ADB កោតសរសើរកិច្ចខិតខំប្រឹងប្រែងរាជរដ្ឋាភិបាលក្នុងការកែទម្រង់កម្លាំងពលកម្មកម្ពុជា
ព័ត៌មានជាតិ
81

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំនៅកម្ពុជាបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកែទម្រង់កម្លាំងពលកម្មកម្ពុជាដើម្បីធ្វើទំនើបកម្មសេដ្ឋកិច្ចរបស់ខ្លួន។

ការសំដែងការកោតសរសើរដូច្នេះធ្វើឡើងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៣ រវាងលោក Anthony Robert Gill នាយកស្តីទីនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំនៅកម្ពុជា និងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការក្រសួង។ ភាគីទាំង២បានពិភាក្សាអំពីកំណែទម្រង់អភិវឌ្ឍន៍ជំនាញរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី។

ទំព័រហ្វេសប៊ុកADBប្រចាំកម្ពុជាបានបញ្ជាក់កាលពីថ្ងៃទី១៣ ខែធ្នូ ២០២៣ ថា៖ «លោក Anthony បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកែទម្រង់កម្លាំងពលកម្មរបស់កម្ពុជា និងការដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន១,៥លាននាក់ដើម្បីធ្វើទំនើបកម្មសេដ្ឋកិច្ចរបស់ខ្លួន»។ 

អមដំណើរដោយក្រុមការងារទទួលបន្ទុកកិច្ចការអប់រំបណ្តុះបណ្តាលរបស់ ADB និងនាយកប្រចាំប្រទេសនៃទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) លោក Anthony បានបញ្ជាក់ជូនឯកឧត្តមរដ្ឋមន្ត្រីអំពីគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង និងកម្មវិធីជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត ដែលគម្រោងទាំង២នេះគាំទ្រដោយ ADB និង AFD។

ឯកឧត្តម ហេង សួរ បានថ្លែងអំណរគុណដល់ ADB ដែលតែងតែគាំទ្រដល់វិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់កម្ពុជា ជាពិសេសក្នុងការអនុវត្តកម្មវិធីបណ្តុះបណ្តាលក្នុងវិស័យឧស្សាហកម្មប្រកបដោយបរិយាបន្ន និងពង្រីកមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)។

យោងតាមទំព័រហ្វេសប៊ុកADBបានឱ្យដឹងថា ឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំឱ្យ ADB ពង្រឹងបន្ថែមនូវជំនាញឌីជីថល ដែលចាំបាច់សម្រាប់បដិវត្តន៍ឧស្សាហកម្មទី៤។

កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន១,៥លាននាក់ឱ្យសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈ រយៈពេល៤ខែដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថមចំនួន២៨ម៉ឺនរៀលបន្ថែម។

គោលបំណងកម្មវិធីនេះគឺដើម្បីផ្តល់នូវឱកាសស្មើគ្នាជូនដល់យុវជនមកពីគ្រួសារមានបណ្ណសមធម៌ និងបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ ដើម្បីទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ហើយមានឱកាសការងារកាន់តែល្អប្រសើរក្នុងការបង្កើនប្រាក់ចំណូល និងជីវភាពរស់នៅ។ កម្មវិធីនេះមានការផ្សារភ្ជាប់រវាងយុវជនដែលទទួលបានការបណ្ដុះបណ្ដាលជាមួយនិយោជក ដើម្បីទទួលឱកាសការងារ។

យោងតាមការចុះផ្សាយសារព័ត៌មានក្នុងស្រុកកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ក្នុងរយៈពេល១ខែដំបូងនៃការដាក់ឱ្យអនុវត្តកម្មវិធីនេះ សិស្សចំនួនជាង១៣ ០០០ម៉ឺននាក់បានចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅទូទាំងប្រទេស។

យោងតាមគេហទំព័រក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានលើកឡើងក្នុងកិច្ចប្រជុំនេះថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសកម្រិត១ (C1) នេះគឺជាការគិតគូររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដើម្បីផ្តល់ជំនាញជាក់លាក់ និងឱកាសការងារសមរម្យសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ADBចំពោះកិច្ចសហប្រតិបត្តិការ និងជំនួយជាច្រើនលើការបណ្តុះបណ្តាលជំនាញជាមួយក្រសួង ហើយរំពឹងថា ADB នឹងបន្តគាំទ្រជួយលើគម្រោងនានារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបន្ថែមទៀត។

