សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញយុទ្ធសាស្ត្រលើកស្ទួយ ជួយបងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីធ្វើឱ្យសម្រេចបានគោលដៅបី ក្នុងពេលតែមួយ
ព័ត៌មានជាតិ
139

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណេត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា ការដាក់ចេញ “យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨” គឺប្រៀបបានការបាញ់សត្វដែលប្រើព្រួញមួយ អាចទាញយកសត្វចំនួនបីក្នុងពេលតែមួយ គឺកាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គម ពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងសង្គមជាតិ និងជំរុញកំណើនសេដ្ឋកិច្ច ។ ការគូសបញ្ជាក់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រីបែបនេះ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការ “យុទ្ធសាស្ត្រជាតិស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨” នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារ សុខា ភ្នំពេញ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖ «យុទ្ធសាស្ត្រជាតិស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ៥ឆ្នាំម្តង តើគោលនយោបាយនេះ ដាក់ចេញមកដើម្បីអ្វី ទស្សនៈវិស័យរបស់យើង គោលដៅធំរបស់យើងគឺជួយប្រជាពលរដ្ឋរបស់យើង នៅក្រៅប្រព័ន្ធ ប៉ុន្តែទស្សនៈវិស័យរបស់យើង គឺមានច្បាស់លាស់ តាមរយៈការជួយប្រជាពលរដ្ឋរបស់យើងនៅក្រៅប្រព័ន្ធ។ យើងអាចបាញ់ សត្វ ៣បានក្នុងពេលតែមួយ ប្រើព្រួញតែ១ បាញ់បានសត្វ៣ ពង្រឹងបងប្អូន ជួយបងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលភាគច្រើន មួយចំនួនស្ថិតក្នុងប្រជាពលរដ្ឋ ដែលងាយរងហានិភ័យ និងជីវភាពក្រីក្រ យើងជួយ៣ហ្នឹង»។

សម្តេចធិបតីបានលើកឡើងថា ការជួយទាំង៣នោះ គឺជួយទី១ កាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គម ព្រោះពេលដែលយើងជួយបងប្អូន ដែលនៅកម្រិតទាប ឱ្យកាន់តែមានជីវភាពខ្ពស់ ដើម្បីតាមមកបិទនៅគម្លាតជាមួយអ្នកដែលមានលទ្ធភាព និងមានអ្នកជោគជ័យ គឺយើងបង្កើននូវគោលនយោបាយអភិវឌ្ឍន៍ដោយសមធម៌។ បានន័យថា យើងរុញការកាត់បន្ថយភាពក្រីក្រ នៅក្នុងប្រជាពលរដ្ឋនេះ គឺយើងបានលើកកម្ពស់ នៅកម្រិតជីវភាព របស់ប្រជាពលរដ្ឋយើងទាំងអស់ និងសំខាន់បំផុតផលប្រយោជន៍បានទៅដល់ដៃប្រជាពលរដ្ឋក្រីក្រ។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីថ្លែងបញ្ជាក់ថា នេះគឺជាគោលដៅអទិភាពមួយ ដែលយើងបាននៅក្នុងការពង្រឹង ប្រជាពលរដ្ឋនៅខាងក្រោម មិនមែនទើតែនៅខាងលើទេ គឺយើង ជួយរុញទៅក្រោមតែម្តង ។

សម្តេចធិបតីបញ្ជាក់ថា៖ «ទី២ គឺការពង្រឹងភាពធនសេដ្ឋកិច្ចសង្គមជាតិ ដូចខ្ញុំនិយាយអីចឹង ប្រជាពលរដ្ឋនៅក្រៅប្រព័ន្ធ ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ គឺងាយរងផល់ប៉ះពាល់ពីកូវីដ ក៏ដូចគ្នា ពីសម្ពាធអតិផរណាដល់សេដ្ឋកិច្ច ក៏ដូចគ្នា។ ដោយភាគច្រើននៃសេដ្ឋកិច្ច និងជីវភាពប្រកបរបររបស់គាត់មិនទៀតងទាត់ និងមានលក្ខណៈតូចតាច ងាយស្រួលណាស់ប៉ះពាល់។ អីចឹងហើយរដ្ឋត្រូវរកគាត់ឱ្យឃើញ ហើយជួយគាត់ ពង្រឹងភាពធន់របស់គាត់ តាមរយៈការជួយ និងគោលនយោបាយគាំពារផ្សេងៗ និងអត្ថប្រយោជន៍ផ្សេងៗ ពង្រឹងសមត្ថភាពគាត់ឱ្យពូកែ»។ ពាក់ព័ន្ធការជំរុញទី៣ គឺការកំណើនសេដ្ឋកិច្ច ដែលព្រួញនេះមួយ តាមរយៈការជួយទៅដល់បងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺយើងជួយទី៣ កំណើនសេដ្ឋកិច្ច ដោយសារបងប្អូនភាគច្រើន ជាចលករសំខាន់ណាស់ នៅក្នុងសេដ្ឋកិច្ចរបស់យើង បើជួយឱ្យគាត់កាន់តែរីកចម្រើន ព្រោះសេដ្ឋកិច្ចជាតិទាំងមូល វាកើនឡើងពីសេដ្ឋកិច្ច នៃកោសិការមួយទាំងមូល នៅក្នុងវិស័យនីមួយៗ ហើយក្នុងវិស័យនីមួយៗ គឺកើតឡើងពីប្រជាពលរដ្ឋ ដែលក្នុងវិស័យនោះ។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបន្ដទៀតថា ការលើកកម្ពស់នូវជីវភាពរស់នៅ និងលើកស្ទួយបងប្អូននៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺធ្វើឱ្យយើងសម្រេចនូវគោលដៅ៣ ក្នុងពេលតែមួយ គឺកាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គម ពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងសង្គមជាតិ និងទី៣ ជំរុញកំណើនសេដ្ឋកិច្ច។ សម្ដេចធិបតីបានបន្ថែមថា នេះជាគោលដៅនិងទស្សនទាន នៅក្នុងការដាក់ចេញ យុទ្ធសាស្ត្រជាតិស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨នេះ ហើយនេះជាការពិត។

សម្តេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់ទៀតថា៖ «ចំពោះការអនុវត្តយុទ្ធសាស្ត្រទាំងនេះត្រូវធ្វើម៉ិចណាតាមដានត្រួតពិនិត្យយ៉ាងម៉ិច ដើម្បីយើងធ្វើឱ្យមានប្រសិទ្ធភាព រឿងលើក្រដាស ទ្រឹស្តីល្អៗក៏ដោយ ខ្ញុំក៏ធ្លាប់រៀន ស្រាវជ្រាវដែរ។ ប៉ុន្តែអ្វីដែលសំខាន់សម្រាប់ខ្ញុំ ស្អីដែលអាចអនុវត្តន៍បាននៅលើដី សុខចិត្តផែនការនេះមិនល្អឥតខ្ចោះសោះ តែអនុវត្តន៍បានលើដី៕ 

ប្រភព៖ ក្រសួងព័ត៍មាន​​ AKP


Telegram