អភិបាលរាជធានី ចុះទៅសម្របសម្រួលការឡើងថ្លៃបន្ទប់ជួល បានបញ្ចប់និងបានផ្តល់ស្បៀងអាហារបន្ថែមជូនកម្មកររោងចក្រ ដែលកំពុងស្នាក់នៅតំបន់ក្រហម
ព័ត៌មានជាតិ
94

ភ្នំពេញ៖ ក្រោយទទួលបានព័ត៌មាន ពីបងប្អូនកម្មករកម្មការិនី ដែលរស់នៅក្នុងផ្ទះជួលតាមបណ្តោយវេង ស្រេង ស្ថិតនៅក្នុងភូមិ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដែលមានការខ្វះខាត ស្បៀងអាហារនិងមានបញ្ហាពាក់ព័ន្ធនឹងតម្លៃផ្ទះជួលផងដែរនោះ នៅល្ងាចថ្ងៃទី ០៧ខែឧសភានេះ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនបានដឹកនាំអាជ្ញាធរខណ្ឌនិងសង្កាត់ ចុះទៅធ្វើការសម្របសម្រួលជាមួយបងប្អូនកម្មករទាំងនេះបានបញ្ចប់ភ្លាមតែម្តង ។

តាមប្រភពព័ត៌មានដែលបានបង្ហាញតាមរយៈបណ្ដាញសង្គម ជុំវិញបងប្អូនកម្មករកម្មការិនីដែលរស់នៅទីនោះ បានបញ្ជាក់ថា កម្មករកម្មការិនី បានជួលបន្ទប់ជួល នៅទីតាំងខាងលើចំនួន៤៧០ បន្ទប់ហើយក្រោយ ពីមានព្រឹត្តិការណ៍សហគមន៍កូវីដ-១៩ នេះ ម្ចាស់ផ្ទះជួលបានបញ្ចុះតម្លៃជួល២០ដុល្លារ ក្នុងមួយបន្ទប់ ជូនបងប្អូនកម្មករ ដើម្បីរំលែកការលំបាករបស់ពួកគាត់ ខណៈដែលរោងចក្រត្រូវបានបិទទ្វាដែរនោះ ។ តែក្នុងរយៈពេលចុងក្រោយនេះ ពោលគឺក្រោយពីរាជរដ្ឋាភិបាលបានបើកឲ្យមានការធ្វើចរាចរណ៍ឡើងវិញ ម្ចាស់ផ្ទះជួលបានឡើងថ្លៃដូចដើមវិញ ដែលធ្វើឱ្យបងប្អូនកម្មករ កម្មការិនីការ រស់នៅតំបន់ក្រហមនិងមិនទាន់មានការងារធ្វើវិញផងនោះ កើតទុក្ខមិនសុខចិត្តចំពោះការឡើងថ្លៃនេះ ។ ប៉ុន្តែការតវ៉ានោះ ក្រោយពីមានការសម្របសម្រួលពីអាជ្ញាធររាជធានីភ្នំពេញ ម្ចាស់ផ្ទះជួលបានយល់ព្រមជាមួយអាជ្ញាធរ ដោយបញ្ចុះតម្លៃ២០ដុល្លារនេះដូចដើមវិញ ។ ជាមួយគ្នានោះដែរ លោកឃួង ស្រេង អភិបាលរាជធានីក៏បានជួយឧបត្ថម្ភ បងប្អូនកម្មករកម្មការិនីទាំង៤៧០បន្ទប់ផងដែរ ដោយក្នុងមួយបន្ទប់ ទទួលបានអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នូវអង្ករមួយបាវទម្ងន់២៥គីឡូក្រាម មីមួយកេស ត្រីខ១០កំប៉ុងនិងទឹកត្រី១យួរ ហើយអំណោយទាំងនេះ នឹងយកទៅចែកជូនទៅដល់មុខបន្ទប់ជួលរបស់បងប្អូនកម្មករតែម្ដង ។ បន្លែមពីលើនេះទៀត ចំពោះតម្លៃភ្លើងអគ្គីសនី អភិបាលរាជធានីភ្នំពេញ បានសម្របសម្រួលឱ្យបងប្អូនកម្មករ ជំពាក់ជាបំណុលសិន ចាំពេល ក្រោយយើងនឹងមានការដោះស្រាយបំណុលនេះវិញ៕


Telegram