ព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៣ បានបិទបញ្ចប់ ក្រោមព្រះរាជអធិតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះមហាក្សត្រ ខណៈថ្ងៃទី៣ ប្រជានុរាស្ត្រយ៉ាងច្រើនណែនណាន់ ប្រមាណ២លាននាក់ មកកម្សាន្តសប្បាយ
ព័ត៌មានជាតិ
282

រាជធានីភ្នំពេញ ៖ យោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាន បានឲ្យដឹងថា បន្ទាប់ពីដំណើរការរយៈពេលបីថ្ងៃគឺថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣មក ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋមកពីគ្រប់ទិសទី និងភ្ញៀវទេសចរបរទេសផងនោះ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ត្រូវបានបិទបញ្ចប់ ក្រោមព្រះរាជអធិតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅព្រះពន្លាជ័យ ខាងមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។

យាង និងអញ្ជើញចូលរួមក្នុងការបញ្ចប់នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នេះដែរក៏មានវត្តមាន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង សម្ដេច ឯកឧត្ដម លោកជំទាវ ជាសមាជិកសមាជិកា ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ នាម៉ឺនសព្វមុខមន្ត្រី រាជវង្សានុវង្ស អង្គទូតនៃបណ្ដាប្រទេស ជាមិត្តប្រចាំនៅកម្ពុជា ភ្ញៀវជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋមកពីបណ្ដាខេត្តនិងរាជធានីជាច្រើនផងដែរ។

បន្ទាប់ការប្រណាំងទូកថ្ងៃទីបីបានធ្វើការប្រកួតដោយធ្វើការផ្លាស់ប្ដូរខ្សែទឹក ដូចថ្ងៃទីមួយ និងថ្ងៃទីពីរត្រូវបានបញ្ចប់ ក្រុមបារគូក៏បាននាំដាវជ័យមកក្រាបថ្វាយបង្គំ សុំព្រះបរមរាជានុញ្ញាតពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដើម្បីនាំទៅកាត់ព្រ័ត្រ ហើយក្រុមបារគូដង្ហែរដាវជ័យទៅកាន់ព្រះទីនាំងទូក ង នាំក្បួនទូកកងទ័ពជើងទឹកទៅកាន់កងព័ន្ធទីពីរ នៅខាងមុខ វត្តឧណ្ណាលោមរួចមក គណៈកម្មការបច្ចេកទេស គណៈមេប្រយោគក៏បានប្រកាសលទ្ធផលនៃការប្រណាំងទូក ង ទាំង៣ថ្ងៃ ដោយបានលើកឡើងថា ក្នុងឆ្នាំ២០២៣នេះ ស្ថាប័ន រាជធានី ខេត្តក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជាបានចាត់តាំងបញ្ជូនទូកមួង ទូកង ទូកខ្នាតអន្តរជាតិបុរស នារី ចំនួន៣៣៨ទូក មកចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក ក្នុងនោះ មានចំណុះទូកកីឡាករ កីឡាការិនី សរុបប្រមាណជាង ២០ ០០០ នាក់។

