ខេត្តបន្ទាយមានជ័យ៖ អ្នកមិនពាក់ម៉ាស់មិនអនុញ្ញាតអោយចូលផ្សារ និងអាជីវករលក់ទំនិញក្នុងផ្សារមិនពាក់ម៉ាស់ត្រូវបិទតូប១ថ្ងៃ បើលក់ទំនិញឡើងថ្លៃត្រូវណែនាំធ្វើកិច្ចសន្យា អភិបាលក្រុងសិរីសោភ័ណ បានលើកឡើងកិច្ចប្រជុំដាក់វិធានការ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នៅសាលប្រជុំសាលា ក្រុងសិរីសោភ័ណ។
លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានមានប្រសាសន៍ដាក់វិធានការថា៖ ផ្សារដែលនៅក្នុងភូមិសាស្ត្រ ក្រុងសិរីសោភ័ណ មាន ផ្សារសិរីសោភ័ណ ផ្សារចំការគ ហៅផ្សារថ្មី ផ្សាររាត្រី ផ្សារអូរអំបិល ផ្សារទឹកថ្លា ។ ក្រោយប្រជុំដាក់វិធានការ ហើយត្រូវតែអនុវត្តន៍អោយបាន ដែលក្រុមការងារមានកម្លាំងចម្រុះដែលដាក់ផ្លូវចូលផ្សារដែលមានម៉ាស់ និងអាកុលរឺជេល ត្រូវពិនិត្យមើលបងប្អូនអាជីវករ និងប្រជាពលរដ្ឋចូលផ្សាររកទំនិញបើមិនបានពាក់ម៉ាស់ទេ គឺមិនអនុញ្ញាតអោយគាត់ចូលផ្សារទិញទំនិញឡើយ ហើយអាជីវការណាដែលអង្គុយលក់មិនពាក់ម៉ាស់តម្រូវអោយបិទតូប១ថ្ងៃនេះជាវិធានការដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃវីរូសកូវីដ១៩។
លោកបានបញ្ជាក់ថា៖ រយៈពេលកន្លងរដ្ឋបាលក្រុងសិរីសោភ័ណ និងមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់បានចុះណែនាំនិងអប់រំដល់ប្រជាពលរដ្ឋដែលចេញ.ចូលផ្សារ និងអាជីវករលក់ដូរក្នុងផ្សារត្រូវពាក់ម៉ាស់អោយបានគ្រប់គ្នា និងត្រូវប្រើប្រាស់អាកុល ឬជេលសម្រាប់លាងដៃ នៅពេលដែលទទួលលុយពីអ្នកទិញនិងលក់នេះជាការចួលរួមតាមការណែនាំពីរាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវអនុវត្តអោយបានតាមការណែនាំពីក្រសួងសុខាភិបាលបង្ការទប់ស្កាត់កូវីដ១៩មិនអោយរីករាលដាលក្នុងសហគមន៍។
លោក ហ៊ឹល រ៉ាយ៉ា បានដាក់វិធានការដល់មន្ត្រីជំនាញ ត្រូវសហការគ្នាល្អជាមួយម្ចាស់ផ្សារត្រូវដាក់កន្លែងពិនិត្យនៅផ្លូវចេញ.ចូលផ្សារ ក្នុងភូមិសាស្ត្រ ក្រុងសិរីសោភ័ណ ហើយត្រូវតែអនុវត្តអោយបានបើអ្នកទៅផ្សារមិនពាក់ម៉ាស់ គឺមិនអនុញ្ញាតអោយចូលផ្សារឡើយ ហើយអាជីវករ បើអង្គុយលក់ដូរមិនពាក់ម៉ាស់ត្រូវបិទតូប១ថ្ងៃ ហើយមន្ត្រីជំនាញត្រូវចុះសាកសួរទំនិញក្នុងផ្សារបើលក់តំលៃខុសពីធម្មតាជាឈ្លាតឱកាសត្រូវធ្វើកិច្ចសន្យានិងណែនាំអោយលក់តម្លៃលក់ធម្មតាវិញ៕ ដោយ៖ចិន្ត្រា