សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យត្រៀមលក្ខណៈជួយប្រជាពលរដ្ឋក្នុងការជួបវិបត្ដិសង្គមជាយថាហេតុណាមួយកើតឡើងនាពេលខាងមុខ
ព័ត៌មានជាតិ
208

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យត្រៀមលក្ខណៈជួយប្រជាពលរដ្ឋក្នុងការជួបវិបត្ដិសង្គមជាយថាហេតុណាមួយកើតឡើងនាពេលខាងមុខ ដើម្បីឆ្លើយតបបន្ទាន់ទៅនឹងបញ្ហាជីវភាព និងសុខភាពរបស់ប្រជាពលរដ្ឋ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រកាសឱ្យអនុវត្តកម្មវិធី« គោលការណ៍ណែនាំ ស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំ ស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន »នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានប្ដេជ្ញាចិត្តថា នឹងបន្តអនុវត្តកម្មវិធីគោលនយោបាយជាតិជំនួយសង្គម ខណៈនៅក្នុងនីតិកាលទី៧នេះ ក្រៅតែពីការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលគោលនយោបាយស្នូលហើយនោះ រាជរដ្ឋាភិបាលក៏បានដាក់ចេញកម្មវិធីនយោបាយអាទិភាពចំនួន៥រួចហើយ ដើម្បីឆ្លើយតបបន្ទាន់ទៅនឹងបញ្ហាជីវភាព និងសុខភាពរបស់ប្រជាពលរដ្ឋ។

សម្ដេចធិបតីក៏ណែនាំឱ្យត្រៀមលក្ខណៈចំពោះអ្វីដែលអាក្រក់ ដែលនឹងអាចកើតមានឡើងនាពេលខាងមុខ ព្រោះយើងមិនអាចធានាបានថា ពិភពលោកនឹងមានអ្វីកើតឡើង ដែលអាចប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ និងវិបត្តិសង្គមនានានោះទេ។

ទន្ទឹមនេះ សម្ដេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងខិតខំរកដំដោះស្រាយ និងគ្រប់វិធីសាស្រ្ដ ដើម្បីធ្វើឱ្យប្រជាពលរដ្ឋមានភាពកក់ក្ដៅ និងមិនទុកប្រជាពលរដ្ឋចោលនោះទេ។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាជាតិគាំពារសង្គម និងភាគីពាក់ព័ន្ធ ដែលបានសហការគ្នា ខិតខំរៀបចំឯកសារគោលការណ៍ទាំងពីរនេះ ដើម្បីធានាប្រសិទ្ធភាពនៃលំនឹងជីវភាពប្រជាពលរដ្ឋក្នុងរយៈពេលវែងផងដែរ។

សូមបញ្ជាក់ថា អត្រាភាពក្រីក្រនៅកម្ពុជាបានកាត់បន្ថយជាបន្តបន្ទាប់ ក្នុងរយៈពេលជាង ១៥ ឆ្នាំចុងក្រោយនេះ ជាពិសេសចាប់តាំងពីឆ្នាំ២០០៧ ដែលអត្រាភាពក្រីក្រមាន ជាង ១៧ ភាគរយ ធ្លាក់មកក្រោម ១០ ភាគរយនៅឆ្នាំ២០១៧ ប៉ុន្តែវិបត្តិកូវីដ-១៩ បានធ្វើឱ្យអត្រាភាព ក្រីក្រនៅកម្ពុជាកើនដល់ជាង ១៧ ភាគរយឡើងវិញ៕ ប្រភព៖ ក្រសួងព័ត៍មាន

 


Telegram