ក្នុងរយៈពេល៣ថ្ងៃ ប្រជាពលរដ្ឋខ្មែរប្រមាណជា២១ម៉ឺននាក់ ចូលមកតំបន់ប្រាសាទអង្គរវត្ត ជាមួយវត្តមានរបស់ព្រះធម្មវនវាសី ចន្ទ មុនី ស.បញ្ជាក់ឲ្យឃើញថា វិស័យ ទេសចរណ៍បែបសាសនា ជាចលករដ៏សំខាន់ ក្នុងវិស័យទេចរណ៍នៅកម្ពុជា
ព័ត៌មានជាតិ
125

ខេត្តសៀមរាប ៖ យោងតាមផេកផ្លូវការរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងថា នៅក្នុងឱកាសបិទវគ្គបណ្តុះបណ្តាល ផ្នែកបដិសណ្ឋាកិច្ច នៅសាកលវិទ្យាល័យ អង្គរ ខេត្តសៀមរាប នាព្រឹកថ្ងៃទី ៣១ ខែ តុលានេះ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ទី៣០ ខែ តុលា ឆ្នាំ២០២៣នេះ មានប្រជាពលរដ្ឋខ្មែរយើងមកពីបណ្តារាជធានី ខេត្ត ក្រុង ស្រុក ប្រមាណជាង ២១ម៉ឺននាក់ ព្រមទាំងភ្ញៀវបរទេសផងនេះ បានធ្វើដំណើរចូលមកខេត្តសៀមរាប ពិសេសនៅប្រាសាទអង្គរវត្ត ដោយសារពួកគាត់មានជំនឿលើបារមីដ៏ខ្លាំងពូកែរបស់ព្រះធម្មវនវាសី ចន្ទ មុនី ( ហៅសង្ឃធុដង្គ) និង ចង់ជួបព្រះភ័ក្រ្តព្រះអង្គផង ក្នុងខណៈពេលដែលព្រះអង្គគង់នៅប្រាសាទអង្គរ និងទីកន្លែងផ្សេងៗទៀតក្នុងក្រុងសៀមរាប ។

ឯកឧត្តម បន្តថា ក្នុងរយៈពេល៣ថ្ងៃ ធ្វើឲ្យចំនួនលើសលប់ជាងបណ្តាបុណ្យប្រពៃណី ដែលស.បញ្ជាក់ឲ្យឃើញថា វិស័យ ទេសចរណ៍បែបសាសនា ជាចលករដ៏សំខាន់ ក្នុងវិស័យទេចរណ៍នៅកម្ពុជា ហើយក្នុងរយៈកន្លងមកអ្នកទេសចរដែលចូលកម្សាន្តប្រាសាទអង្គរវត្ត ភាគច្រើនបានត្រឹមតែមើលប្រាសាទ តែមិនបានស្គាល់អ្វីដែលស៊ីជម្រៅជាងនេះនៅឡើយទេ ។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងទេសចរណ៍ បន្ថែមថា ដោយមើលឃើញនូវស្ថានភាពបែបនេះ ក្រសួងបាននឹងកំពុងគិតគូរដល់ពីវិស័យទេសចរណ៍បែបជំនឿសាសនា ដែលក្រសួងទេសចរណ៍ កំពុងលើកគម្រោងនេះឡើង ហើយក៏នៅតាមទីវត្តអារាម នៅព្រះរាជាណាចក្រកម្ពុជា ដែលមានអាយុកាលរាប់រយឆ្នាំ ក៏បានកំពុងទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិចូលទស្សនាកម្សាន្តផងដែរ ៕


Telegram