សម្តេចធិបតី៖ វិមានឈ្នះឈ្នះ សាងសង់ឡើងដើម្បីខ្មែរទាំងអស់គ្នា និងជានិមិត្តរូបនៃសន្តិភាព
ព័ត៌មានជាតិ
436

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់អំពីអត្ថន័យនៃការកសាងវិមាន ឈ្នះ ឈ្នះថា គឺជានិមិត្តរូបនៃខ្មែរទាំងអស់គ្នា និងឱ្យកូនខ្មែរចង់ចាំអំពីតម្លៃនៃសន្តិភាព ដើម្បីតបទៅនឹងសំនួរដែលមជ្ឈដ្ឋានមួយចំនួនឆ្ងល់ពីអត្ថន័យនៃការកសាងវិមានអនុស្សាវរីយ៍នេះ។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ “ខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ នយោបាយ ឈ្នះ ឈ្នះ និងខួប ៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ” នៅព្រឹកថ្ងៃសុក្រ ២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សង្គ្រាមគឺជាអ្វីដែលយើងមិនចង់បាន ហើយយើងត្រូវតែការពារសន្តិភាពឱ្យបានផលពីនយោបាយឈ្នះ ឈ្នះ គឺបានទាំងអស់។

សម្ដេចធិបតី បានថ្លែងបន្ថែមថា វិមានឈ្នះ ឈ្នះ បានរៀបរាប់ពីទិដ្ឋភាពជាក់ស្ដែងនៃការដឹកនាំរបស់ស្ថាបនិកនយោបាយ ឈ្នះ ឈ្នះ ដែលនាំឱ្យកម្ពុជាឈានទៅបញ្ចប់សង្គ្រាមទាំងស្រុងពេញផ្ទៃប្រទេស។ ការសម្រេចបានជោគជ័យនៃនយោបាយ ឈ្នះ ឈ្នះ គឺបានចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដោយស្មោះត្រង់ក្នុងការឈានទៅបញ្ចប់សង្គ្រាមនៅកម្ពុជា។ ការសង់វិមាននយោបាយ ឈ្នះ ឈ្នះ គឺដើម្បីបង្ហាញពីនិមិត្តរូបដែលប្រជាពលរដ្ឋខ្មែរទាំងអស់ចង់បានសន្តិភាពនិងការស្រឡាញ់សន្តិភាព។

សម្ដេចធិបតីថ្លែងបញ្ជាក់ថា «វិមាន ឈ្នះ ឈ្នះ នេះសង់ឡើងមិនមែនដើម្បីលើកតម្កើងនណាម្នាក់នោះទេ ប៉ុន្តែដើម្បីខ្មែរទាំងអស់គ្នា នយោបាយឈ្នះ ឈ្នះ គឺអត់មានឯកសារនិងកិច្ចព្រមព្រៀងចុះហត្ថលេខាទេ ប៉ុន្តែគឺមានការធានាសព្វបែបយ៉ាងពីសម្ដេចតេជោហ៊ុនសែន ដែលជាស្ថាបនិកនៃនយោបាយ ឈ្នះ ឈ្នះ»។  ប្រភព៖ ក្រសួងព័ត៍មាន


Telegram