កម្មវិធីជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត គឺជាផ្នែកមួយនៃការគាំទ្ររបស់ ADB ដល់រដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងធនធានមនុស្ស និងប្រែក្លាយប្រទេសកម្ពុជាទៅជាសេដ្ឋកិច្ចឧស្សាហកម្មដែលផ្អែកលើចំណេះដឹង និងបច្ចេកវិទ្យា។

កម្មវិធីនេះរួមបញ្ចូលគ្នានូវដំណោះស្រាយផ្តល់ប្រាក់កម្ចីផ្អែកលើគោលនយោបាយតាមកម្មវិធី (PBL) និងការវិនិយោគគម្រោង ដើម្បីសម្រេចបាននូវកំណែទម្រង់រចនាសម្ព័ន្ធ និងស្ថាប័នជាបន្តបន្ទាប់ក្នុងវិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដែលរួមមានការបង្កើនការចូលរួមពីវិស័យឯកជន ដើម្បីដោះស្រាយគម្លាត និងកង្វះខាតជំនាញ។

កម្មវិធីនេះនឹងធ្វើឱ្យប្រសើរឡើងនូវជំនាញការងារនៃកម្លាំងពលកម្មបច្ចុប្បន្ន និងអនាគត តាមរយៈកំណែទម្រង់គោលនយោបាយ និងការវិនិយោគគម្រោង ដែលនឹងពង្រឹងឱ្យគ្នាទៅវិញទៅមក ដើម្បីបង្កើនប្រព័ន្ធអេកូឡូស៊ីនៃការអភិវឌ្ឍន៍ជំនាញ ផ្តល់ការបណ្តុះបណ្តាលក្នុងវិស័យឧស្សាហកម្មប្រកបដោយបរិយាបន្ន និងកៀរគរធនធានបន្ថែមទៀតសម្រាប់ការអភិវឌ្ឍជំនាញផ្អែកតាមតម្រូវការ។

កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ADB បានអនុម័តប្រាក់កម្ចីចំនួន ១០០ លានដុល្លារដើម្បីជួយលើកកម្ពស់សមត្ថភាពកម្លាំងពលកម្មរបស់កម្ពុជា ដោយដោះស្រាយគម្លាត និងកង្វះខាតជំនាញ តាមរយៈកំណែទម្រង់ និងការវិនិយោគលើវិស័ TVET និងការចូលរួមពីវិស័យឯកជន។

ចំណែក គម្រោងជំនាញសម្រាប់ការប្រកួតប្រជែងគឺជាគម្រោងពង្រឹងជំនាញ និងសមត្ថភាពប្រកួតប្រជែងនៃកម្លាំងពលកម្មក្នុងវិស័យឧស្សាហកម្មរបស់កម្ពុជា។ គម្រោងនេះនឹងអភិវឌ្ឍធនធានមនុស្សដើម្បីក្លាយជាកម្លាំងពលកម្មប្រកបដោយជំនាញក្នុងវិស័យអាទិភាពចំនួន៤ គឺវិស័យផលិតកម្ម សំណង់ អគ្គិសនី និងអេឡិចត្រូនិក។

គម្រោងនេះនឹងជួយប្រែក្លាយវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសចំនួន៥ ដែលត្រូវបានជ្រើសរើសទៅជាវិទ្យាស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឈានមុខក្នុងប្រទេសកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកបច្ចេកទេសប្រកបដោយគុណភាពខ្ពស់ក្នុងវិស័យអាទិភាពទាំងនោះ និងឆ្លើយតបទៅនឹងការផ្លាស់ប្តូរតម្រូវការបច្ចេកវិទ្យា និងឧស្សាហកម្ម។

គម្រោងនេះក៏នឹងពង្រឹងតួនាទី និងការចូលរួមរបស់ផ្នែកឧស្សាហកម្មក្នុងការអភិវឌ្ឍជំនាញ ដោយផ្តោតលើការបង្កើនសមត្ថភាពជំនាញ និងបណ្តុះបណ្តាលជំនាញឡើងវិញរបស់កម្មករនយោជិតដែលមានស្រាប់។ កិច្ចព្រមព្រៀងភាពជាដៃគូជាមួយផ្នែកឧស្សាហកម្ម និងវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសនឹងត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់កម្មវិធីសិក្សាជំនាញការងារ និងពង្រីកមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ដែលជាយន្តការផ្តល់ហិរញ្ញប្បទាន TVET ប្រកបដោយភាពច្នៃប្រឌិត៕ 

ប្រភព៖ ក្រសួងព័ត៍មាន 


Telegram