សូមជួយស៊ែរឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិបានដឹង! ព្រឹត្តិការណ៍ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត «សមរាត្រី» នឹងកើតមានឡើងនៅថ្ងៃទី២១-២៣ ខែកញ្ញាខាងមុខនេះ អច្ឆិរយៈដ៏អស្ចារ្យនេះ កើតឡើងក្នុង១ឆ្នាំ មានតែ២ដងប៉ុណ្ណោះ!
ព័ត៌មានជាតិ
334

សមរាត្រីជា​វេលាដែល​ ថ្ងៃនិងយប់​ មានរយៈ​ពេល​ស្ទើរតែ​ស្មើ​គ្នា​។ ក្រៅពីនេះ ខែខ្លះថ្ងៃមានរយៈពេលវែងជាងយប់ ហើយខ្លះទៀត យប់មានរយៈពេលវែងជាងថ្ងៃវិញ។

ករណីពិសេសនៅអង្គរវត្តវិញ នាវេលាថ្ងៃនិងយប់មានរយៈពេលស្មើគ្នានេះ ហៅសមរាត្រីព្រះអាទិត្យនឹងរះទ្បើងចំកំពូល​កណ្តាល​នៃ​អង្គរវត្ត​នាព្រឹកព្រលឹមស្រាងៗ ដែលយើងអាចមើលឃើញពីក្លោងទ្វារកណ្តាលនៃគុកតារាជ (ក្លោងទ្វារធំខាងលិច) នេះជាអច្ឆិរយការណ៍របស់អង្គរវត្ត ដែលបានស្ថាបនាទ្បើងដោយមានការសិក្សាគន់គូរយ៉ាងល្អិតល្អន់របស់អ្នកប្រាជ្ញបណ្ឌិតសម័យអង្គរ រួមផ្សំគ្នា​រវាងទ្រឹស្តីគណិតសាស្រ្ត វិស្វកម្ម និងតារាសាស្រ្ត។

ក្នុងនោះយោងតាមការចេញផ្សាយរបស់ ក្រសួងទេសចរណ៍ បានឲ្យដឹងថា Equinox Angkor Wat ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត ឬសមរាត្រី គឺជាព្រឹត្តិការណ៍មួយដែលកើតឡើងពីរដងក្នុងមួយឆ្នាំ ។ ដោយលើកទី១នៅក្នុងខែមីនា និងលើកទី២នៅខែកញ្ញា។ ព្រឹត្តិការណ៍នេះមានទំនាក់ទំនងជាមួយនិងស្ថាបត្យកម្មរបស់អង្គរវត្តដ៏អស្ចារ្យនៅក្នុងប្រវត្តិសាស្ត្រខ្មែរផងដែរ។

សូមបងប្អូនដែលស្រលាញ់ចូលចិត្តការថតរូបត្រៀម កាម៉េរ៉ា ដើម្បីផ្តិតយករូបភាពដ៏អស្ចារ្យពីព្រឹត្តិការណ៍មួយនេះ ចន្លោះថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ។

ដូច្នេះសាធារណជន ភ្ញៀវជាតិនិងអន្តរជាតិ អាចអញ្ជើញទស្សនាតាមការគួរ ដើម្បី​ស្វែងយល់ពីអច្ឆរិយការណ៍នេះ។ សូមបញ្ជាក់ផងដែរ រៀងរាល់មានព្រឹត្តិការណ៍ សមរាត្រីនេះម្ដងៗ យើងសង្កេត​ឃើញ​មានភ្ញៀវទេសចរ​ជាតិ និងអន្តរជាតិបានចូលរួមរង់ចាំទស្សនា និងផ្ដិតយកនូវរូបភាពដ៏អស្ចារ្យ និងដ៏កម្រនេះនៅខាងមុខ​ប្រាសាទអង្គរវត្ត​យ៉ាងច្រើន​កុះករ​ផងដែរ ៕


Telegram