រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា រាល់ទស្សនកិច្ចរបស់សម្តេចធិបតីគឺធ្វើដើម្បីបុព្វហេតុជាតិ និងផលប្រយោជន៍ប្រជាជន
ព័ត៌មានជាតិ
86

ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា រាល់ទស្សនកិច្ច របស់សម្តេចធិបតីម្តងៗ គឺធ្វើដើម្បីបុព្វហេតុជាតិ និងប្រជាជនជាធំ។ ក្នុងសន្និសីទកាសែត កាលពីយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីបង្ហាញលទ្ធផល របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសជប៉ុន ឯកឧត្តម ហ្សង់ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា ការវិនិយោគ របស់ប្រទេសជប៉ុន មាននៅគ្រប់ទីកន្លែង មិនថាក្នុងប្រទេសកុម្មុយនីស្ត ឬប្រជាធិបតេយ្យ ដូចជាប្រទេសចិន វៀតណាមនិងភូមាជាដើម ខណៈលុយគ្មានក្លិនប្រជាធិបតេយ្យ ឬកុម្មុយនីស្តនោះទេ ហើយលុយក៏អត់មានក្លិនផ្តាច់ការទេ។ឯកឧត្តមបន្ថែមថា គ្រប់គ្នាតែងតែអន្ទះអន្ទែង នៅពេលដែលសម្ដេចធិបតីអនុវត្តការទូតសេដ្ឋកិច្ច ដែលចង់បានលទ្ធផលជាក់ស្ដែងភ្លាមៗ ដូច្នេះត្រូវយល់ថា ជាទូទៅការទូតសេដ្ឋកិច្ចឬការដើរទាក់ម៉ូយ ត្រូវតែដឹកនាំដោយថ្នាក់ដឹកនាំកំពូល ពីព្រោះជាការដើរទាក់ទាញវិនិយោគរវាងរដ្ឋនិងរដ្ឋ ដែលជាការដឹកនាំដោយថ្នាក់ដឹកនាំកំពូល អមដោយរដ្ឋមន្ត្រីខ្ពស់បំផុតពាក់ព័ន្ធទាំងអស់ ។ ដូច្នេះប្រសិនបើទស្សនកិច្ចរបស់សម្ដេចធិបតីនៅក្រៅប្រទេសរហូតមកដល់ពេលនេះ សុទ្ធតែអមដំណើរដោយរដ្ឋមន្ត្រីលំដាប់ខ្ពស់បំផុត ពាក់ព័ន្ធនឹងសេដ្ឋកិច្ចឬខាងពាណិជ្ជកម្មជាដើម។ ជាងនេះទៅទៀត ដំណើរទស្សនកិច្ចរបស់សម្តេចធិបតីក៏មាន គោលដៅចំនួន២ ដូចជាទី១ ការទូតសេដ្ឋកិច្ចមានគោលដៅចម្បង គឺធ្វើយ៉ាងណាឱ្យក្រុមហ៊ុនធំៗរបស់ជប៉ុន ដែលមានសាខានៅកម្ពុជា ចាប់ផ្តើមបង្កើនទុនវិនិយោគ ខណៈដែលក្រុមហ៊ុនអ៊ីអន គឺជាឧទាហរណ៍មួយយ៉ាងសំខាន់ជាក់ស្តែង ដែលបានដាក់ទុនវិនិយោគកាន់តែច្រើន ។ ទី២ គឺធ្វើយ៉ាងណាទាក់ទាញអ្នកដែលមិនទាន់ស្គាល់ប្រទេសកម្ពុជា ឬមិនទាន់រកស៊ីនៅប្រទេសកម្ពុជា ឱ្យពួកគាត់មកដាក់ទុនរកស៊ីនៅកម្ពុជា ដែលក្នុងនោះ ក្រុមហ៊ុនអ៊ីអន និងមីនីបៀ ក៏ជាកម្លាំងទាក់ទាញមួយ ដោយគាត់អាចបង្ហាញថាកម្ពុជាអាចរកស៊ីបាន។ « រាល់ពេលដែលទៅបំពេញទស្សនកិច្ចម្តងៗ តាំងពីថ្នាក់ដឹកនាំកំពូល សម្ដេចធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឆ្លងកាត់រដ្ឋមន្ត្រីរហូតទៅដល់មន្ត្រីថ្នាក់ក្រោម រវល់សឹងតែគ្មានពេលគេងនោះទេ ព្រោះត្រូវមើលកម្មវិធីចូលប្រជុំ ចូលចរចា គឺដើម្បីបុព្វហេតុមួយធំណាស់ គឺបុព្វហេតុដើម្បីបម្រើជាតិ ទាញប្រយោជន៍ពីទំនាក់ទំនងអន្តរជាតិ ទំនាក់ទំនងតំបន់ ទំនាក់ទំនងទ្វេភាគី ប្រទេសនិងប្រទេសនិងទាញប្រយោជន៍ សេដ្ឋកិច្ចយកមកជូនប្រជាជាតិខ្មែរ យកមកជូនប្រជាពលរដ្ឋខ្មែរ និង យកមកចិញ្ចឹមក្បាលម៉ាស៊ីនសេដ្ឋកិច្ច ដើម្បីឱ្យប្រទេសជាតិរុង រឿងទៅមុខ និងដើម្បីឱ្យប្រទេសកម្ពុជាតាមឱ្យទាន់បណ្ដាប្រទេសជិតខាងនៅលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម បច្ចេកវិជ្ជា សង្គម និងនៅគ្រប់វិស័យ។» សូមបញ្ជាក់ថា រាល់ដំណើរអញ្ជើញបំពេញទស្សនកិច្ចនៅក្រៅប្រទេស សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គឺ តែងតែឆ្លៀតជួបពិភាក្សាជាមួយវិស័យឯកជន ដើម្បីស្វែងរកប្រយោជន៍សេដ្ឋកិច្ច មកជូនប្រជាជាតិកម្ពុជា ក្នុងគោលដៅទាក់ទាញក្រុមហ៊ុនបរទេស ឱ្យបង្កើនការដាក់ទុនវិនិយោគនៅកម្ពុជា ឬបញ្ចុះបញ្ចូលឱ្យក្រុមអ្នកវិនិយោគិនទាំងនោះ មកសិក្សាពីលទ្ធភាពវិនិយោគនៅកម្ពុជា ដើម្បីផ្តល់ឱកាសការងារ និងជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា៕ ប្រភព៖ ក្រសួងព័ត៍មាន


Telegram