ក្រុមការងារយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ នឹងប្រកាន់ខ្ជាប់នូវអភិក្រម២ របស់សម្ដេចធិបតីនិងសម្ដេចតេជោ
ព័ត៌មានជាតិ
266

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានឱ្យដឹងថា គណៈបញ្ជាការដឹកនាំយុទ្ធនាការយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិន ប្រក្រតីនៅតាមតុលាការ បានដាក់ចេញនឹងប្រកាន់ខ្ជាប់នូវអភិក្រម២ របស់សម្ដេចធិបតីនិងសម្ដេចតេជោដើម្បីពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌នៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងសន្និសីទសារព័ត៌មាន ការដាក់ចេញយុទ្ធនាការជំរុញ និងពន្លឿនដោះស្រាយរឿងក្តីនៅតាមតុលាការ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នាទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញ និងពន្លឿន ការដោះស្រាយរឿងក្តី នៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យភាពមិនប្រក្រតីនៅតាមតុលាការ បានមានប្រសាសន៍ថា ក្នុងការដឹកនាំយុទ្ធនាការ នេះ គណៈ បញ្ជាការដឹកនាំយុទ្ធនាការ នឹងប្រកាន់ខ្ជាប់នូវអភិក្រមចំនួន២ ដែលអភិក្រមទី១ ជាអភិក្រមដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងការងារកែទម្រង់ ហើយអភិក្រមទី២ គឺជាអភិក្រមដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងការពង្រឹងអភិបាលកិច្ច។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា អភិក្រម របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គ្មានការកែទម្រង់ណាមួយដែលងាយស្រួលនោះទេ ប៉ុន្តែការកែទម្រង់ដែលជោគជ័យត្រូវផ្អែកលើកត្តា៤ជាចម្បង ដោយទី១ ត្រូវមានចក្ខុវិស័យដែលផ្អែកលើផល ប្រយោជន៍របស់ជាតិ ទី២ ត្រូវមានការប្តេជ្ញាចិត្តខ្ពស់ ទី៣ ត្រូវមានការចូលរួមដោយស្មោះត្រង់ និងទី៤ ត្រូវមានការលះបង់ ហើយយើងកំពុងតែធ្វើយុទ្ធនាការ២នេះ គឺជាការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់ប្រព័ន្ធយុត្តិធម៌។

ឯកឧត្តម បានបន្តថា អភិក្រម របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវយកមកប្រើមុនគេបំផុត ដោយចក្ខុវិស័យមាន ការប្តេជ្ញាចិត្ត ត្រូវការចូលរួមដោយស្មោះត្រង់ពីគ្រប់ភាគីទាំងអស់ ហើយនៅពេលដែលអនុវត្តយុទ្ធនាការនឹងដឹងថា អ្នកណាចូលរួមដោយស្មោះត្រង់ ហើយស្មោះត្រង់និងមិនស្មោះត្រង់ និងឆ្លើយតបដោយចំណុចទី៤នៃអភិក្រមគឺការលះបង់នេះឯង។

ឯកឧត្តម បានបន្តទៀតថា បើអ្នកចូលរួមស្មោះត្រង់គាត់លះបង់សម្រាប់ផលប្រយោជន៍នៃវិស័យនេះ ដើម្បីផលប្រយោជន៍របស់ប្រជាជន ប៉ុន្តែបើចូលរួមមិនស្មោះត្រង់ នោះក្រសួងត្រូវតែលះបង់គាត់វិញ ដើម្បីផលប្រយោជន៍នៃការកែទម្រង់។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា ការចូលរួមស្មោះត្រង់ លះបង់ដោយខ្លួនឯងដោយស្ម័គ្រចិត្ត ដើម្បីផលប្រយោជន៍ហើយប្រសិនបើធ្វើទៅ មានបញ្ហាចូលរួមមិនស្មោះត្រង់បំផ្លាញដល់យុទ្ធនាការ គឺត្រូវប្រើអភិក្រមទី៤ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺការលះបង់របស់អង្គភាព និងសមូហភាពអ្នកលះបង់គាត់ទៅវិញ ។ឯកឧត្តម បានបន្ថែមទៀតថា ចំពោះអភិក្រមទី២គឺ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលមាន៥ចំណុច ទី១ ឆ្លុះកញ្ចក់ ទី២ ងូតទឹក ទី៣ ដុសក្អែល ទី៤ ព្យាបាល និងទី៥ វះកាត់ ដែលអភិក្រមរបស់សម្តេចទាំង២ ចុងក្រោយបំផុត បើមិនលះបង់គឺវះកាត់ ខណៈត្រឹមទី៤ក៏ត្រូវព្យាបាលផងដែរ។

« ក្នុងនាមជាគណៈ បញ្ជាការដឹកនាំយុទ្ធនាការ ពីរដ៏មានសារៈសំខាន់លើកិច្ចការកែទម្រង់វិស័យយុត្តិធម៌ យើងដាច់ខាតត្រូវប្រកាន់ខ្ចាប់នូវគោលការណ៍នៃអភិក្រមទាំងពីរនេះ ហើយអភិក្រមទាំងពីរនេះ អាចនឹងប្រើប្រាស់ទាំងលើការលះបង់ ទាំងលើការព្យាបាល និងទាំងលើការវះកាត់តែម្តង។អ៊ីចឹងហើយ បានគណៈបញ្ជាការត្រូវបានប្រគល់ភារកិច្ចមួយទៀត គឺឱ្យត្រួតពិនិត្យគណៈកម្មការទាំងអស់ដែលក្រោមយុទ្ធនាការ មិនមើលអនុវត្តន៍តែក្រោមនោះទេ អ្នកដឹកនាំយុទ្ធនាការហ្នឹង ក៏ត្រូវបានត្រួតពិនិត្យដែរ។ ត្រីងៀតឆ្លៀតពងមិនមែនមានតែក្រោមនោះទេ នៅលើក៏មានដែរ អ៊ីចឹងត្រូវមើលទាំងអស់ អភិក្រមនេះត្រូវប្រើទាំងអស់ ព្រោះជាអភិក្រមដែលពាក់ព័ន្ធនិងកិច្ចការកែទម្រង់ផងនិងជាអភិក្រមដែលពាក់ព័ន្ធដោយអភិបាលកិច្ច »។ 

សូមបញ្ជាក់ថា យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវបានជំរុញយ៉ាងខ្លាំង នៅក្នុងរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ អាជ្ញាធរដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវបានបង្កើតឡើង កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីធ្វើយ៉ាងណាជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ ដោះស្រាយវិវាទកាន់តែនៅកៀកប្រជាពលរដ្ឋ និងធានាដល់ភាពសុខដុមរមនា៕ ប្រភព៖ ក្រសួងព័ត៍មាន 


Telegram