នៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងព្រឹត្តិការណ៍រាត្រីចងចាំលើកទី៤ ឆ្នាំ២០២៣ នៅព្រះលានជល់ដំរី ក្រុងសៀមរាប ខេត្តសៀមរាប នៅរាត្រីថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ គឺរៀបចំឡើងក្នុងគោលបំណង ដើម្បីចូលរួមអបអរសាទរខួប ៣១ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ដើម្បីផ្សព្វ ផ្សាយ និងបណ្តុះទឹកចិត្តប្រជាជនខ្មែរយើង ឱ្យកាន់តែស្រឡាញ់វប្បធម៌ អរិយធម៌ដ៏ឧត្តុង្គឧត្ដម រួមទាំងសិល្បៈអត្តសញ្ញាណជាតិផងដែរ។
សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តថា ពិធីនេះក៏បង្ហាញពីមោទនភាពជាតិ មហាអំណាចនៃវប្បធម៌ និងប្រវត្តិសាស្ត្រយូរលង់ ក៏ដូចជា ដើម្បីផ្សព្វផ្សាយបន្ថែមនូវសក្តានុពលវប្បធម៌ និងទេសចរណ៍របស់កម្ពុជា ទៅកាន់ឆាកអន្តរជាតិ ក្នុងការលើកស្ទួយពាក្យស្លោក«កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ» និងធ្វើឱ្យកាន់តែប្រាកដឡើងនូវពាក្យស្លោក សន្តិភាព ដែលមានចែងក្នុងបុព្វកថា នៃរដ្ឋធម្មនុញ្ញកម្ពុជា ក្រោមពាក្យស្លោក « អរគុណសន្តិភាព» និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិ ។ ចំណែកឯគោលដៅសំខាន់មួយទៀត គឺដើម្បីរម្លឹក និងដាស់តឿនប្រជាពលរដ្ឋកម្ពុជា ក្នុងពេលបច្ចុប្បន្ន និងអនាគតឱ្យចងចាំ និងប្តេជ្ញាចិត្ត ត្រូវថែរក្សា ការពារវប្បធម៌ និងអរិយធម៌ជាតិ ជាពិសេសប្រាង្គប្រាសាទ និងបុរាណដ្ឋានទាំងអស់ ដើម្បីជាការតបស្នងសងគុណដល់បុព្វការីជនគ្រប់ជំនាន់ ទាំងជាតិ និងអន្តរជាតិ ដែលបានខិតខំកសាង លះបង់កាយចិត្ត ស្មារតី ក្នុងការកសាង ថែរក្សា ការពារ និងអភិរក្សរមណីយដ្ឋានអង្គរ និងរមណីយដ្ឋានប្រវត្តិសាស្ត្រផ្សេងៗ ដែលជាមរតកវប្បធម៌ជាតិ ដ៏មានតម្លៃមហាសាលរបស់យើងទាំងអស់គ្នា ។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាន៍ថា នៅក្នុងរយៈពេល៣១ឆ្នាំមកនេះ កូនខ្មែរបានខិតខំប្រឹងប្រែងថែរក្សាសម្បត្តិបេតិក ភណ្ឌបានយ៉ាងល្អ និងបានដាក់បញ្ចូលសម្បត្តិបេតិកភណ្ឌខ្មែរជាច្រើន ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ។ ជាក់ស្តែងថ្ងៃទី១៤នេះ កាលពី៣១ឆ្នាំមុន រមណីយដ្ឋានអង្គរត្រូវបានដាក់បញ្ចូល ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។បន្ទាប់មក ប្រាសាទវិហារ, តំបន់ប្រាសាទសំបូរព្រៃគុប, រមណីយដ្ឋានប្រាសាទកោះកេរ, រួមជាមួយបេតិកភណ្ឌអរូបបីជាច្រើនទៀត ក៏ត្រូវបានដាក់បញ្ចូលទៅក្នុង បញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ។ ដូចនេះកូនខ្មែរទាំងអស់ ត្រូវបន្តរួមគ្នាការពារ ថែរក្សាសម្បត្តិបេតិកភណ្ឌរបស់យើង ឱ្យបានគង់វង្សយូរអង្វែង ហើយត្រូវចាំសុភាសិតបុរាណថា « វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន »៕ ប្រភព៖ ក្រសួងព័ត៍មាន