៧ មករា ទោះបីក្នុងសម័យណាក៏ដោយ ក៏នៅតែជាព្រឹត្តិការណ៍ ដែលស្ថិតនៅក្នុងអង្គចងចាំរបស់ពលរដ្ឋកម្ពុជាគ្រប់ជំនាន់ ពីព្រោះនេះគឺជាសច្ចភាពប្រវត្តិសាស្រ្តដែលពលរដ្ឋកម្ពុជា បានរស់រានមានជីវិតពីរបបវាលពិឃាតប្រល័យពូជសាសន៍ខ្មែរក្រហម ឬ របបកម្ពុជាប្រជាធិបតេយ្យ (១៧ មេសា ១៩៧៥ - ០៦ មករា ១៩៧៩)។
បើគិតដល់ថ្ងៃអាទិត្យ ទី០៧ ខែមករា ឆ្នាំ២០២៤ ស្អែកនេះ គឺជាខួប៤៥ឆ្នាំ នៃការដួលរលំរបស់របបខ្មែរក្រហម ក្រោយពេលដែលបានសម្លាប់មនុស្សជាប្រជាពលរដ្ឋកម្ពុជាដូចគ្នា ប្រមាណជា១,៥ លាននាក់ដោយការធ្វើទារុណកម្ម ពលកម្មដ៏ធ្ងន់ធ្ងរ ការអត់ឃ្លាន និងជំងឺដែលគ្មានវេជ្ជសាស្រ្តត្រឹមត្រូវ ខណៈដែលខឿនសេដ្ឋកិច្ច ដែលជាមូលដ្ឋានទ្រទ្រង់ការអភិវឌ្ឍជាតិ ត្រូវបំផ្លាញដល់ឫសគល់ ដោយសារតែរបបដែលដឹកនាំដោយគ្មានទីផ្សារ គ្មានលុយ និងគ្មានសាសនា ដោយរួមទាំងគ្មានគុណធម៌ និងចរិយាធម៌ជាមនុស្សជាតិ។
មនុស្សជាតិនៅក្នុងសម័យនោះរស់នៅក្នុងជីវភាពគ្មានសេរីភាព និងមានមូលដ្ឋានជីវិត និងជីវភាពសឹងតែស្មើនឹងសត្វ។ តើយើងទាំងអស់គ្នាគួរបំភ្លេចព្រឹត្តិការណ៍នេះដូចជាមតិជនអគតិមួយចំនួនតូចបានដែរឬទេ?
ជាសេចក្តីពិត ព្រឹត្តិការណ៍នេះបានកន្លងហួសមក៤៥ឆ្នាំហើយ ប៉ុន្តែថ្នាក់ដឹកនាំកម្ពុជាដែលជាសាក្សីរស់ និងជាអ្នកបន្តវេន តែងតែរំលឹកដល់ព្រឹត្តិការណ៍នេះជាបន្តបន្ទាប់ ហើយក្រៅពីនោះ ក៏បន្តយកការរីកចម្រើន និងសមិទ្ធផលដែលកើតមាននៅក្នុងសម័យនេះធៀបនឹងអ្វីដែលពលរដ្ឋកម្ពុជាបានជួបប្រទះនៅក្នុងសម័យកាលនោះធ្វើជាមូលដ្ឋាន ប៉ុន្តែក្រុមជនអគតិមួយចំនួន បែរជាព្យាយាមកបំភ្លៃប្រវត្តិសាស្រ្ត ហើយរិះគន់ដោយទស្សនៈផ្សេងៗ ដែលមានចរឹតបំភ្លៃការពិត និងសច្ចភាពទៅវិញ។
ក្រុមជនអគតិទាំងនោះ បានព្យាយាមឱ្យពលរដ្ឋកម្ពុជានៅជំនាន់ក្រោយ បំភ្លេចនូវអ្វីដែលកើតឡើងដ៏ឈឺចាប់នៅសម័យខ្មែរក្រហម ខណៈដែលនៅលើពិភពលោក គ្មានប្រទេសណាមួយ ធ្វើរបៀបនេះឡើយ។មកដល់ពេលនេះ តើមានប្រទេសណាមួយគេលើកកម្ពស់ និងជំរុញឱ្យមនុស្សបំភ្លេចព្រឹត្តិការណ៍ប្រវត្តិសាស្រ្តអាក្រក់ៗដែលបានកើតមានឡើងនៅលើពិភពលោក និងប្រទេសរបស់គេ ដូចជាក្រុមជនអគតិទាំងនេះដែរឬទេ?
