តុលាការសម្រេចឃុំខ្លួនកញ្ញា មាន ពេជ្រ រីតា ពិធីការិនីទូរទស្សន៍ My TV តែកញ្ញាបានដាក់ពាក្យប្តឹងឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ ដោយមានស្ថានទំងន់
ព័ត៌មានជាតិ
368

រាជធានីភ្នំពេញ៖ លោកកូយ សៅចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យ ឃុំខ្លួន កញ្ញា មាន ពេជ្រ ហៅ យូប៊ី នេះបើយោងតាមដីការសម្រេចឲ្យឃុំខ្លួនបណ្តោះអាសន្នលេខ២២៧៨ ម.ដពសចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ ។

កញ្ញា មាន ពេជ្ររីតា ហៅ យូប៊ី ត្រូវបានចោទប្រកាន់ពីបទ លួចមានស្ថានទម្ងន់ទោស(យកកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះចំនួន២កាំបិត រួចយកទូរស័ព្ទដៃ១គ្រឿងម៉ាក Iphone 12 pro mak បណ្តាលឲ្យរងរបួសលើក្បាលពោះខាងស្តាំធ្ងន់ធ្ងរ) ។

ក្រោយពីមានការផ្ទុះកក្រើកព័ត៌មាននេះនៅលើបណ្តាញសង្គម យើងក៏បានឃើញកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានសម្រេចដាក់ពាក្យប្តឹង ឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ នៅក្នុងរថយន្ត។

ករណីនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅក្បែរផ្សារគីឡូលេខ៤ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពីឧកញ៉ា ហេង សៀ បានហៅទូរស័ព្ទឱ្យនាងទៅជួបដើម្បីផ្តល់អំណោយជូននាង ។

នៅល្ងាចថ្ងៃនេះ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ដឹកនាំដោយលោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ នឹងដាក់ពាក្យស្នើសុំទៅកាន់តុលាការ ដើម្បីអនុញ្ញាតឲ្យកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV ដែលត្រូវបានតុលាការឃុំខ្លួនបណ្តោះអាសន្ន បានស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្នសិន ក្រោយពីស្នើសុំឲ្យតុលាការយកកញ្ញា ពេជ្ររីតា ពីពន្ធនាគារមកសាកសួរម្តងទៀត នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ។

ជុំវីញករណីខាងលើនេះអង្គភាព TVFB នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានព្យាយាមទំនាក់ទំនងទៅលោក គុជ គឹមឡុង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ តែខលចូលគ្មានអ្នកលើក ។ចំណែកភាគីទាំងសងខាងក៏មិនអាចធ្វើការទំនាក់ទំនងបាន ដោយទូរស័ព្ទខលមិនចូល ៕ដោយ៖លីណា


Telegram