ការប្រណាំងទូក-ង នៅតាមដងស្ទឹងសៀមរាប ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តសៀមរាប ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុក ត្រូវបានប្រកាសបិទជាផ្លូវការហើយ នាព្រលប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពឯកឧត្ដម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ និង ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលខេត្ត និង លោកជំទាវ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ ជាសមាជិក សមាជិកា ព្រឹទ្ធសភា តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តសៀមរាប កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តបាត់ដំបង អភិបាលរងខេត្តសៀមរាប និង លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត រដ្ឋបាលក្រុងស្រុកក្នុងខេត្ត និង កីឡាករ កីឡាការិនីទូក-ង យ៉ាងច្រើនកុះករ ។
លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត និង ជាប្រធានអនុគណៈកម្មការបច្ចេកទេសប្រណាំងទូក-ងខេត្តសៀមរាប បានឲ្យដឹងថា ការប្រណាំងទូក-ង ក្នុងឱកាសអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុក បានប្រព្រឹត្តទៅនៅតាមដងស្ទឹងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី២៦ និងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មានទូក-ង ចូលរួមប្រណាំងចំនួន ៣២ទូក ក្នុងនោះទូកផ្នែកនារីមានចំនួន ៣ទូក មានកីឡាករសរុបចំនួន ១០៩៩នាក់ ក្នុងនោះកីឡាការិនី មានចំនួន ៨៩នាក់ ដោយចែកចេញជា៥ពូល និង មានការអុំកឡោដិ៍សម្រាប់កំដរការប្រកួតប្រណាំងទូក-ង ចំនួន ៥គូផងដែរ ។
លោក អ៊ឹង គឹមលាង បន្ថែមថា តាមលទ្ធផលនៃការប្រកួតបានរកឃើញថា ទូកផ្នែកបុរស គឺ ទូកឈ្មោះសៀមរាបក្រុងមរតកអង្គរ ជារបស់រដ្ឋបាលក្រុងសៀមរាប ទទួលចំណាត់ថ្នាក់លេខ១ , ទូកឈ្មោះសូទ្រនិគមសែនជ័យបារមីតាពេជ្រ ជារបស់រដ្ឋបាលស្រុកសូទ្រនិគម និងរដ្ឋបាលស្រុកស្វាយលើ ទទួលចំណាត់ថ្នាក់លេខ២ និង ទូកឈ្មោះ រំដួលសែនជ័យបារមីអង្គរ ជារបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ទទួលចំណាត់ថ្នាក់លេខ៣ ខណៈទូកឈ្មោះ នាគអង្គរមានជ័យ ជារបស់សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តមានជ័យ ទទួលចំណាត់ថ្នាក់លេខ៤ ។
ទូកផ្នែកនារី គឺ ៖ ទូកឈ្មោះ យាយទេពសំដែងរិទ្ធិ ជារបស់រដ្ឋបាលក្រុងសៀមរាប ទទួលចំណាត់ថ្នាក់លេខ១ , ទូកឈ្មោះ តេជោធិបតីបារមីបាគង ជារបស់រដ្ឋបាលស្រុកប្រាសាទបាគង សាខាគយ និងរដ្ឋាករខេត្តសៀមរាប និងយោធិនពិការ៣១៧ ទទួលចំណាត់ថ្នាក់លេខ២ និង ទូកឈ្មោះហង្សចន្ទមានជ័យបារមីមហានគរ របស់សាខាពន្ធដាខេត្ត ទទួលចំណាត់ថ្នាក់លេខ៣ ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត បានសម្ដែងនូវសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានមកចូលរួមជាមួយឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និងបងប្អូនប្រជាពលរដ្ឋ កីឡាករ កីឡាការិនី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិទាំងអស់ នៅតាមដងស្ទឹងសៀមរាបក្នុងពិធីបិទការ ប្រណាំងទូក "ង" បន្ទាប់ពីបានដំណើរការអស់រយៈពេលមួយថ្ងៃកន្លះកន្លងមក ដែលក្នុងរយៈពេលពីរថ្ងៃនេះ យើងសង្កេតឃើញថាមានបងប្អូនប្រជាពលរដ្ឋមកចូលរួម ទស្សនាកម្សាន្តក្នុងព្រះរាជពិធីយ៉ាងច្រើនកុះករ ។
