍ និងពង្រឹងដំណើរការលទ្ធិប្រជាធិបតេយ្យ។
ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថាអគ្គនាយកដ្ឋានវិទ្យុ ទូរទស្សន៍ និងទីភ្នាក់ងារសារព័ត៌មានកម្ពុជា កាសែត ទស្សនាវដ្តីរួមនឹងគេហទំព័ររបស់ក្រសួងព័ត៌មានគឺជាមានប្រព័ន្ធផ្សព្វផ្សាយសាធារណៈរបស់រដ្ឋដែលយើងទាំងអស់គ្នាត្រូវពួតដៃគ្នាដើម្បីកសាងជំនឿទុកចិត្តក្នុងចំណោមអ្នកស្តាប់ និងអ្នកទស្សនាដោយការកសាងនៅជំនឿទុកចិត្ត ឈរនៅលើមូលដ្ឋានខ្លឹមសារ ល្បឿននៃការបញ្ចេញព័ត៌មានរបស់យើងដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារព័ត៌មានដែរ។ ឆ្លៀតក្នុងឱកាសនេះដែរ រដ្ឋមន្រ្តីក្រសួងព័ត៌មានក៏បានណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តីគ្រប់ជាន់ថ្នាក់របស់វិទ្យុជាតិកម្ពុជា ត្រូវបន្ដខិតខំប្រឹងប្រែងរួមគ្នារកព័ត៌មាន ដែលល្អតម្រូវតាមអ្នកស្ដាប់ អ្នកទស្សនាព្រោះខ្លឹមសារ គឺជាស្ដេចដែលអាចទាក់ទាញយកចិត្តរបស់ប្រជាពលរដ្ឋ អ្នកអាន និងសាធារណជនមកលើសារព័ត៌មានជាតិ៕ ប្រភព៖ ក្រសួងព័ត៍មាន AKP