សម្តេចក្រឡាហោម បញ្ជាឱ្យពង្រឹងវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពឆ្លងដែន ដោយខុសច្បាប់និងការលួចលាក់នាំជនបរទេសចេញពីភូមិសាស្ត្របិទខ្ទប់
ព័ត៌មានជាតិ
39

រាធានីភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឱ្យកងកម្លាំងទាំងអស់ ពង្រឹងវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពឆ្លងដែនដោយខុសច្បាប់និងការលួចលាក់នាំជនបរទេសចេញពីភូមិសាស្ត្របិទខ្ទប់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ដើម្បីធានារក្សាសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពក្នុងសង្គម ក្រសួងមហាផ្ទៃបានដាក់ ចេញគោលការណ៍ និងវិធានការជាបន្តបន្ទាប់ ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពនាំមនុស្សឆ្លងកាត់ព្រំដែនដោយខុសច្បាប់និងការគ្រប់គ្រងជនបរទេស ស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ក្រសួងមហាផ្ទៃបានកត់សម្គាល់ឃើញករណីនៃការនាំពលរដ្ឋកម្ពុជា និងជនបរទេសឆ្លងកាត់ព្រំដែនដោយខុសច្បាប់ នៅតែកើត មានជាបន្តបន្ទាប់ ក្នុងនោះ ក៏មានករណីមួយចំនួនមាន ក្រុមមេក្លោង និងមេខ្យល់ក្នុងស្រុក ឃុបឃិតជាមួយក្រុមមេក្លោង និងមេខ្យល់ពីខាងក្រៅ ដើម្បីរត់ពន្ធមនុស្សឆ្លងកាត់ព្រំដែនដោយខុសច្បាប់ផងដែរ។ ទន្ទឹមនេះ ក៏មានសកម្មភាពលួចលាក់ដឹកជញ្ជូនជនបរទេសចេញ-ចូលភូមិសាស្ត្របិទខ្ទប់ ក្នុងគោលបំណង និងគោលដៅផ្សេងៗគ្នា ដោយគេចចេញពីការធ្វើចត្តាឡីស័កតាមវិធានសុខាភិបាល ដែលអាចបង្កឱ្យមានហានិភ័យក្នុងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ និងប៉ះពាល់ដល់សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពក្នុងសង្គមថែមទៀត។ ផ្តើមចេញពីសភាពការណ៍ និងសកម្មភាពខាងលើនេះ ក្រសួងមហាផ្ទៃសូមណែនាំដល់អគ្គលេខាធិការដ្ឋានអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ និងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត នូវវិធានការសំខាន់ៗមួយចំនួន ដើម្បីលុបបំបាត់ការនាំមនុស្សចេញ-ចូលឆ្លងកាត់ព្រំដែនដោយខុសច្បាប់ និងការគ្រប់គ្រងជនបរទេស ដូចជា ត្រូវយកចិត្តទុកដាក់ស្រាវជ្រាវបង្ក្រាបបណ្តាញមេក្លោង និងមេខ្យល់ក្នុងប្រទេសដែលធ្វើសកម្មភាពនាំពលរដ្ឋកម្ពុជា នឹងជនបរទេសឆ្លងកាត់ព្រំដែនខុសច្បាប់ និងទំនាក់ទំនងជាមួយអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចនៃប្រទេសជិតខាង ដើម្បីសហការបង្ក្រាបបណ្តាញមេក្លោង និងមេខ្យល់ពីខាងក្រៅ សំដៅកាត់ផ្តាច់ខ្សែរយៈទំនាក់ទំនងប្រព្រឹត្តបទល្មើសនេះ។ ទន្ទឹមនេះ ត្រូវបន្តខិតខំសហការស្រាវជ្រាវលុបបំបាត់ឱ្យបានជាដាច់ខាតនូវការលួចចេញ-ចូលតាមច្រកមិនផ្លូវការនៅតាមខ្សែបន្ទាត់ព្រំដែន ព្រមទាំងធ្វើការពិនិត្យ និងរៀបចំនូវកម្លាំងឈរជើងឱ្យបានសមស្រប ដើម្បីល្បាតត្រួតពិនិត្យទប់ស្កាត់ការលួចចេញ-ចូលឆ្លងកាត់ព្រំដែនដោយខុសច្បាប់ នៅតាមខ្សែបន្ទាត់ព្រំដែនដែលមានភូមិសាស្ត្រស្មុគ ស្មាញ។ សម្តេចក្រឡាហោម បន្តថា អភិបាលខេត្តជាប់ព្រំដែនត្រូវបង្កើនទំនាក់ទំនងជាមួយអភិបាលខេត្តនៃប្រទេសជិតខាងដែលមានព្រំដែនជាប់គ្នា ដោយផ្អែកលើគោលការណ៍នានាដែលបានឯកភាពគ្នា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពនៅតាមតំបន់ព្រំដែន ការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនាំមនុស្សឆ្លងកាត់ព្រំដែនដោយខុសច្បាប់ ការរួមគ្នាបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវី៥-១៩ នៅតាមតំបន់ព្រំដែននៃខេត្តនីមួយៗ ព្រមទាំងការលើកកម្ពស់សហប្រតិបត្តិការក្នុងការផ្លាស់ប្តូរទំនិញកសិផល គ្រឿងឧបភោគបរិភោគនៅតាមតំបន់ព្រំដែន សំដៅរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាបណ្តាលមកពីវិបត្តិនៃជំងឺកូវីជ-១៩ ។ អភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសជិតខាងត្រូវពង្រឹងមន្ត្រី និងកម្លាំងមានសមត្ថកិច្ចនៅតាមច្រកទ្វារព្រំដែនទ្វេភាគី និងច្រកទ្វារតំបន់ព្រំដែន ឱ្យបង្កើនការទទួលខុសត្រូវ ក្នុងការគ្រប់គ្រងការចេញ-ចូលឆ្លងកាត់ព្រំដែន និងភូមិសាស្ត្រទទួលខុសត្រូវតាមច្រកទ្វារព្រំដែននីមួយៗ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបការចេញ-ចូលឆ្លងកាត់ព្រំដែនដោយខុសច្បាប់ និងសហការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការនានារបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩៕ប្រភពក្រសួងព័ត៍មាន


Telegram