ព្រឹកនេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី នឹងបើកប្រើប្រាស់ទទួលជើងហោះហើរពាណិជ្ជកម្មដំបូងគេបង្អស់
ព័ត៌មានជាតិ
75

ខេត្តសៀមរាប ៖ យោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅព្រឹកថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៣នេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី នឹងបើកប្រើប្រាស់ទទួលជើងហោះហើរពាណិជ្ជកម្មដំបូងគេបង្អស់ ព្រមទាំងបាននាំភ្ញៀវទេសចរណ៍ចិន ប្រមាណជាង ៣០០នាក់ មកទស្សនាខេត្តសៀមរាបអង្គ។

សូមបញ្ជាក់ជូនថា ចាប់ពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៣នេះតទៅ ខេត្តសៀមរាបនឹងប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិថ្មីវិញ ដែលមានចម្ងាយពីប្រាសាទអង្គរវត្ត ៤០ គីទ្បូម៉ែត្រនិង ៥១គីទ្បូម៉ែត្រពីក្រុងសៀមរាប ស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម។

អាកាសយានដ្ឋានថ្មីនេះ វិនិយោគដោយវិនិយោគគិនចិនក្នុងផ្ទៃដី ៧០០ហិកតា ដែលចំណាយទឹកប្រាក់វិនិយោគប្រមាណជាង ១០០០ លានដុល្លារ ដែលជាការវិនិយោគ BOT ក្នុងរយៈពេល ៥៥ ឆ្នាំ។

សូមអបអរសាទរសមិទ្ធិផលប្រវត្តិសាស្រ្តថ្មី ក្រោមគំនិតផ្តួចផ្តើមឡើង សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការដ៏សំខាន់ រវាងកម្ពុជា និងចិន។

នេះជាសក្ខីភាពមួយដែរ បញ្ជាក់អំពីការខិតខំប្រឹងប្រែងយ៉ាងសកម្មនៃប្រទេសទាំងពីរ ជម្រុញកិច្ចដំណើរការគម្រោង ផ្លូវមួយខ្សែក្រវ៉ាត់មួយ ជាមួយនឹងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និង ពន្លឿនសេដ្ឋកិច្ច ក្នុងយុទ្ធសាស្ត្របញ្ចកោន នីតិកាលទី៧ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕


Telegram