សម្តេចធិបតី ស្វាគមន៍ដំណើរត្រលប់វិញរបស់ នាវាទេសចរណ៍ Westerdam មកកាន់កម្ពុជាសាជាថ្មី
ព័ត៌មានជាតិ
388

យោងតាមការចេញផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា - AKP បានឲ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការស្វាគមន៍ចំពោះការត្រឡប់មកវិញរបស់ នាវាទេសចរណ៍ខ្នាតយក្ស Westerdam មកកាន់កម្ពុជាសាជាថ្មី នឹងធ្វើឱ្យពិភពលោកកាន់តែស្គាល់កម្ពុជាបន្ថែមទៀត ដោយបាននាំអ្នកទេសចរជាង ២ ០០០នាក់ មកកាន់ព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមបណ្តាញតេឡេក្រាមផ្លូវការរបស់សម្តេចធិបតី ចេញផ្សាយនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។

សូមរម្លឹកថា នាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយនេះ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ កំពុងរីករាលដាលធ្ងន់ធ្ងរពាសពេញពិភពលោក ដែលជាទង្វេីមនុស្សធម៌ ជួយសង្គ្រោះជីវិត លេីកកម្ពស់សិទ្ធិរស់រានមានជីវិត និងផ្តល់គុណតម្លៃនៃមនុស្សជាតិ។ “កម្ពុជាតូច តែបេះដូងធំ” បានគិតគូរអំពីបញ្ហាមនុស្សធម៌ និងអាយុជីវិតអ្នកទេសចរជាង ២ ២០០នាក់ ដែលតែលតោលលើមហាសាគរ និងអនុញ្ញាតឱ្យចូលចតលើទឹកដីកម្ពុជា ថែមទាំងបានទទួលនូវបដិសណ្ឋារកិច្ចដល់អ្នកទេសចរទាំងអស់ ដើម្បីផ្តល់ឱកាស ត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញ។

ការត្រឡប់មកវិញនេះ គឺជាការរំលឹក ដឹងគុណ និងយល់ច្បាស់អំពីសក្តានុពលរបស់កម្ពុជា ព្រមទាំងបេះដូងមនុស្សធម៌ ដែលបានគិតគូរពីអាយុជីវិតិ ជាជាងភាពភ័យខ្លាច គឺបានសរបញ្ជាក់ច្បាស់ ពីចក្ខុវិស័យដ៏វែងឆ្ងាយ និងប្រកបដោយភាពប្រាកដនិយមរបស់សម្តេចតេជោ ហ៊ុន សែន ៕


Telegram