រាជធានីភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានបិទបញ្ចប់ការធ្វើដំណើររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ក៏ដូចជាបិទបញ្ចប់ការធ្វើដំណើរឆ្លងខេត្តរួចហើយ តែដោយពិនិត្យឃើញថា នៅក្នុងខេត្តខ្លះបានដាក់បម្រាមរហូតដល់កម្រិត ប្រជាពលរដ្ឋកម្ពុជាខ្លួនឯងដែលចូលទៅកាន់ខេត្តខ្លួនចាំបាច់ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ នេះមិនខុសពីការបង្កើតរដ្ឋ ក្នុងរដ្ឋ នោះទេ បើធ្វើយ៉ាងដូចច្នេះ វាស្មើនឹងការបិទរដ្ឋឡើងវិញ បិទប្រទេសឡើងវិញ ។
សម្តេចតេជោ បានបញ្ជាក់ទៀតថា យើងត្រូវបន្តធ្វើចត្តាឡីស័កចំពោះអ្នក ដែលសង្ស័យថា មានហានិភ័យអាចនឹងមានកូវីដ-១៩ ដើម្បីយកសំណាក ហើយឲ្យធ្វើចត្តាឡីស័ក ប៉ុន្តែមិនមែនធ្វើគ្រប់មនុស្សទាំងអស់ដែលឆ្លងកាត់ខេត្តរបស់ខ្លួននោះទេ បើធ្វើយ៉ាងដូច្នេះប្រជាជនហាក់ដូចជានៅក្នុងទ្រុងដដែល ។
សម្តេចតេជោហ៊ុន សែន សូមឲ្យ អភិបាលខេត្តណាដែលចេញសេចក្តីសម្រេចរួចហើយត្រូវកែប្រែ នូវសេចក្តីសម្រេចនោះវិញជាបន្ទាន់ ដើម្បីសម្រួលឲ្យមានការចរាចរណ៍សម្រាប់ប្រជាពលរដ្ឋ ហើយខ្ញុំនិយាយនេះមិនមែន សំដៅមិនឲ្យទប់ស្កាត់ចំពោះអ្នកដែលមានករណីសង្ស័យ ដែលយើងតម្រូវឱ្យយកសំណាក នឹងនាំទៅដល់ការធ្វើចត្តាឡីស័ក ដែលចៀសវាងមិនបាននោះទេ ក៏ប៉ុន្តែ ការធ្វើនេះគឺសំដៅដើម្បីឲ្យកែសម្រួលសេចក្ដីសម្រេចដើម្បីបើកឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរបាន ៕ ដោយ៖លីណា