រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ខៀវ កាញារីទ្ធ សមាជិករដ្ឋសភា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានស្រុកកោះសូទិន ខេត្តកំពង់ចាម និង លោកជំទាវ ទេព រង្ស៊ី កាញារីទ្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ រួមដំណើរដោយលោកវេជ្ជបណ្ឌិតសៅ សំបូរ លោកស្រី គឹម សុធា អគ្គនាយកសារព័ត៌មាន TVFB បានអញ្ជើញចុះមកពិនិត្យការព្យាបាលភ្នែក ជូនលោកតា លោកយាយ ដែលអញ្ជើញឡើងមកពីឃុំចំនួន ៣ នៃស្រុកកោះសូទិន ខេត្តកំពង់ចាម មកកាន់ អង្គការមូនិធិចក្ខុខ្មែរ ដើម្បីព្យាបាលភ្នែក ដុះកន្ទុយថ្លែន និងភ្នែកឡើងបាយ ជូនលោកតាលោកយាយ ដោយឥតគិតថ្លៃ ។
សូមបញ្ជាក់ជូនថា លោកតា លោកយាយ ដែលអញ្ជើញមកព្យាបាលភ្នែក ដុះកន្ទុយថ្លែន និងភ្នែកឡើងបាយ នៅ អង្គការមូនិធិចក្ខុខ្មែរ ដែលមានទីតាំងស្ថិតក្នុងនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ នាពេលនេះ គឺមានចំនួន ៣ឃុំ គឺឃុំមហាខ្ញូង ឃុំកំពង់រាប និងឃុំព្រែកតានង់ សរុបទាំងអស់មានចំនួន ៦៣នាក់ ដោយការព្យាបាលនេះ មានរយៈពេល ៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយរាល់ការចំណាយ ទៅលើការស្នាក់នៅ ហូបចុកអាហារ ៤ពេល គឺឯកឧត្តម ខៀវ កាញារីទ្ធ សមាជិករដ្ឋសភា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានស្រុកកោះសូទិន ខេត្តកំពង់ចាម និង លោកជំទាវ ទេព រង្ស៊ី កាញារីទ្ធ ជាថវិការបស់ឯកឧត្តម លោកជំទាវ ទាំងទ្វេរផ្ទាល់តែម្តង ការព្យាបាលនេះទៀតសោត ក៏ឥតគិតថ្លៃ ដែលជាការសបង្ហាញ ឲ្យឃើញពីការយកចិត្តទុកដាក់របស់ឯកឧត្តម តែងតែចុះជួយមូលដ្ឋាន ចុះជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋ តាមរយៈការចុះជួយព្យាបាលជំងឺដោយឥតគិតថ្លៃ និងសកម្មភាពផ្សេងៗជាច្រើនទៀត។
សូមបញ្ជាក់បន្ថែមទៀតថា ការអញ្ជើញមកទទួលការព្យាបាលភ្នែក របស់លោកតា លោកយាយ ទាំង៣ឃុំនេះដែរ គឺមានការសម្របសម្រួលពី ឯកឧត្តម សៅ វណ្ណសេរីវឌ្ឍ និងលោកស្រី គឹម សុធា អគ្គនាយកសារព័ត៌មាន TVFB និងមាន លោកវេជ្ជបណ្ឌិត សៅ សំបូរ ជាអ្នកសម្របសម្រួលនាំប្រជាពលរដ្ឋលោកតា លោកយាយ ដែលមកពីឃុំទាំង៣ខាងលើ នៃស្រុកកោះសូទិន ខេត្តកំពង់ចាម មកព្យាបាលភ្នែកនៅ អង្គការមូនិធិចក្ខុខ្មែរ ផងដែរ ៕