រដ្ឋបាលខេត្តសៀមរាប បិទខ្ទប់ការចេញ ចូល ជាបណ្ដោះអាសន្ន ផ្សារកន្រ្តក ស្ថិតនៅភូមិកន្រ្តក សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ចាប់ពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១
ព័ត៌មានជាតិ
123

រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន១៥នាក់ ដែលត្រូវបានក្រុមគ្រូពេទ្យបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ក្នុងចំណោមអ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង១៥នាក់ នោះ មានអ្នកជំងឺម្នាក់ឈ្មោះ រិទ្ធ គន្ធី ភេទប្រុស អាយុ១៩ឆ្នាំ មានអាសយដ្ឋាននៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ធ្លាប់បានចេញ ចូលផ្សារកន្រ្តក ស្ថិតនៅភូមិកន្រ្តក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៅចន្លោះថ្ងៃទី២៥ ទៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។

ចំពោះករណីនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រេចបិទខ្ទប់ការចេញ ចូលជាបណ្ដោះ-អាសន្ន ក្នុងបរិវេណផ្សារកន្រ្តក ដែលស្ថិតនៅភូមិកន្រ្តក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ចាប់ពីកាលបរិច្ឆេទជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មីឡើងវិញ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ អំពីមុខសញ្ញាពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ ឬទីតាំងដែលបានបិទខ្ទប់ ចាប់ពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល។ប្រភព ៖ រដ្ឋបាលខេត្តសៀមរាប  


Telegram