អកអំបុក ឆ្នាំ២០២៣ ត្រូវបានគណៈកម្មការបច្ចេកទេសរកឃើញជ័យលាភីទូកទាំង៦ផែន និងជ័យលាភីសោភ័ណភាព។ ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអចិន្ត្រៃយ៍ ប្រធានគណៈមេប្រយោគនៃអនុគណៈកម្មការបច្ចេកទេស គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានបញ្ជាក់ថា ចំពោះទូកគូពិសេស នៅឆ្នាំ២០២៣នេះ គណៈកម្មការបច្ចេកទេស និងគណៈមេប្រយោគបានរៀបចំឱ្យមានទូកចំនួន ៩៨ទូក ជាទូកគូពិសេស ចូលរួមប្រកួតប្រជែង ដោយកំណត់លទ្ធផលតាមរយៈថិរៈវេលា ដោយឆ្នាំនេះទូកគូពិសេស ដែលមានល្បឿនលឿនជាងគេមានចំនួន ៣ទូក រួមមាន៖ លេខ១ ទូកឈ្មោះ មហាទន្សាយតេជោសែនជ័យ ពាក់ស្លាកលេខ ១៨៣ មានចំណុះ ៧៥នាក់ មកពីខេត្តកំពង់ចាម ដោយសរុបរយៈពេល៣ថ្ងៃនេះធ្វើសម្រេចក្នុងថិរៈវេលា ត្រឹម ២៨:០៦.៣៣ នាទី។ ចំណាត់ថ្នាក់លេខ២ បានទៅលើទូកឈ្មោះសម្តេចវិបុលបញ្ញាបារមីមានជ័យ ពាក់ស្លាកលេខ ២៦៧ មានចំណុះ ៧៤នាក់ មកពីខេត្តតាកែវ ក្នុង៣ថ្ងៃនេះប្រើប្រាស់ថិរៈវេលាត្រឹម ២៨:០៦.៦២នាទី។ ចំណាត់ថ្នាក់លេខ៣ បានទៅលើទូកឈ្មោះកោះកេរសែនជ័យបារមីព្រះអង្គខ្មៅ ពាក់ស្លាក់លេខ ២០៣ មានចំណុះ ៧៧នាក់ មកពីខេត្តព្រះវិហារ ៣ថ្ងៃប្រើថិរៈវេលា ២៨:០៧.៨១ នាទី។

នៅក្នុងថ្ងៃបញ្ចប់ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកនេះផងដែរ ព្រះករុណា ព្រះអង្គម្ចាស់ជីវិតលើត្បូង ព្រះអង្គបានសព្វព្រះរាជហឫទ័យ ស្ដេចយាងព្រះរាជប្រទាន រង្វាន់ជ័យលាភីជានិមិត្តរូប ដល់ទូកដែលជាប់ចំណាត់ថ្នាក់លេខ ១ ដល់ទូកអុំ ទូកចែវ ទូកខ្នាតអន្តរជាតិ បុរស នារី ក្នុងឱកាសនោះផងដែរ។

បន្ទាប់មកពិធីកាត់ព្រ័ត្របានចាប់ផ្ដើម ដោយព្រះទីនាំងទូក ង នាំក្បួនទូកកងទ័ពជើង ទឹកទាំងអស់ ទម្លាក់ខ្លួនសន្សឹមៗ ពីខាងមុខវត្តឧណ្ណាលោមទៅកាន់ទីកាត់ព្រ័ត្រនៅខាង មុខព្រះពន្លាជ័យ នៃវេទិកាបុណ្យអុំទូក ដែលអមទៅដោយបទចាប់កូនខ្លែង សម្រែកជ័យ ឃោស និងបង្ហោះប៉េងប៉ោង។

ទន្ទឹមនេះ ក៏មានពិធីបណ្ដែតប្រទីបអមទៅដោយការអុចកាំជ្រួច ហើយក្រុមបាគូរបានថ្វាយព្រះពរជ័យ ស្លឹកព្រះព្នៅ ទឹកក្លោះស័ង្ខថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូងផងដែរ។ គួរបញ្ជាក់ដែរថា នារាត្រីថ្ងៃទី៣នេះ ដែលជាថ្ងៃបញ្ចប់ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក៏មានការសម្ដែងសិល្បៈ ប្រគំតន្ត្រី របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងបណ្ដាស្ថានីយទូរទស្សន៍នានា នៅតាមទីធ្លាសាធារណៈ តាមសួនច្បារមួយចំនួន ដូចថ្ងៃទីមួយ និងថ្ងៃទីពីរផងដែរ។

ក្នុងនោះ យោងផេកផ្លូវការរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យោតាមរបាយការណ៍របស់អនុគណៈកម្មការការពាររក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សង្គម ចរាចរណ៍ សង្រ្គោះទូកលិច និងអ្នកជំងឺ បានឲ្យដឹងថា គ្រប់ទីបញ្ជាការស្រាល (គិតពីម៉ោង ០៧:០០ព្រឹក ដល់ម៉ោង ១៩:០០យប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣) នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃទី០៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ មានទូកចូលរួមប្រកួតចំនួន ៣៣៨ទូក (ទូកអន្តរជាតិចំនួន ១៣៧ទូក) ក្នុងនោះ ៖

