កម្ពុជា-សហរដ្ឋអាមេរិក បង្ហាញការស្និទ្ធស្នាលជាមួយគ្នានិងសម្រេចផ្ដល់ជំនួយ ដល់កម្ពុជា​ក្នុង​ទំ​ហំទឹកប្រាក់ប្រមាណ១៨ លានដុល្លារអាម៉េរិក
ព័ត៌មានជាតិ
256

អនុរដ្ឋមន្ត្រីការបរទេសស្ដីទីអាម៉េរិក ​បា​ន​គូ​​ស​ប​ញ្ជា​ក់ថា សហរដ្ឋអា​មេ​រិ​កស្វាគមន៍ឱកាសដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រ​ទេ​ស​ទាំ​​ង​ពី​រ​ តាមរយៈការធ្វើការជិតស្និទ្ធជាមួយ សម្ដេចធិបតី និងចង់ឃើញ សម្ដេចធិបតី ក៏ដូ​ចប្រ​ទេ​​សក​ម្ពុ​ជា​ទាំងមូល ទទួលបានជោគជ័យ។

ក្នុងជំនួបជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០​២៣ ​​ក្នុ​ងឱ​​កាសសម្ដេច​អញ្ជើ​ញចូ​ល​រួ​ម​កិ​ច្ច​ប្រ​ជុំទូទៅនៃមហាសន្និបាតអង្គ​ការស​ហប្រ​ជាជា​តិ​លើ​​ក​ទី​៧​៨ នៅទីក្រុងញូវយ៉ក នៃស​ហរ​ដ្ឋអា​មេរិក និង​លោកជំ​ទាវ វ៉ិចតូរីយ៉ា នូលែន អនុ​រដ្ឋ​ម​ន្ត្រី​ការបរទេ​សស្ដី​ទីអាម៉េរិក បានគោរពជម្រាបជូន សម្តេចធិបតីថា សហរដ្ឋអាមេ​រិ​កបា​នស​ម្រេ​​​ច​ផ្ដ​ល់​ជូ​ន​ឡើ​​ង​វិញ នូវជំនួយក្នុងទំហំទឹកប្រាក់ប្រមាណ ១៨ លានដុល្លារអាមេរិក តាម​រយៈ​​​ទីភ្នា​ក់​ងា​រ​អា​មេ​រិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ដែលសហរដ្ឋអាមេរិកបានផ្អាក ក្រោ​​យកា​របោះ​ឆ្នោ​តជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

ភាគីទាំងពីរក៏បានពិភាក្សាគ្នាផងដែរ ពាក់ព័ន្ធនឹងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរ​លោ​ក​​ជំ​ទាវ វ៉ិចតូរីយ៉ា នូលែន បានស្នើពន្លឿននីតិវិធីនៃការទទួលយកពលរដ្ឋទាំងនោះ។ ជាការ​កែសម្រួលឆ្លើយតប សម្ដេចធិបតី បានបញ្ជាក់ថា ក្រសួង-ស្ថាប័នពា​ក់ព័​ន្ធរ​បស់កម្ពុ​ជា​នឹ​ង​ពិ​និ​ត្យ​នីតិវិធី ឱ្យដំណើរការដោយរលូន ឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

សម្តេចធិបតី ក៏បានស្នើឱ្យសហរដ្ឋអាមេរិកយកចិត្តទុកដាក់ ជាពិសេស​ចំពោះ​ពល​រដ្ឋ​ខ្មែ​រដែលត្រូវធ្វើមាតុភូមិនិវត្តន៍និងដែលមានបញ្ហាសុខភាព។

លោកជំទាវ វ៉ិចតូរីយ៉ា នូលែន បានបញ្ជាក់ថាបញ្ហាសុខភាព គឺជាអ្វីដែលសហរដ្ឋអាមេរិកបានយកចិត្តទុកដាក់កន្លងមក និង​ប​ន្តយកចិត្តទុកដាក់ ជាពិសេសបន្ថែមទៀត តាមការស្នើរបស់ សម្ដេចធិបតី។ ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សាផងដែរ លើវិស័យដែលប្រទេសទាំងពីរកំពុងយក ចិត្តទុកដាក់៕ ប្រភព៖ ក្រសួងព័ត៍មាន​​ AKP

 


Telegram