សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា រួមជាមួយប្រតិភូអមដំណើរ បានចុះសួរសុខទុក្ខ និងនាំយកអំណោយ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ចែក ជូនដល់ចាស់ជរា ជនពិការ អ្នករស់នៅជាមួយមេរោគអេដស៍ កុមារកំព្រា ស្ត្រីមេម៉ាយ មានកូនច្រើន អ្នកមានជំងឺប្រចាំកាយនិងមានជីវភាពខ្វះខាតនៅស្រុកស្វាជ្រំ និងស្រុក ស្វាយទៀប ខេត្តស្វាយរៀង ចំនួន២៣៦គ្រួសារ នាថ្ងៃសៅរ៍ ៩កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣។
ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្តាំផ្ញើសាកសួរ ទុក្ខពី សំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ច កាល សម្តេចតែងតែគិតគូរជានិច្ច ពីសុខទុក្ខ សុខភាព និងជីវភាពរស់នៅរបស់ បងប្អូន ប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរនោះឡើយ។
ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។សម្តេចក៏បានផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុត ក្នុងការថែរក្សាសុខភាព។ កត្តាដែលសំខាន់នោះ គឺការរស់នៅ ដោយប្រកាន់យកការ រស់នៅ ស្អាត ពិសាទឹកដាំពុះ ហូបស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ។
ជាពិសេស ត្រូវបង្កើនការដាំដុះ និងការចិញ្ចឹមសត្វជាដើម។ ចំណែក អាជ្ញាធរ ត្រូវតែពង្រឹងឱ្យមានប្រសិទ្ធភាពនូវ ភូមិ-ឃុំមានសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។សូមបញ្ជាក់ថា អំណោយដែលបានចែកជូនពលរដ្ឋទាំង ២៣៦គ្រួសារនោះ រួមមាន៖ អង្ករ៣០ គីឡូក្រាម ,មី ១កេស, ត្រីខ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, កន្ទេលជរ័បត់១, ឃីត១កញ្ចប់(មុង សារុង ភួយ និងក្រមា) និងថវិកាចំនួន៥ម៉ឺនរៀល៕ ប្រភព៖ ក្រសួងព័ត៍មាន AKP