សមិទ្ធផលដែលសង្គមកម្ពុជាមាននៅពេលបច្ចុប្បន្ននេះ គឺជាអ្វីដែលចាប់បដិសន្ធិឡើងយ៉ាងរស់រវើកក្រោយកម្ពុជាទទួលបានសន្តិភាពពេញបរិបូរណ៍ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ហើយនៅក្នុងនាមជាពលរដ្ឋកម្ពុជា យើងត្រូវតែដឹង និងចងចាំប្រវត្តិសាស្រ្តនេះ ដើម្បីជាមូលដ្ឋានស្នូល នៃការអភិវឌ្ឍស្មារតី និងមនសិការស្នេហាជាតិ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នៅមុនព្រឹត្តិការណ៍រម្លឹកខួបអនុស្សាវរីយ៍លើកទី២៥ឆ្នាំ នៃការបញ្ចប់សង្រ្គាមស៊ីវិល និងការអនុវត្តប្រកបដោយជោគជ័យនៃនយោបាយឈ្នះឈ្នះ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២៣) និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះឈ្នះ (២៩ ធ្នូ ២០១៨-២៩ ធ្នូ ២០២៣) ថា កម្ពុជាបានជួបការបែកបាក់ កាប់ចាក់គ្នាដល់ទៅ៥០០ឆ្នាំ ហើយទើបតែមានសន្តិភាពបាន ២៥ឆ្នាំនេះទេ ដូច្នេះសូមកុំអាលមើលរំលងប្រវត្តិសាស្រ្ត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ផលលាភនៃការអភិវឌ្ឍ និងការកសាងជាតិដ៏រស់រវើកនៅពេលបច្ចុប្បន្ននេះ គឺដោយសារតែសន្តិភាពកាលពី២៥ឆ្នាំមុន ដូច្នេះសូមឧស្សាហ៍ងាកក្រោយមើលប្រវត្តិសាស្រ្ត ដើម្បីជាមូលដ្ឋានគ្រឹះនៅក្នុងការបណ្តុះស្មារតី និងមនសិការនៅលើការលើកកម្ពស់ការថែរក្សា និងការការពារសន្តិភាពបន្តទៅមុខថែមទៀត។
ពាក់ព័ន្ធនឹងសន្តិភាពនេះ អ្នកខ្លះឱ្យតម្លៃទៅលើសហគមន៍អន្តរជាតិ ដែលមានអង្គការសហប្រជាជាតិជាតំណាង ថា ជាអ្នកកសាងសន្តិភាពនៅកម្ពុជា ដោយបាននាំមកនូវការបោះឆ្នោតនៅកម្ពុជាជាលើកដំបូងនៅក្នុងឆ្នាំ១៩៩៣ តាមយន្តការនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១ ប៉ុន្តែការបោះឆ្នោតដោយសហគមន៍អន្តរជាតិដំបូងនេះ គឺមិនទាន់អាចនាំសន្តិភាពពេញលេញ មកជូនពលរដ្ឋកម្ពុជានៅឡើយទេ ដោយសារតែខ្មែរក្រហមដែលជាភាគីហត្ថលេខីមួយ នៃកិច្ចព្រមព្រៀងសន្តិភាព បានដកខ្លួនចេញពីការបោះឆ្នោត ហើយបន្តរក្សាអង្គការចាត់តាំងនយោបាយ និងយោធាដដែល។
ផ្អែកតាមទឡ្ហីករណ៍នេះ តើពលរដ្ឋកម្ពុជាខ្លួនឯងឬសហគមន៍អន្តរជាតិ ដែលជាតួអង្គសំខាន់នៃសាច់រឿងសន្តិភាពនៅកម្ពុជា?
