ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ធ
ព័ត៌មានជាតិ
322

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងអាជ្ញាធរក្រុងព្រះសីហនុ បានអញ្ជើញសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចែកជូនប្រជាពលរដ្ឋរស់នៅ អំឡុងពេលបិទខ្ទប់ការឆ្លងរាលដាលជំងឺកូវីដ-១៩ មានគ្រួសារចំនួន៣៧៥ គ្រួសារស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលកំពុងធ្វើចត្តាឡីស័ក ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងតំបន់មួយចំនួនក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ពីធីចែកស្បៀងអាហារជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធនៅក្នុងបរិវេណអនុវិទ្យាល័យសម្តេចឳ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន មានប្រសាសន៍ថា ក្នុងនាមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងតាងនាមឱ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូរអំពីសុខទុក្ខ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋកំពុងធ្វើចក្តាឡីស័កនៅតាមផ្ទះ ដើម្បីចូលរួមជាមួយរដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងបង្ការ ទប់ស្កាតការឆ្លងជំងឺកូវីដ-១៩ ដែលបាននឹងកំពុងកើតមាននៅតាមសហគមន៍មួយចំនួនក្នុងខេត្តរបស់យើង ម្យ៉ាងទៀតការងារនេះត្រូវមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ដើម្បីកាត់ផ្តាច់ប្រភពចម្លងទៅលើបុគ្គលផ្សេងទៀតបាន ។

ទន្ទឹមនោះផងដែរឯកឧត្ដមប្រធានសាខាកាកបាទក្រហមខេត្តព្រះសីហនុ ក៏បានធ្វើការផ្តាំផ្ញើជូនចំពោះប្រជាពលរដ្ឋដែលធ្វើចត្តាឡីស័កទាំងអស់ ត្រូវគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល និងការណែនាំ ៣.ការពារ និង ៣.កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីខ្លួនយើង ក្រុមគ្រួសារយើង និងសង្គមជាតិយើងជៀសផុតពីជំងឺកូវីដ-១៩នៅពេលខាងមុខ ។

សូមបញ្ជាក់ថា អំណោយដែលចែកជូនប្រជាពលរដ្ឋធ្វើចក្តាឡីស័ក ក្នុងសង្កាត់លេខ៣ មានចំនួន ៣៧៥ គ្រួសារក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម ទឹកត្រី ១យួ ត្រីខ ១យួ មី ១កេស និងទឹកបរិសុទ្ធ ១កេសធំ៕


Telegram