សំណង់នៅវត្តភូម៉ានហ្វាខេត្តបុរីរម្យ ដែលមហាជនកំពុងផ្ទុះការវែកញែក ក្រសួងវប្បធម៌យកចិត្ត ទុកដាក់ខ្លាំងលើការសាងសង់នេះ ដោយបានចាត់ក្រុមការងារជំនាញ តាមដានជាប្រចាំចាប់តាំងពីករណីនេះ ផ្ទុះឡើងឆ្នាំ២០២១មកម្ល៉េះ!
ព័ត៌មានជាតិ
162

រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញនូវ សេចក្តីជូនដំណឹង ស្តីពី

ការសាងសង់សំណង់នៅវត្តភូម៉ានហ្វា ខេត្តបុរីរម្យ ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមជម្រាបជូនដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ពាក់ព័ន្ធ ករណីនៃការសាងសង់សំណង់នៅវត្តភូម៉ានហ្វា ក្នុងខេត្តបុរីរម្យ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានយកចិត្ត ទុកដាក់យ៉ាងខ្លាំងលើ សកម្មភាពនៃការសាងសង់នេះ ដោយបានចាត់ក្រុមការងារជំនាញតាមដានជាប្រចាំ តាំងពីដើមរៀងមក ពោលគឺចាប់តាំងពីករណីនេះ បានផ្ទុះឡើងនាអំឡុងឆ្នាំ២០២១មកម្ល៉េះ។

ចំណាត់ការ កន្លងមកដែលក្រសួងបានធ្វើ គឺផ្ដោតលើសកម្មភាពទំនាក់ទំនងការទូត រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងភាគីថៃ (ស្ថានទូតថៃប្រចាំនៅកម្ពុជា និងក្រសួងវប្បធម៌ថៃ) ដោយបានបញ្ចូនអ្នកសិក្សាស្រាវជ្រាវ ដើម្បី ចុះទៅពិនិត្យទីតាំងសាងសង់ផ្ទាល់ ប៉ុន្តែស្ថានភាពនៅពេលដែលអ្នកជំនាញចុះទៅបានពិនិត្យឃើញថា សំណង់នៅមិនទាន់មានការសង់បន្ថែមនៅឡើយ។

ករណីនៃការបញ្ជូនអ្នកជំនាញចុះត្រួតពិនិត្យនិងចរចា គឺយើងមានជំហរច្បាស់លាស់ ក្នុងការ ទប់ស្កាត់នូវរាល់ទង្វើទាំងឡាយណាដែលបានចម្លងអត្តសញ្ញាណជាតិរបស់យើង ដោយផ្អែកទៅលើសកម្ម ភាពការទូត ការងារផ្ទៀងផ្ទាត់បែបបច្ចេកទេស ការងារចុះពិនិត្យទីតាំងផ្ទាល់ និងការងារផ្លូវច្បាប់ជាតិនិង អន្តរជាតិក្នុងករណីដែលត្រូវប្រកាន់យក។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបថា កិច្ចការនេះក្រុមការងារក្រសួង វប្បធម៌និងវិចិត្រសិល្បៈ នៅតែបន្តនីតិវិធីដោះស្រាយតាមជំនាញនិងការទូត។

ឆ្លៀតឱកាសនេះ ក្រសួង វប្បធម៌និងវិចិត្រសិល្បៈក៏សូមថ្លែងអំណរគុណចំពោះទឹកចិត្តស្រឡាញ់ ការគាំទ្រមោះមុតរបស់បងប្អូន និង ការចូលរួមផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយដែលជាជំនួយដ៏សំខាន់សម្រាប់កិច្ចការអភិរក្សបេតិកភណ្ឌដ៏ថ្លៃថ្លា របស់យើង។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន ៕


Telegram