រាជធានីភ្នំពេញ៖ អគ្គីភ័យបាន ឆាប ឆេះ រោងចក្រ ជិន យូ ហ្វេង ភែកឃីង ខាថិន ឯ.ក ផលិតក្រដាសកាតុងយ៉ាងសន្ធោសន្ធៅរួចរាលដាលឆេះដល់រោចក្រកាត់ដេរ កាលវេលាម៉ោង១២ និង១០នាទីអាធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅផ្លូវបេតុង ភូមិស្រែជំរៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានបញ្ចាក់ឲ្យដឹងថាហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គីសនី ទើបបង្កជាអគ្គិភ័យឆាបឆេះតែម្តង ។ អគ្គិភ័យនេះធ្វើឱ្យរោងចក្រក្រដាសកាតុង ទំហំ (៤០ម៉ែត្រ × ៨៦ម៉ែត្រ) ខូចខាតសម្ភារអស់ទាំងស្រុដោយសារតែរោងចក្រខាងលើជារោងចក្រផលិតក្រដាសកាតុង ទើបធ្វើឲ្យអគ្គីភ័យឆាបឆេះឡើង និងមានទំហំធំបានធ្វើឲ្យឆេះរាលដាលដល់រោងចក្រកាត់ដេរទំហំ (៤០ម៉ែត្រ x ៨៦ម៉ែត្រ) ខូចខាតអស់ប្រហែល ៤០ភាគរយ និងសម្ភារខូចខាតប្រមាណអស់៧០ភាគរយថែមទៀតផង ។
ជុំវិញករណីអគ្គីភ័យនេះសមត្ថកិច្ចបានប្រើពេល១១ម៉ោង ទើបនៅម៉ោង១១ព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ២១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៨០ឡាន ស្មើរនឹង ៧២០ម៉ែត្រគូប, រថយន្តកងពលតូចង៧០ ចំនួន ០៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២៤ឡាន ស្មើរនឹង ៩៦ម៉ែត្រគូប, រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ១២ម៉ែត្រគូប៕ដោយ៖លីណា