សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យអាជ្ញាធរត្រូវមានម្ចាស់ការដោះស្រាយបញ្ហា ចៀសរវាងការតវ៉ាកាន់រូបថតសម្ដេច ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការដោះស្រាយ កាត់បន្ថយ ពេលវេលា និងថវិការបស់ប្រជាពលរដ្ឋ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានណែនំាដល់អាជ្ញាធរគ្រប់រាជធានី-ខេត្ត ទាំងអស់ត្រូវក្តាប់បញ្ហាប្រឈម ដែលបានកើតឡើងនៅមូលដ្ឋានរប់សខ្លួនឲ្យបានច្បាស់ និងទាន់ពេលវេលា ដើម្បីកុំឱ្យប្រជាពលរដ្ឋដើរកាន់រូបថតថ្នាក់ដឹកនាំ មានសម្ដេចផ្ទាល់ សម្ដេចតេជោនិងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ខណៈដែលករណីនេះគឺបានកើតឡើងម្តងហើយម្តងទៀត ជាពិសេសគឺបញ្ហាដីធ្លីតែម្តង។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូចខាងលើនេះ ក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារទីស្តីការថ្មីនៃក្រសួង មហាផ្ទៃ» នៅព្រឹក ថ្ងៃ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
សម្តេចមហាបវរធិបតី អះអាងថា រាជរដ្ឋាភិបាលបានផ្ដល់ដាវឱ្យហើយ ត្រូវតែចេះកាប់ ហើយកាប់ឱ្យចំ គោលដៅ ដែលជាបំណងប្រាថ្នា និងក្ដីកង្វល់របស់ប្រជាពលរដ្ឋជាក់ស្ដែង ។ជាពិសេស អំណាយនេះ គឺត្រូវមានម្ចាស់ការដោះស្រាយបញ្ហាដោយខ្លួនឯង មិនចាំបាច់ស្នើសុំគោលការពីថ្នាក់ជាតិនោះទេ។
សម្តេចធិបតីបន្ថែមថា ការដោះស្រាយបញ្ហានៅមូលដ្ឋាន គឺជារឿងចាំបាច់បំផុត ដើម្បីកាត់បន្ថយ ការកកស្ទះសំណុំរឿងនៅតុលាការ ពីព្រោះតុលាការមួយ មិនអាចដោះស្រាយបញ្ហានៅគ្រប់ បណ្ដា រាជធានីខេត្ដទាំង២៥ អស់នោះទេ។
ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បានជំរុញដល់អាជ្ញាធរគ្រប់រាជធានី-ខេត្តទាំងអស់ត្រូវយកចិត្តទុកដាក់ បន្ថែមទៀត ក្នុងការរធ្វើប្រតិភូកម្មរវាងវិមជ្ឈការ និងវិសហមជ្ឈការ ឱ្យកាន់តែប្រសិទ្ធភាពសំដៅបង្កើន សិទ្ធិអំណាចដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការដោះស្រាយបញ្ហានៅមូលដ្ឋាន ដើម្បីជំរុញនិងលើកកម្ពស់ ប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈជូនពលរដ្ឋ ហើយត្រូវពង្រឹងសមត្ថភាពមន្រ្តីឱ្យល្អ ជាជាងការ ពង្រីកបន្ថែម៕ ប្រភព៖ ក្រសួងព័ត៍មាន