សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសលុបបំបាត់ការរើសអើងជ្រុលនិយមទាំងសាសនា និងនយោបាយនៅកម្ពុជា
ព័ត៌មានជាតិ
278

សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសលុបបំបាត់ការរើសអើងជ្រុលនិយមទាំងសាសនា និងនយោបាយនៅកម្ពុជា ដើម្បីធានា សុខសន្ដិភាព និងសុខុដុមនីយកម្ម នៅក្នុងសង្គមជាតិកម្ពុជាឲ្យបានជាដាច់ខាត។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា គោលនយោ បាយនៅកម្ពុជា មិនមានសាសនាណាមួយប្រកាន់នូវនិន្នាការជ្រុលនិយមនោះទេ ដែលបណ្ដាលឱ្យមានជម្លោះនៅក្នុងសាសនាតែមួយ ឬ សាសនាផ្សេងគ្នានៅកម្ពុជានោះ ។

ការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅក្នុងឱកាសដែលសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ជាឧត្តមភរិយា អញ្ជើញស្រោចស្រពព្រះសុគន្ធវារីប្រគេនព្រះមន្ត្រីសង្ឃជាន់ខ្ពស់គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាចំនួន១១អង្គ នៅវត្តមុនីសុវណ្ណ ហៅវត្ត ចំ ពុះ ក្អែក ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា នេះ ។

សម្តេចមហាបវរធិបតី បានបញ្ជាក់ថា ក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល និង ការចូលរួមរបស់សហគមន៍ក្នុងការជួយទប់ស្កាត់ និងលុបបំបាត់មិនឱ្យកើតមាននៅលើទឹកដីកម្ពុជា ក្នុងការប្រកាន់គោលជំហរ ទស្សនៈគោលនយោបាយជ្រុលនិយមបែបណាមួយនោះ គឺដាច់ខាតត្រូវរួមគ្នាលុបបំបាត់ឱ្យអស់ និងមិនឱ្យកើតមាននៅកម្ពុជា។

សម្ដេចធិបតី បានបន្ថែមថា គោលនយបាយជ្រុលនិយមនៅក្នុងសាសនា និងនយោបាយ គឺវាបាន បំបែកបំបាក់នូវសាមគ្គីក្នុងសង្គមជាតិ បំផ្លាញសុខសន្ដិភាព និងសិទ្ធិសេរីភាព។

សម្ដេចធិបតីបានរំលឹកថា សាសនាទាំងអស់បានដើរតួនាទីសំខាន់ណាស់នៅក្នុងការអប់រំ ប៉ុន្តែជាអកុសលសាសនាទាំងអស់ត្រូវបានលុបបំបាត់ចោលនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ទាំងស្រុង ។ ក្រោយគោលនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ បច្ចុប្បន្ននេះ វិស័យសាសនា មានការរីកចម្រើនខ្លាំងណាស់ ហើយប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការជ្រើសរើសជំនឿសាសនារបស់ខ្លួន ដោយគ្មានការបង្ខិតបង្ខំនោះឡើយ។

ទន្ទឹមនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា គ្រប់សាសនាទំាងអស់សុទ្ធតែមានគោលបំណងអប់រំមនុស្ស ធ្វើអំពើល្អ និងការគោរពគ្នាទៅវិញទៅមក៕ ប្រភព៖ ក្រសួងព័ត៍មាន 


Telegram