ការគាំទ្រ និងការចូលរួមដោយសហគមន៍អន្តរជាតិពិតជាកាតាលីករនៃដំណើរការសន្តិភាពនៅកម្ពុជាដោយមិនប្រកែកបាន ប៉ុន្តែសក្ខីភាពនៃប្រវត្តិសាស្រ្តជាច្រើនបានបង្ហាញថា សមាសភាពពិតប្រាកដដែលនាំឱ្យកកើតដំណើរការសន្តិភាពនៅកម្ពុជាគឺពលរដ្ឋកម្ពុជា ជាម្ចាស់។
សន្តិភាពនៅកម្ពុជា គឺចេញមកពីយន្តការនៃសា្មរតីឯកភាពជាតិ ក្រោមការត្រួសត្រាយដោយរដ្ឋបុរសពីររូប គឺសម្តេចតេជោ ហ៊ុន សែន និង សម្តេចព្រះ នរោត្តម សីហនុ ។ រដ្ឋបុរសទាំងពីររូប គឺជាបុគ្គលគន្លឹះ ហើយអាចចាត់ទុកថា ជាស្ថាបនិកនៃកិច្ចចរចាសន្តិភាព នៅចុងទស្សវត្សរ៍នៃឆ្នាំ១៩៨០ និងដើមទស្សវត្សរ៍នៃឆ្នាំ១៩៩០ រហូតដល់ទទួលបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឡើង។ សហគន៍អន្តរជាតិអាចនាំមកនូវដំណើរការបោះឆ្នោតដំបូងដល់ពលរដ្ឋកម្ពុជា ប៉ុន្តែសូមកុំភ្លេចថា ការបោះឆ្នោតដែលចំណាយដល់ទៅ ១ ៥០០ លានដុល្លារ ក្រោមការរៀបចំដោយអ៊ុនតាក់ (UNTAC) ដែលបាននាំនូវកងកម្លាំងរក្សាសន្តិភាពសរុបប្រមាណជា ១៥ ៩០០ នាក់ ប៉ូលីស ៣ ៦០០ នាក់ បុគ្គលិកស៊ីវិល ប្រមាណជា ២ ០០០ នាក់ និងអ្នកស្ម័គ្រចិត្ត ៤៥០ នាក់ គឺអាចបានត្រឹមរៀបចំការបោះឆ្នោតដោយមានការចូលរួមតែ៣ភាគីប៉ុណ្ណោះ ដោយសារតែភាគីខ្មែរក្រហម និងអង្គការចាត់តាំងនយោបាយ និងយោធា នៅតែបន្តការតស៊ូ រហូតដល់ត្រូវរលាយទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ក្រោយពេលដែលមេដឹកនាំខ្មែរក្រហមបាននាំគ្នាមកជួបសម្តេចតេជោ ហ៊ុន សែន នៅរាជធានីភ្នំពេញ បន្ទាប់ពីដាក់ចេញនូវនយោបាយឈ្នះឈ្នះ ជាយុទ្ធសាស្រ្តរៀបចំឡើងដោយគ្មានអ្នកចាញ់ គឺមានតែអ្នកឈ្នះទាំងអស់គ្នា។
នយោបាយឈ្នះឈ្នះ ដែលដាក់ចេញដោយ សម្តេចតេជោ ហ៊ុន សែន អាចរំលាយនូវអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហមប្រកបដោយជោគជ័យ អាស្រ័យដោយលក្ខខណ្ឌ៣ ដែលភាគីខ្មែរក្រហម ទទួលយក គឺ ទី១. ការធានាអាយុជីវិត និងរូបកាយ ទី២. ការធានាអាជីព និងមុខរបរ និងទី៣. ការធានាកម្មសិទ្ធិ ទាំងចលនទ្រព្យ និងអចលនទ្រព្យ។
សមិទ្ធផលនៃការអនុវត្តគោលនយោបាយនេះ បានបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាដោយសន្តិវិធី ពោលគឺគ្មានការបង្ហូរឈាម ហើយរាល់ភាគីទំនាស់ទាំងបួនបានធ្វើសមាហរណកម្មមកជាកម្លាំងការពារជាតិតែមួយ ដែលនាំដល់ការបើកផ្លូវឱ្យកម្ពុជាអាចស្ដារប្រទេសឡើងវិញពេញទំហឹង រហូតមកដល់សព្វថ្ងៃនេះ។
សរុបមកវិញ ប្រសិនបើគ្មានគោលនយោបាយឈ្នះឈ្នះ អង្គការចាត់តាំងយោធា និងនយោបាយរបស់ខ្មែរក្រហមនៅតែបន្តតស៊ូ ហើយសន្តិភាពនៅកម្ពុជាក៏មិនមាន ខណៈដែលសមិទ្ធផលដ៏ត្រចះត្រចង់នៅពេលនេះក៏ប្រហែលជាមានតែនៅក្នុងក្តីស្រមៃតែប៉ុណ្ណោះ ប៉ុន្តែជាភ័ព្វសំណាង ក្រោមមនសិការ និងស្មារតីសេ្នហាជាតិ និងប្រជាជន សម្តេចតេជោ ហ៊ុន សែន ដែលជាបិតានៃសន្តិភាពនៃកម្ពុជា អាចសម្រេចបានសមិទ្ធផលនេះជូនជាតិមាតុភូមិ និងប្រជាជន កាលពី២៥ ឆ្នាំមុន ដែលយើងទាំងអស់គ្នាគួរតែបន្តពូនជ្រុំ និងថែរក្សាសន្តិភាពបន្តទៅទៀត៕ ប្រភព៖ AKP