សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា មានព្រលានយន្តហោះហើយមិនមែនដើម្បីមោទនភាពទេតែធ្វើយ៉ាងណាឱ្យក្លាយជាចលករមួយសម្រាប់លើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងជំរុញសេដ្ឋកិច្ចកម្ពុជា
ព័ត៌មានជាតិ
256

សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងបញ្ជាក់ថា ការសាងសង់ព្រលានយន្តហោះបានហើយមិនមែនគ្រាន់តែដើម្បីមោទនភាពនោះទេ ប៉ុន្តែភារកិច្ចរបស់យើងគឺត្រូវធ្វើយ៉ាងម៉េចឱ្យព្រលានយន្ដហោះថ្មីនេះដំណើរការហើយ សម្រេចបាននូវគោលដៅ និងឱ្យក្លាយទៅជាចលករមួយសម្រាប់លើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជំរុញសេដ្ឋកិច្ចកម្ពុជា។ ការថ្លែងរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរថ្មី នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា៖«ព្រលានយន្តហោះបានធ្វើហើយគោលបំណងមិនមែនត្រឹមតែធ្វើដើម្បីចេញជារូបភាពបានជាមោទនភាពរបស់យើងថា យើងមានព្រលានយន្តហោះមួយដែលល្អខ្នាតអន្តរជាតិនោះទេ។ ប៉ុន្តែភារកិច្ចរបស់យើងគឺត្រូវធ្វើយ៉ាងម៉េចឱ្យប៉ូលនេះដំណើរការហើយសម្រេចបាននូវគោលដៅរបស់វា។ ធ្វើយ៉ាងម៉េចឱ្យព្រលាននេះក្លាយទៅជាចលករមួយសម្រាប់ជំរុញលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនពលរដ្ឋ និងជំរុញសេដ្ឋកិច្ចកម្ពុជា»។

សម្តេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា សម្រាប់គោលការណ៍ដើម្បីឱ្យដើរបានល្អ កិច្ចការដែលត្រូវយកចិត្តទុកដាក់បន្ថែមគឺការរៀបចំការគ្រប់គ្រងឱ្យបានល្អធានាធ្វើយ៉ាងណាការផ្ដល់សេវាឱ្យបានគ្រប់ជ្រុងជ្រោយ និងដំណើរការដោយរលូន។ ទន្ទឹមនេះ ត្រូវធ្វើយ៉ាងណាឱ្យការងារទាំងអស់រួមទាំងការងារបដិសណ្ឋារកិច្ចការផ្ដល់សេវាផ្សេងៗទាំងសេវានៅខាងក្រៅនិងខាងក្នុង។ សម្ដេចធិបតីបន្ដថា ការរៀបចំនេះធ្វើយ៉ាងម៉េចឱ្យជាកន្លែងមួយដែលអ្នកដំណើរឆ្លងកាត់ដក់ជាប់នូវអនុស្សាវរីយ៍ល្អៗ ហើយក៏ជាព្រលានយន្តហោះមួយដែលផ្ដល់សេវាយ៉ាងកក់ក្តៅ ជាពិសេសការរៀបចំយន្តការនៃការគ្រប់គ្រងនេះគឺសំខាន់ទាំងក្រុមហ៊ុនវិនិយោគនិងស្ថាប័នរដ្ឋទាំងអស់ត្រូវធ្វើយ៉ាងណាឱ្យកន្លែងនេះទៅជាកន្លែងបដិសណ្ឋារកិច្ចមួយដែលល្អ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបន្ថែមថា ព្រលានយន្តហោះនៅក្នុងពិភពលោកនាពេលបច្ចុប្បន្នមានការប្រកួតប្រជែងមិនមែនត្រឹមតែសម្រាប់អ្នក ដំណើរឆ្លងកាត់នោះទេតែជាកន្លែងមួយដែលជាផលិតផលទេសចរណ៍ផងដែរ។ ជមួយគ្នានេះដែរ ប្រទេសជាច្រើនបានធ្វើការរៀបចំផ្ទៃក្នុងនៃព្រលានយន្ដហោះមានផាសុកភាពមានការលក់ដូរផ្សេងៗគឺសម្រួលបានយ៉ាងល្អ ហើយចំពោះព្រលានយន្ដហោះថ្មីនៅទីនេះត្រូវធ្វើយ៉ាងណាចាត់ចែងឱ្យបានល្អទាំងបរិស្ថាននិងការផ្ដល់សេវា៕  

ប្រភព៖ ក្រសួងព័ត៍មាន


Telegram