នៅលើពិភពលោក ការអប់រំ និងការរៀបចំព្រឹត្តិការណ៍រំលឹករឿងរ៉ាវប្រវត្តិសាស្រ្តជាបន្តបន្ទាប់នៅតែបន្ត ដើម្បីឱ្យអ្នកជំនាន់ក្រោយដឹងនូវរឿងរ៉ាវ និងព្រឹត្តិការណ៍អាក្រក់ៗនានា ក្នុងគោលបំណងឱ្យអ្នកជំនាន់ក្រោយ កុំជាន់ដានប្រវត្តិសាស្រ្ត កុំប្រពឹត្តិអំពើទាំងនោះឡើងវិញ ដូចជាព្រឹត្តិការណ៍នៃសង្រ្គាមលោកលើកទី២ ពីឆ្នាំ១៩៣៩ ដល់ឆ្នាំ១៩៤៥ ដោយជនជាតិជ្វីហ្វ ប្រមាណជា៦លាននាក់ ត្រូវបានគេសម្លាប់នៅទូទាំងពិភពលោក និងព្រឹត្តិការណ៍នៃការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី នៅប្រទេសជប៉ុន ជាដើម។ ទាក់ទងនឹងព្រឹត្តិការណ៍ទាំងនេះ ទោះបីជាវាកើតឡើង៧៩ឆ្នាំមកហើយក៏ដោយ ក៏ប្រទេសនានានៅអឺរ៉ុបនៅតែបន្តរៀបចំរំលឹកព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ ។ ដោយឡែកនៅជប៉ុនក៏ដូចគ្នា ប្រទេសនេះមិនដែលខកខាននៅក្នុងការរៀបចំព្រឹត្តិការណ៍ដើម្បីរំលឹកនូវគ្រោះមហន្តរាយនៃការវាយប្រហារដោយគ្រាប់បែកនុយក្លេអ៊ែរ នៅថ្ងៃទី០៦ និងថ្ងៃទី០៩ ខែសីហា ឆ្នាំ១៩៤៥ ម្តងណាឡើយ។ មិនតែប៉ុណ្ណោះ ជប៉ុនក៏បានរៀបចំកន្លែងដែលរងគ្រោះដោយការវាយប្រហារនោះ ជាឧទ្យាននៃការចងចាំសន្តិភាព ហើយចុះបញ្ជីជាសម្បត្តិមរតកវប្បធម៌ពិភពលោករបស់អង្គការយូណេស្កូទៀតផង។
ប្រវត្តិសាស្រ្តគឺជាសច្ចភាពដែលមិនអាចបំភ្លេចបានឡើយ ហើយនៅលើពិភពលោកនេះ គ្មានប្រទេសណាមួយដែលបានវិវត្តទៅមុខដោយមិនមានប្រវត្តិសាស្រ្តសម្រាប់ជាកញ្ចក់ឆ្លុះបញ្ចាំងអំពីបទពិសោធន៍ដែលបានកើតមានឡើងបានឡើយ។ គ្មានប្រវត្តិសាស្រ្ត គឺពិតជាមិនមានមូលដ្ឋាននៃការអភិវឌ្ឍនៅក្នុងពេលបច្ចុប្បន្ន និងរៀបចំមាគ៌ាដើម្បីដើរទៅមុខនៅពេលអនាគតបានឡើយ។
សរុបមកវិញ ទោះជាស្ថិតនៅក្នុងតម្លៃណាក៏ដោយ សច្ចភាពនៃប្រវត្តិសាស្រ្តកម្ពុជាមិនថាតែព្រឹត្តិការណ៍ ៧ មករា ១៩៧៩ និង ព្រឹត្តិការណ៍ ២៩ ធ្នូ ១៩៩៨ ជាដើម គឺសុទ្ធសឹងតែជាសច្ចភាពដែលត្រូវតែកត់ត្រា ចង់ចាំ និងរៀបចំកន្លែងនានា ដែលជានិមិត្តរូប ដើម្បីទុកជាមេរៀនសម្រាប់អ្នកជំនាន់ក្រោយ៕ ប្រភព៖ ក្រសួងព័ត៍មាន