ភ្នំពេញ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ -- ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ស្នើឱ្យអ្នកសារព័ត៌មានកម្ពុជា-ចិន ត្រូវរួមគ្នាការពារសណ្តាប់ធ្នាប់ សុចរិត យុត្តិធម៌ នៃព័ត៌មានអន្តរជាតិ ដោយត្រូវប្រយុទ្ធ ប្រឆាំងព័ត៌មានក្លែងក្លាយ និងការជ្រៀតជ្រែកព័ត៌មាន ដើម្បីជំរុញការកសាងសហគមន៍ ជោគវាសនារួម នៃមនុស្សជាតិ។ ការស្នើរបស់ឯកឧត្ដមរដ្ឋមន្ត្រីដូច្នេះ ក្នុងវេទិកាជាន់ខ្ពស់នៃប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន និងវេទិកាផ្លាស់ប្ដូរវប្បធម៌កម្ពុជា-ចិន លើកទី៣ នាព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ។
ឯកឧត្តម នេត្រ ភក្ត្រា បានជំរុញឱ្យអ្នកសារព័ត៌មាន ត្រូវបន្តការលើកកម្ពស់ការអនុវត្តជាយុទ្ធសាស្ត្រ នៃកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន ដោយត្រូវឈរលើមូលដ្ឋាននៃការសម្រេចរួមគ្នារបស់ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ សម្រាប់ជាមូលដ្ឋានលើការអនុវត្តការងារ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានស្នើឱ្យអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ដែលជាស្ថាប័នដឹកនាំផ្សព្វផ្សាយអន្តរជាតិ គួរតែពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គភាពព័ត៌មានស្របច្បាប់នៅកម្ពុជាលើវិស័យផ្សេងៗទៀត ដូចជា នវានុវត្តន៍បច្ចេកទេស ការបណ្តុះបណ្តាលធនធានមនុស្ស កិច្ចសហការផលិត និងចាក់ផ្សាយ និងការផ្លាស់ប្តូរវប្បធម៌ជាដើម។ ទន្ទឹមនេះ ត្រូវបង្កើនការយកចិត្តទុកដាក់ស្វែងយល់ពីប្រព័ន្ធផ្សព្វផ្សាយប្រទេសទាំងពីរ ដោយត្រូវឈរលើគុណតម្លៃវប្បធម៌ ប្រពៃណីទៅវិញទៅមក។
ឯកឧត្ដមរដ្ឋមន្រ្ដីបានលើកឡើងថា ភាគីទាំងពីរបន្តជំរុញការផ្លាស់ប្តូរ និងការរួមបញ្ចូលគ្នានៃវប្បធម៌ប្រទេសទាំងពីរ ព្រមទាំងលើកកម្ពស់ការផ្សព្វផ្សាយពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រជាជនប្រទេសទាំងពីរ លើវិស័យផ្សេងៗ រួមមានវប្បធម៌ អប់រំ ទេសចរណ៍ និងកីឡាជាដើម ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការក្រោមគោលការណ៍រួមនៃយុត្តិធម៌ ការជឿទុកចិត្ត សមភាព វឌ្ឍនភាព និងផលប្រយោជន៍ ដោយអនុវត្តន៍កិច្ចសហប្រតិបត្តិការទូលំទូលាយជាមួយប្រព័ន្ធផ្សព្វផ្សាយផ្សេងៗនៅលើឆាកអន្តរជាតិ។
ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្ត្រីក្រសួងព័ត៌មានក៏បានគូសបញ្ជាក់ទៀតថា ប្រទេសកម្ពុជា និងប្រទេសចិន គឺជាមិត្តពិតប្រាកដ និងជួយគ្នាក្នុងគ្រាលំបាក។ ប្រទេសទាំងពីរ គឺជាបងប្អូនល្អ ដែលតែងតែផ្តល់នូវជំនឿជឿជាក់គ្នាទៅវិញទៅមកជានិច្ច។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដថា ឆ្នាំនេះ គឺជាខួបគម្រប់៦៥ឆ្នាំ នៃការបង្កើតចំណងការទូតកម្ពុជា-ចិន និងជាឆ្នាំមិត្តភាពកម្ពុជា-ចិន ហើយក៏ជាខួបគម្រប់១០ឆ្នាំនៃការដាក់ចេញនូវ «គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ» ផងដែរ។ ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ ដឹកនាំនៃប្រទេសទាំងពីរ កម្ពុជានិងចិនបានបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រ ដោយបានចាប់ផ្តើមពីវិស័យធំៗ ចំនួន៦ រួមមាន នយោបាយ សមត្ថភាពផលិតកម្ម កសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ដើម្បីផ្ដល់កម្លាំងចលករថ្មី ដល់សហគមន៍ជោគវាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី និងផ្តល់នូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។
ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាបានថ្លែងថា ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ គឺជាធាតុផ្សំសំខាន់នៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន រវាងកម្ពុជានិងចិន។ ឯកឧត្ដមបានបញ្ជាក់ថា ក្នុងប៉ុន្មានឆ្នាំមកនេះ ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយប្រទេសទាំងពីរមានញឹកញាប់ ទទួលបានលទ្ធផលលេចធ្លោ និងបានក្លាយជាអ្នកចូលរួមដ៏សំខាន់ និងអ្នកជំរុញដ៏វិជ្ជមាននូវកិច្ចសហប្រតិបត្តិការផ្តល់ប្រយោជន៍ឱ្យគ្នាលើគ្រប់វិស័យទាំងអស់រវាងកម្ពុជា និង ចិន។ ជាមួយគ្នានេះ យុគសម័យថ្មី ចំណុចចាប់ផ្តើមថ្មី អនាគតកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ ប្រទេសទាំងពីរទូលំទូលាយ និងមានក្តីសង្ឃឹម។
ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានថ្លែងបន្ថែមថា ឆ្នាំ២០២៣ គឺជាឆ្នាំសំខាន់មួយនៃការបន្តស្នង និងការបង្កើតអនាគតនៃទំនាក់ទំនងកម្ពុជា-ចិន សម្រាប់មនុស្សជំនាន់ក្រោយ។ សម្រាប់ឆ្នាំនេះ ទំនាក់ទំនងជាន់ខ្ពស់នៃប្រទេសទាំងពីរឡើងដល់កម្រិតខ្ពស់មួយដែលពុំធ្លាប់មានពីមុនមក។ ឯកឧត្ដមបានបន្ថែមទៀតថា ឯកឧត្ដម ស៊ី ជីនពីង ប្រធានរដ្ឋចិន បានមានជំនួបជាច្រើនលើកជាមួយព្រះករុណព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានឯកភាពគ្នារួមក្នុងកម្រិតខ្ពស់ លើការជំរុញការបន្ស៊ីគ្នារវាងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” និង “យុទ្ធសាស្ត្របញ្ចកោណ” ការបង្កើតល្បឿនបំពេញបន្ថែមក្រមខណ្ឌកិច្ចសហប្រតិបត្តិការ "ត្បូងពេជ្រ” និង ការកសាង "ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” និង “ច្រករបៀងត្រីនិងស្រូវ” រួមគ្នាដឹកនាំសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ឱ្យចូលក្នុងយុគសម័យថ្មីប្រកបដោយការអភិវឌ្ឍ គុណភាពខ្ពស់ កម្រិតខ្ពស់ និង ស្តង់ដារខ្ពស់៕ ប្រភព៖ ក្រសួងព័ត៍មាន