ខេត្តបាត់ដំបង៖ នៅថ្ងៃទី២២-២៣ ខែតុលា ឆ្នាំ២០២៤ មន្ត្រីស៊ើបអង្កេតនៃសាខា ក.ប.ប. ខេត្តបាត់ដំបង បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យគុណភាព សុវត្ថិភាព និងអនុលោមភាពនៃទំនិញឧបភោគ បរិភោគនៅតាមផ្ទះលក់ដូរ ដេប៉ូចែកចាយ និងទីផ្សារនានា នៅសង្កាត់អូរចារ ក្រុងបាត់ដំបង និងស្រុកថ្មគោល ខេត្តបាត់ដំបង។
ក្នុងបេសកកម្មនេះ មន្រ្តីជំនាញបានរកឃើញទំនិញមានលាយសារធាតុគីមី ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញរំលោភសិទ្ធិផ្តាច់មុខមួយចំនួន៖
- ទំនិញលាយសារធាតុគីមីហាមឃាត់ រួមមានពពុះសណ្តែក ចំនួន ១០គីឡូក្រាម
- ទំនិញហួលកាលបរិច្ឆេទប្រើប្រាស់ រួមមាន នំធុង ស្ពៃជ្រក់ ទឹកដោះគោ ។ល។ សរុបចំនួន ២៣៨.៣៩គីឡូក្រាម
- ទំនិញរំលោភសិទ្ធផ្តាច់មុខ រួមមានភេសជ្ជៈ ចំនួន ៧៨០កំប៉ុង ប្រេងកូឡា និងថ្នាំដុសធ្មេញ សរុបចំនួន ៨៩ប្រអប់។
ចំពោះទំនិញមានសារធាតុគីមីហាមឃាត់និងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់មន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូតមករក្សាទុកតាមនីតិវិធី។ ដោយឡែក សម្រាប់ទំនិញរំលោភសិទ្ធិផ្តាច់មុខ បានតម្រូវឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការលក់និងទិញយកមកលក់បន្តទៅទៀត៕