សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ករណីពន្ធដារ គឺមិនទាន់មានការសម្រេចជាផ្លូវការរបស់រាជរដ្ឋាភិបាល ក្នុងការប្រមូលពន្ធចំណេញមូលធន នៅដើមឆ្នាំ២០២៤ទេ ហើយរាជរដ្ឋាភិបាលថ្មីក៏មិនមានបង្កើតពន្ធថ្មីណាមួយ ដើម្បីដាក់បន្ទុកលើប្រជាពលរដ្ឋនោះដែរ។
ក្នុងសារជាសម្លេងជិត៥នាទី នៅព្រលប់ថ្ងៃទី២៧ខែកញ្ញា ឆ្នាំ២០២៣នេះ សម្ដេចធិបតី បានថ្លែងថា ចាប់តាំងពីរាជរដ្ឋាភិបាលបង្កើតមកដល់ម៉ោងនេះ មិនមានការបង្កើតពន្ធបន្ថែមសម្រាប់ដាក់បន្ទុកទៅលើប្រជាពលរដ្ឋឬអាជីវករនោះទេ ហើយចំពោះការគិតគូររឿងនេះ រាជរដ្ឋាភិបាលគ្រោងនឹងធ្វើសម្រាប់ដាក់ចេញជាកញ្ចប់វិធានការអន្តរាគមន៍នៅខែ១១ក្នុងវេទិការាជរដ្ឋាភិបាលនិងវិស័យឯកជន ដើម្បីពិចារណាទៅលើក្របខ័ណ្ឌនៃពន្ធដែលមានស្រាប់តែប៉ុណ្ណោះ។
ការថ្លែងសារបញ្ជាក់នេះបន្ទាប់ពី មានព័ត៌មានរំជើបរំជួលពាក់ព័ន្ធបទសម្ភាសន៍របស់ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារក្នុងពេលកន្លងមក ពាក់ព័ន្ធការប្រមូលពន្ធចំណេញមូលធនដែលគ្រោងនឹងអនុវត្តនៅដើមឆ្នាំ២០២៤ខាងមុខ។
សូមរម្លឹកថា ថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងក្រុមការងារ ពិគ្រោះយោបល់ជាបន្តបន្ទាប់ជាមួយភាគីពាក់ព័ន្ធដើម្បីស្តាប់សំណូមពរផ្សេងៗពីវិស័យឯកជនសម្រាប់យកមកពិចារណាហើយរៀបចំជាកញ្ចប់វិធានការជួយទៅដល់វិស័យឯកជនដូចជា ការលើកទឹកចិត្តផ្សេងៗ ដែលក្នុងនោះក៏មានការជជែកគ្នាអំពីបញ្ហាពន្ធអាករ បញ្ហាលើកទឹកចិត្តផ្សេងៗផងដែរដែលគ្រោងប្រកាសពេលសម្ដេចធិបតីជួបវិស័យឯកជននៅខែ១១ខាងមុខនេះ។
ក្នុងន័យនេះ ប្រមុខរាជរដ្ឋាភិបាល សូមជម្រាបដល់សាធារណៈជនថា មិនទាន់មានការសម្រេចជាផ្លូវការណាមួយពាក់ព័ន្ធករណីប្រមូលពន្ធចំណេញមូលធន នៅដើមឆ្នាំ២០២៤ឡើយ៕ ប្រភព៖ ក្រសួងព័ត៍មាន AKP