សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានគូសរម្លឹកអំពីព្រឹត្តិការណ៍មួយចំនួន ដែលកើតឡើងក្នុងខែមករា សម្រាប់រូបសម្ដេច។
នៅលើបណ្ដាញតេឡេក្រាម នាយប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ សម្ដេចតេជោ បានសរសេរថា ក្នុងខែមករា តើមានអ្វីខ្លះសម្រាប់ការចងចាំរបស់ខ្ញុំ? មានរឿងមួយចំនួនដែលគួររំលេច គឺ ១. ត្រូវរបួសស្មាស្តាំក្នុងការប្រយុទ្ធលើសមរភូមិ (បន្ទាយដ១៥) ថ្ងៃ១មករា ១៩៧៥។ ២. ថ្ងៃរៀបការ ៥មករា ១៩៧៦។ ៣. ថ្ងៃរំដោះជាតិ និងប្រជាជនចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ៧មករា ១៩៧៩ ជាសមិទ្ធផលរួមរបស់ជាតិ។
៤. ត្រូវបានបោះឆ្នោតឱ្យចូលជាថ្នាក់ដឹកនាំមជ្ឈឹមបក្សដែលមានសមាជិក ៧រូប ក្នុងឱកាសមហាសន្និបាតលើកទី៣ របស់គណបក្ស នាព្រឹកថ្ងៃ៨មករា ១៩៧៩។ ៥. ត្រូវបានជ្រើសតាំងជារដ្ឋមន្ត្រីក្រសួងការបរទេស នាល្ងាចថ្ងៃ៨មករា ១៩៧៩។ ៦. ត្រូវបានបោះឆ្នោតឱ្យកាន់តំណែងជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី (នាយករដ្ឋមន្ត្រី) នាព្រឹកថ្ងៃ១៤មករា ១៩៨៥។
៧. ជំនួបចរចា សីហនុ-ហ៊ុនសែន លើកទី២ នៅប្រទេសបារាំងថ្ងៃ២០ និង២១មករា ១៩៨៨។ ៨. ការចាប់មានផ្ទៃពោះរបស់ភរិយាខ្ញុំនៃកំណើតរបស់ ហ៊ុន ម៉ាណែត មករា ១៩៧៧។ ៩. ទទួលបានចៅទីមួយ ថ្ងៃ២៨មករា ឆ្នាំ២០០០។ នៅមានរឿងរ៉ាវមួយចំនួនទៀតដែលខ្ញុំគិតថាមិនចាំបាច់រម្លឹក៕ ប្រភព៖ ក្រសួងព័ត៍មាន