-ទូកអុំបុរសចំនួន ១៥៨ទូក

-ទូកចែវបុរសចំនួន ៤២ទូក

-ទូកចែវនារីចំនួន ៣ទូក

-ទូកអន្ដរជាតិ ១២៩ទូក

-ចំណុះទូកសរុប ១៦.៥៩៦នាក់ (ត្រៀម ៣.៨៤៨នាក់) ប្រទីបដែលត្រូវបណ្តែតអបអរសាទរព្រះរាជពិធីបុណ្យមានចំនួន ៣០ប្រទីប។

ពិនិត្យជារួមនៅថ្ងៃទី០៣ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ មានប្រជាពលរដ្ឋមកចូលរួមកម្សាន្តសប្បាយយ៉ាងច្រើនកុះករ ប្រមាណ ២.០០០.០០០នាក់។

*សភាពការណ៍បទល្មើស និងលទ្ធផលកិច្ចប្រតិបត្តិការ ៖ លួចម៉ូតូ ០១លើក ករណីនេះសមត្ថកិច្ចកំពុងខិតខំធ្វើការស្រាវជ្រាវស៊ើបអង្កេត។

*សភាពការណ៍គ្រោះថ្នាក់ផ្សេងៗ ៖ ឆាបឆេះធុងហ្គាស ០១លើក មូលហេតុខ្វះការប្រុងប្រយ័ត្តក្នុងការផ្លាស់ប្តូរធុងហ្គាស បណ្តាលឲ្យរបួស ០៤នាក់ (ស្រី ០១នាក់) នៅគោលដៅរង្វង់មូលស្ពានកោះនរា ។

លទ្ធផលកិច្ចប្រតិបត្តិការ និងអន្តរាគមន៍សង្រ្គោះ ៖

-កម្លាំងការពារគោលដៅ បានរកឃើញក្មេងវង្វេងសាច់ញាតិចំនួន ២០នាក់ (ស្រី ០៨នាក់) ដោយបានធ្វើការផ្សព្វផ្សាយ ហើយត្រូវបានសាច់ញាតិមកទទួលយកទៅវិញចំនួន ១៣នាក់ និងកំពុងស្វែងរកសាច់ញាតិចំនួន ០៧នាក់បន្តទៀត។

-កម្លាំងត្រៀមអន្តរាគមន៍ បានចេញជួយសង្រ្គោះករណីទូកប្រណាំងលិចទឹកចំនួន ០២ទូក ដោយបានជួយសង្រ្គោះកីឡាករសរុប ៤៣នាក់ និងជួយសង្គ្រោះកីឡាករធ្លាក់ពីលើទូកចំនួន ០២នាក់ ប្រកបដោយសុវត្ថិភាព។

-សមត្ថកិច្ចគោលដៅ ក.៩.៤ បានទទួលកាបូបលុយពីប្រជាពលរដ្ឋ ០១លើក កំពុងធ្វើការផ្សព្វផ្សាយស្វែងរកម្ចាស់មកទទួលយកទៅវិញ។

-បានចុះផ្សព្វផ្សាយអប់រំស្ដីពីការបង្ការទប់ស្កាត់ និងពន្លត់អគ្គិភ័យតាមបណ្តាយានដ្ឋាន ផ្ទះជួល ផ្ទះសំណាក់ ភោជនីយ៍ដ្ឋាន នៅជុំវិញតំបន់ប្រារព្ធព្រះរាជពិធីបុណ្យសរុប ១០គោលដៅ។

-ក្រុមគ្រូពេទ្យប្រចាំការនៅតាមគោលដៅបានធ្វើការសង្រ្គោះបឋមដល់អ្នកដែលមានបញ្ហាសុខភាពសរុបចំនួន ២.២៨២នាក់ (ស្រី ៣៥៦នាក់) និងបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យចំនួន ០៤នាក់៕ ប្រភព៖ ក្រសួងព័ត៍មាន 


Telegram