រសៀលថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំស្តីពី៖ ការពង្រឹងតួនាទីភារកិច្ចរបស់ព្រះមន្ត្រីសង្ឃរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ដោយផ្តោតសំខាន់លើ៖
-ការព្យាយាមរង្ងាប់អធិការណ៍នៅតាមបណ្តារាជធានី/ខេត្ត
-ការពង្រឹងក្រមសីលធម៌ក្នុងការប្រើប្រាស់បណ្តាញសង្គមផ្សេងៗ ឱ្យសាកសមជាភេទបព្វជិតដើម្បីលើកតម្លៃព្រះពុទ្ធសាសនា
-ពង្រឹងវិស័យពុទ្ធិកសិក្សា
-ត្រៀមរៀបចំអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១
បន្ថែមពីនោះ សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត បានក្រើនរំលឹកដល់ព្រះមន្រ្តីសង្ឃរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឱ្យអនុវត្តតាមតួនាទីនិងភារកិច្ចដែលខ្លួនមាន កុំយកតំណែងឬតួនាទីភារកិច្ចយកទៅចងមុងដេកទទឹងផ្លូវគេធ្វើការមិនកើត ហើយបើមន្រ្តីសង្ឃអង្គណាអសមត្ថភាព ស្នើសុំឱ្យលាលែង ៚
ក្នុងកិច្ចប្រជុំនេះ មានសមាសភាពនិមន្តចូលរួមពី៖ សម្តេចព្រះសង្ឃនាយករង សម្តេចព្រះសង្ឃ ព្រះមន្រ្តីសង្ឃលេខាធិការដ្ឋានគណៈសង្ឃនាយក ព្រះមេគណ និងព្រះបាឡាត់គណរាជធានី-ខេត្ត
ប្រភព៖ ទទក ទូរទស្សន៍ជាតិកម្ពុជា