ឯកឧត្ដម ក៏បានថ្លែងអំណរអរគុណ និងការកោតសរសើរដោយស្មោះអស់ពីដួងចិត្ត ចំពោះ ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ជាប្រធាន អនុប្រធាន និងសមាជិក នៃអនុគ ណៈកម្មការរៀបចំព្រះរាជពិធីទាំង៧ ចំណុះឱ្យគណៈកម្មការកណ្តាលរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាព ជុំវិញ ខេត្ត ដែលបានរៀបចំទូក “ង” ចូលរួមក្នុងការប្រកួត ហើយបានខិតខំប្រឹងប្រែងដោយស្មារតីយកចិត្ត ទុកដាក់ខ្ពស់របស់ខ្លួនយ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវ និងធ្វើឱ្យដំណើរការទូទៅក្នុងព្រះរាជពិធីរបស់យើងទទួលបានលទ្ធផលជាផ្លែផ្កាទៅតាមផែនការគួរជាទីមោទនៈ ព្រមទាំងបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតី ការខិតខំប្រឹងប្រែងរបស់កីឡាករ កីឡាការិនីទាំងអស់ បានសម្តែងក្តីសោមនស្សរីករាយ មោទនភាព ទទួលយកលទ្ធផលជាក់ស្តែង តាមការរៀបចំត្រឹមត្រូវ និងឥតលម្អៀង របស់អនុគណៈកម្មការបច្ចេកទេស ។
ឯកឧត្ដម ប្រាក់ សោភ័ណ បន្ថែមថា ការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកនាពេលនេះ បានវាយតម្លៃជារួមថា ការងារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈបានប្រព្រឹត្តបានល្អប្រសើរ ដោយ គ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានការប៉ះទង្គិចដោយអំពើហិង្សា អំពើឆក់ ប្លន់ និងបាតុភាព អវិជ្ជមានផ្សេងៗទៀតគួរឱ្យកត់សម្គាល់ឡើយ , ស្ថានភាពអនាម័យបរិស្ថាន ក៏មានសភាពល្អប្រសើរជាងពេល មុនៗ ដោយនៅទីសាធារណៈ និងជុំវិញទីតាំងប្រារព្ធពិធី ក៏ដូចជា តាមបណ្តោយស្ទឹងសៀមរាប បញ្ហាចរាចរណ៍នៅក្នុងក្រុង និងនៅជុំវិញទីតាំងប្រារព្ធពិធីមានលក្ខណៈល្អប្រសើរ បើទោះបី ជាមានការកកស្ទះនៅតាមកន្លែងខ្លះក៏ដោយ ក៏កងកម្លាំងសមត្ថកិច្ចយើងបានជួយសម្រួល ចរាចណ៍បានទាន់ពេលវេលា និង ដំណើរការ នៃការប្រណាំងទូក "ង" ក៏បានប្រព្រឹត្តទៅក្នុងបរិយាកាសល្អប្រសើរ បង្កលក្ខណៈ សប្បាយរីករាយ អធិកអធម និងរក្សាបាននូវកិត្តិយស និងសេចក្តីថ្លៃថ្នូរ។
ជាមួយគ្នានេះដែរ ឯកឧត្ដមអភិបាលខេត្តសៀមរាប បានថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ាលោកស្រី អស់លោក ដែលបានចែករំលែកនូវធនធានផ្ទាល់ខ្លួនធ្វើអំណោយឧបត្ថម្ភ ដោយទឹកចិត្តសប្បុរសថ្លៃថ្លា ជូនចំពោះគណៈកម្មការ រៀបចំពិធី និងជូនដល់កីឡាករ កីឡាការិនីដោយផ្ទាល់ ដែលនេះជាវប្បធម៌ចែករំលែក និងសាមគ្គីភាព ពិសេសបានថ្លែងអំណរគុណចំពោះសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ព្រមទាំងប្អូនៗ យុវជនទាំងអស់ ដែលបានចំណាយពេលវេលា និងថាមពលប្រកបដោយសាមគ្គីភាព និងឆន្ទៈ មោះមុតក្នុងការរៀបចំកម្មវិធីកម្សាន្តនានា អមជាមួយនឹងការប្រណាំងទូក “ង” នាពេលនេះ ។
សូមបញ្ជាក់ថា ក្រោយពីពិធីប្រកាសបិទជាផ្លូវការនៃការប្រណាំងទូក-ង នៅតាមដងស្ទឹងសៀមរាប រដ្ឋបាលខេត្តសៀមរាប ក៏មានរៀបចំការបាញ់កាំជ្រួច ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុក ឲ្យកាន់តែមានភាពអឹកអធឹកក្រៃលែងបន្ថែមទៀត ៕ ប្រភពមន្ទីរព័ត៌មានខេត្តសៀមរាប