ឯកឧត្តម គឹម សន្តិភាព ណែនាំដល់មន្ត្រីនៅក្រោមឱវាទនៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ ត្រូវអនុវត្តតួនាទីនិងភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន ប្រកបដោយស្មារតីបុរេសកម្មជានិច្ច
ព័ត៌មានជាតិ
207

ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ណែនាំដល់មន្ត្រីនៅក្រោមឱវាទនៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ ត្រូវអនុវត្តតួនាទីនិងភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនប្រកបដោយស្មារតីបុរេសកម្មជានិច្ច ដើម្បីបំពេញការងារទទួលបានលទ្ធផលល្អ ដោយត្រូវប្រកាន់ភ្ជាប់នូវអភិក្រមការងារ លឿន រហ័ស និងត្រឹមត្រូវ។

ការចង្អុលបង្ហាញបែបនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តម អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងនៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ នៅព្រឹកថ្ងៃចន្ទ ៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។

ឆ្លៀតនាឱកាសនោះ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ក៏បានប្រកាសនូវសេចក្តីសម្រេចរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ស្តីពីការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ពាក់ព័ន្ធនឹងអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងបានស្នើសុំដល់ថ្នាក់ដឹកនាំ ឲ្យអនុវត្តនូវតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់ជានិច្ច៕ ប្រភព៖ ក្រសួងព័ត៍មាន AKP


Telegram