រាជធានីភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌បញ្ជាក់ថា ក្នុងរយៈពេលនៃការបិទខ្ទប់រយៈពេល៧ថ្ងៃបន្តទៀតនេះ បើប្រជាពលរដ្ឋមិនចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ឱ្យមានការថមថយនោះទេ វិធានការបិទខ្ទប់នឹងធ្វើបន្តទៀត ដើម្បីធ្វើយ៉ាងណាកាត់ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ១៩ឱ្យបាន នៅកម្ពុជា។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីការបន្តបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា រយៈពេលបន្តនៃការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលនេះ បានកំណត់ក្នុងសេចក្តីសម្រេចលេខ៥៤ គឺអាចនឹងមានការបិទខ្ទប់បន្តទៀត ក្នុងករណីដែលមិនមានការចូលរួមរបស់ប្រជាពលរដ្ឋ និងមិនមានការថមថយស្ថានភាពនៃជំងឺកូវីដ១៩នោះ។
ឯកឧត្តម គឹម សន្តិភាព បន្តថា បើប្រជាពលរដ្ឋមានការចូលរួមអនុវត្តឱ្យបានត្រឹមត្រូវក្នុងរយៈពេលខ្លី ឯកឧត្តមជឿជាក់ថា ស្ថានភាពនៃការរីករាលដាល នឹងមានការថមថយ ដល់កម្រិតមួយ ហើយវិធានការនានានឹងបាន បិទបញ្ចប់ ។
«បើការចូលរួមនេះ មិនបានពេញដៃពេញជើងពីបងប្អូនប្រជាពលរដ្ឋនោះទេ នោះធ្វើឱ្យសកម្មភាពនៃការរាលដាលមានបញ្ហាប្រឈម នោះហើយដែលរយៈពេលនៃការអនុវត្តវិធានការបិទខ្ទប់នេះនឹងអាចបន្ត ។ អ៊ីចឹងខ្លីឬវែងអាស្រ័យលើការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ អាស្រ័យលើការថមថយរបស់ជំងឺកូវីដ១៩ » ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ២៦ ខែមេសា បានចេញសេចក្តីសម្រេច ស្តីពីការបន្តការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងមានការកើនឡើងខ្លាំង រយៈពេល៧ថ្ងៃបន្តទៀត ចាប់ពីថ្ងៃទី២៩ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ។ បន្ថែមពីនោះទៀត ភូមិសាស្រ្តដែលត្រូវបិទខ្ទប់ត្រូវបែងចែកជា តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង ។ តំបន់ក្រហមសំដៅដល់ភូមិសាស្រ្តដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ ។ តំបន់លឿងទុំ សំដៅដល់ភូមិសាស្រ្តដែលមានការឆ្លងរាលកម្រិតមធ្យមនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ ។ តំបន់លឿង សំដៅដល់ភូមិសាស្រ្តដែលមានការឆ្លងរាលកម្រិតស្រាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ ៕ប្រភពក្រសួងព័ត៍មាន