រាជធានីភ្នំពេញ ៖ យោងតាមការចេញផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសម្តែងនូវការសោកស្តាយជាពន់ពេក ចំពោះការបាត់បង់ជីវិតនិស្សិតខ្មែរមួយរូប និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារសពជនរងគ្រោះ និងបានប្រកាសថា នឹងធ្វើការសម្របសម្រួលយកសពនិស្សិតមកពីអ៊ីស្រាអែលដើម្បីធ្វើបុណ្យ ហើយកិច្ចការនេះជាបន្ទុករបស់រាជរដ្ឋាភិបាល។
តាមរយៈសារជាសំឡេងនៅព្រឹកថ្ងៃទី០៨តុលានេះ សម្ដេចធិបតី បានសំដែងការសោកស្ដាយជាពន់ពេកជាមួយគ្រួសារនិស្សិត ពោះការ បាត់បង់នូវកូន នូវបងប្អូន នូវចៅជាទីស្រឡាញ់នេះ។
សម្ដេចធិបតី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល នឹងខិតខំធ្វើយ៉ាងណាសម្របសម្រួលជាមួយអាជ្ញាធរអ៊ីស្រាអែលដើម្បីមាតុភូមិនិវត្តន៍ សាកសពនិស្សិតមកកាន់ប្រទេសកម្ពុជាយកមករៀបចំធ្វើបុណ្យតាមប្រពៃណី ហើយការងារចាត់ចែងការវិលត្រឡប់និងធ្វើបុណ្យសពនេះគឺជាបន្ទុករបស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា និស្សិតខ្មែរម្នាក់ (ក្នុងចំណោមពលរដ្ឋខ្មែរចំនួន ៤៥០នាក់ កំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែល) បានទទួលរងគ្រោះ រហូតដល់បាត់បង់ជីវិត ក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលបានផ្ទុះឡើងចាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។
ជាមួយគ្នានេះ រាជរដ្ឋាភិបាល កំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះសភាពការណ៍ក្នុងប្រទេសអ៊ីស្រាអែល និងសហការ ជាប់ជាប្រចាំជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋខ្មែរយើងនៅទីនោះ។
រាជរដ្ឋាភិបាល សូមជម្រាបដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងមានវត្តមានក្នុងប្រទេសអ៊ីស្រាអែល ទាក់ទងតាមប្រព័ន្ធ Whatapps ឬ Telegram មកលេខទូរស័ព្ទ +85586881688 ដើម្បីរាជរដ្ឋាភិបាលអាចទទួលព័ត៌មានបន្ថែមអំពីសុវត្ថិភាពរបស់បងប្អូន និងជួយផ្ដល់ការសម្របសម្រួលឱ្យបានទាន់ពេលវេលាក្នុងករណីចាំបាច់។ រាជរដ្ឋាភិបាល ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងស្នាក់នៅប្រទេសអ៊ីស្រាអែល ស្តាប់តាមការណែនាំរបស់ អាជ្ញាធរអ៊ីស្រាអែលឱ្យបានខ្ជាប់ខ្ជួនដើម្បីរក្សាសុវត្ថិភាពរបស់ខ្លួន ៕