សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងមហាផ្ទៃ ចាំបាច់ត្រូវពង្រឹងការទប់ស្កាត់នូវរាល់បាតុភាពអវិជ្ជមានទាំងឡាយ ជាពិសេសនៅថ្នាក់មូលដ្ឋាន
ព័ត៌មានជាតិ
70

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើការណែនាំទៅដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសថ្នាក់ក្រោមជាតិ ត្រូវចាំបាច់ពង្រឹងការទប់ស្កាត់នូវរាល់បាតុភាព រួមទាំងគ្រោះថ្នាក់ចរាចរណ៍ អំពើជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ការលួចឆក់ប្លន់ ល្បែងស៊ីសងគ្រប់ប្រភេទ និងបញ្ហាក្មេងទំនើងជាដើម។ ការលើកឡើងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីបែបនេះ នាឱកាសអញ្ជើញក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារទីស្តីការក្រសួងមហាផ្ទៃថ្មី នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅអគារទីស្តីការក្រសួងមហាផ្ទៃថ្មី។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ជាក់ស្តែង ក្រសួងមហាផ្ទៃ ចាំបាច់ត្រូវពង្រឹងការទប់ ស្កាត់នូវរាល់បាតុភាព រួមទាំងគ្រោះថ្នាក់ចរាចរណ៍ អំពើជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ការលួចឆក់ប្លន់ ល្បែងស៊ីសង គ្រប់ប្រភេទ និងបញ្ហាក្មេងទំនើងជាដើម ហើយរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ចាំបាច់ត្រូវចូលរួមផ្តល់សេវាយុត្តិធម៌ក្រៅប្រព័ន្ធតុលាការ ជូនបងប្អូនប្រជាពលរដ្ឋផងដែរ។

សម្ដេចធិបតីបានលើកឡើងថា៖ «ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមគូសរំលេច នូវគោលនយោបាយ និងទិសដៅការងារមួយចំនួន ដែលរាជរដ្ឋាភិបាល នីតិកាលទី៧ បាននិងកំពុងយកចិត្តទុកដាក់ ហើយមានឧបនិស្ស័យពាក់ព័ន្ធទៅនឹងក្រសួងមហាផ្ទៃ។ ជាក់ស្តែងវិធានការគន្លឹះមួយ នៅក្នុងវិធានការគន្លឹះ៥ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ គឺការពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលផ្តោតយកចិត្តទុកដាក់ ជាពិសេសទៅលើការប្រយុទ្ធប្រឆាំងគ្រឿងញៀន»។

ជាមួយគ្នានោះដែរ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងពីកិច្ចការងារមួយចំនួន ដែលជាស្នាដៃរបស់កងកម្លាំង ដែលបានចាត់វិធានការជាច្រើន ជាបន្តបន្ទាប់ទាក់ទងទៅនឹងការបង្ក្រាប ទីតាំងល្បែងស៊ីសង ការប្រើប្រាស់គ្រឿងញៀន។ សម្តេចធិបតីបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «កិច្ចការងារនេះនៅច្រើន វាទាមទារឱ្យយើងត្រូវបន្តឥតឈប់ឈរ ហើយខិតខំ រិះរកមធ្យោបាយ រួមសហការគ្នា ដើម្បីទប់ទល់ទៅលើបញ្ហានេះបន្តទៀត ព្រោះកិច្ចការងារនេះ វាពាក់ព័ន្ធផ្ទាល់ជាមួយនឹងយើងតែម្តង ពាក់ព័ន្ធទៅនឹងមូលដ្ឋាន នៅជុំវិញកន្លែងបរិស្ថាន ដែលយើងត្រូវរស់នៅ បរិស្ថានដែលកូនចៅយើងត្រូវទៅរៀន ត្រូវទៅប្រកបរបរ។ ដូច្នេះកិច្ចការងារនេះ គឺសុំបន្ត យើងរួមគ្នាដើម្បីធ្វើកិច្ចការងារទៀត»៕ ប្រភព៖ ក្រសួងព័ត៍មាន 


Telegram