រាជធានីភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងបង្រួមតំបន់ក្រហម ដែលជាតំបន់មានហានិភ័យខ្ពស់នៃការរីករាលដាលជំងឺកូវីដ-១៩ មកនៅទំហំតូចជាងមុន ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ បានធ្វើដំណើរងាយស្រួលជាងមុន ខណៈដែរការឆ្លងរាលដាលជំងឺកូវីដ-១៩ បានថយចុះ ពីចំនួនជាង៥០០នាក់ មកនៅត្រឹមជាង ២០០នាក់ក្នុងមួយថ្ងៃ ហើយការបង្រួមនេះ អាចបង្រួមមកត្រឹមបិទខ្ទប់លំនៅដ្ឋាន ដោយមិនបិទ ភូមិ សង្កាត់ទាំងមូលនោះទេ ។
នេះបើតាមការបញ្ជាក់ឲ្យដឹងពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈដែលឯកឧត្តម អញ្ជើញ ចុះទៅពិនិត្យស្ថានភាពជាក់ស្ដែងនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហមតាមដងផ្លូវលេខ៣៣៦ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ ឧសភា ២០២១នេះ ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ៖ ស្ថានភាពអ្នកឆ្លង covid-19 នៅភ្នំពេញកើនឡើងពីជាង៤០០ទៅ៥០០នាក់ក្នុងមួយថ្ងៃ តែសម្រាប់ទូរលេខថ្ងៃនេះ អ្នកឆ្លង covid-19បានធ្លាក់ចុះមកនៅត្រឹមតែជាង២០០នាក់ប៉ុណ្ណោះ ដែលនេះ ជាសញ្ញាមួយបង្ហាញពីការថយចុះច្រើនអ្នកជម្ងឺកូវីដ-១៩ ។
ដូច្នេះជាវិធានការ របស់រដ្ឋបាលរាជធានីភ្នំពេញ នឹងពិភាក្សាដើម្បីរៀបចំតំបន់ក្រហមទាំងនេះ ឲ្យមកនៅរួមតូចជាងមុនឬអាចឈានទៅដល់ការបិទខ្ទប់ត្រឹមតែលំនៅដ្ឋានដែលមានបញ្ហាប្រឈមតែប៉ុណ្ណោះ ដើម្បីបង្កលក្ខណៈឲ្យបងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ បំពេញការងារនិងរកស៊ីបាន៕ប្រភពTVK