ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀង ដឹកនាំដោយលោក ផឹង និល ប្រធានសាខា ក.ប.ប.ខេត្ត បានសហការជាមួយមន្ទីពាណិជ្ជកម្មខេត្ត និង អាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញផលិតផលម្ហូបអាហារ និងតាមដានតំលៃទំនិញ (ជាពិសេសអំពីតម្លៃ ម៉ាស់ អាលកុលនិងជែល) នៅតាមបណ្ដាស្តង់ដាក់តាំងលក់ក្នុងផ្សារវាលយន្តខេត្តស្វាយរៀង។
លោក ផឹង និល ប្រធានសាខា ក ប ប ខេត្តស្វាយរៀងបានឲ្យដឹងថា៖ ការចុះត្រួតពិនិត្យមុខទំនិញគ្រឿងឧបភោគបរិភោគ នៅផ្សារវាលយន្តនានេះ គឺដើម្បីស្វែងរកសារធាតុគីមីក្រែងមានអាជីវករដាក់ក្នុងមុខទំនិញគ្រឿងឧបភោគបរិភោគ នៅតាមស្តង់ដែលអាជីវករលក់ដូរ និងនៅតាមផ្ទះជុំវិញផ្សារក្នុងខេត្តស្វាយរៀង។
លោកបានបន្តថា៖ សកម្មភាពការងារចុះពិនិត្យនេះមន្ត្រីជំនាញយើងបានពិនិត្យគ្រឿងឧបភោគបរិភោគ ដោយប្រើប្រាស់នូវឧបករណធ្វើ Test Kits បឋម លើម្ហូបអារហា ចំនួន២៣គំរូ ដើម្បីស្វែងរកសារធាតុគីមីដែលច្បាប់ហាមឃាត់ ធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។
លោក ផឹង និល បានបញ្ជាក់ថា: ក្រោយពីធ្វើតេស្តបឋមទៅលើគ្រឿងឧបភោគបរិភោគទាំង២៣គំរូនោះ យើងបានរកឃើញសារធាតុគីមី (១គំរូ) គឺពពុះសណ្ដែកមានសារធាតុគីមីបូរ៉ាក់ ហើយមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះ យកមករក្សាទុកដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។ លោកក៏បានធ្វើការផ្សព្វផ្សាយណែនាំដល់បងប្អូនអាជីវករទាំងអស់ មុននឹងទិញ ត្រូវពិនិត្យកាលបរិច្ឆេទឲ្យបានច្បាស់លាស់ដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាព៕ ដោយ: Pheakdey